ចិនលេបកោះមួយនៃប្រទេស Solomons ក្រោមប្រាក់កម្ចីពាន់លានដុល្លាររបស់ខ្លួន

នៅទីបំផុត ចិនបានបន្តពង្រីកមាឌ របស់ខ្លួន កាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការវាតទី និងការប្រើប្រាក់កម្ចីរបស់ខ្លួនរាប់ពាន់លានដុល្លារទៅអោយប្រទេសណាដែលស្រេកឃ្លាន ប្រាក់កម្ចីរបស់ចិន។ ជាក់ស្ដែងប្រទេសដែនកោះមួយនៃសមុទ្រអាស៊ីប៉ាស៊ីហ្វិច គឺប្រទេសSolomons ត្រូវបានរាយការណ៍មកថាបានរបូតទៅ មហាយក្សចិនតាមរយៈការជួលរាប់រយឆ្នាំបាត់ទៅហើយ។

សាព័ត៌មានបរទេសជាច្រើនបានរាយការណ៍ថា ក្រុមហ៊ុនមួយនៃប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីជួលកោះមួយក្នុងចំណោមកោះជាច្រើន របស់ប្រទេស Solomons ។

តាមប្រភពដដែលនេះ កិច្ចព្រមព្រៀងនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុងប៉េកាំងបានជ្រើសរើសប្រទេសកោះប៉ាស៊ីហ្វិកមួយនេះធ្វើជាសម្ព័ន្ធមិត្តចុងក្រោយបង្អស់របស់ខ្លួននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិច។

កិច្ចព្រមព្រៀងដដែលនេះ កើតឡើងនៅមួយថ្ងៃមុនថ្ងៃទី២១កញ្ញា  នៅពេលសាធារណរដ្ឋប្រជាមានិត ចិននិងកោះ Solomons បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ បន្ទាប់ពីក្រុងប៉េកាំងបានបញ្ចុះបញ្ចូលប្រទេសប៉ាស៊ីហ្វិក ក្រីក្រនេះឱ្យផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តនឹងគ្នារាប់សិបឆ្នាំមកហើយ។  

ដីកោះដែលជាខេត្តមួយនៅភាគកណ្តាលនៃប្រទេស Solomons បានធ្វើអោយមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ” នៅលើកោះ Tulagi,  ដែលមានកំពង់ផែទឹកជ្រៅ ជាមួយក្រុមហ៊ុន China Sam Group នៃប្រទេសចិន តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មកម្លេះ ដែលដែនដីកោះនេះ បានយល់ព្រមផ្ដាច់មេត្រីភាព នៃទំនាក់ទំនងការទូតជាមួយ កោះតៃវ់ាន់ ដែលចិន កំពុងសំឡឹងមើលមិនដាក់ភ្នែកថានឹងលេបត្របាក់នៅពេលណាមួយនោះ តាមរយៈការ លើកទ័ពរាប់ម៉ឺននាក់ចូលទៅកាន់កាប់កោះតៃវ៉ាន់មកដាក់ចំណុះរបស់ចិនវិញ ។

កោះ Tulagi,  ដែលមានទំហំប្រហែល ២ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ ១២០០ នាក់ ប៉ុណ្ណោះ។ តែកោះនេះ គឺជាអតីតទីតាំងមូលដ្ឋានទ័ពជើងទឹកនៃអាណាចក្រ ជប៉ុននិងជាកន្លែងប្រយុទ្ធគ្នាយ៉ាសាហាវក្នុងសង្គ្រាមលោកលើកទី២។កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនមួយនេះ គឺសំដៅទៅដល់ការអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងកាតនៅលើកោះនេះ។

ប៉ុន្តែមានការសង្ស័យថា កោះ Tulagi នេះ នឹងក្លាយជា មូលដ្ឋានកងទ័ពជើងទឹករបស់ចិន ព្រោះ ជាដែនដីមួយមាន សក្តានុពល សម្រាប់ការប្រើប្រាស់ជាមូលដ្ឋានកងទ័ពរបស់ចិនប្រចាំតំបន់នេះ ដែលងាយស្រួលវាយលុកទៅលើប្រទេស ជប៉ុន បើមានសង្រ្គាមចិន-ជប៉ុនផ្ទុះឡើង ។

យ៉ាងណា វាបានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងដល់សហរដ្ឋអមេរិកនិងអូស្ត្រាលី ។  កាលពីចុងសប្ដាហ៍នេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបាន ព្រមព្រៀងគ្នា លើការពង្រីកមូលដ្ឋានទ័ពអាមេរិក នៅក្នងប្រទេសអូស្ត្រាលី ដែលមានចំងាយ ៣ពាន់គីឡូម៉ែត្រ នៃរដ្ឋធានីកង់បេរ៉ា។ សហរដ្ឋអាមេរិកប្រកាសបន្ថែមការវិនិយោគលើវិស័យយោធារបស់ខ្លួនក្នុងប្រទេសអូស្ត្រាលី មានទឹកប្រាក់ចំនួន៨ពាន់លានដុល្លារអាមេរិកដោយមាននាវាមុជទឹកអាមេរិក មកបោះទីតាំង ចំនួន២០០គ្រឿងផងនៅថ្ងៃខាងមុខ។

ប៉ុន្តែភ្លាមៗ បន្ទាប់ពីអាមេរិក ប្រកាសដាក់ពង្រាយ កងទ័ពជិតដែនដីរបស់ខ្លួន ស្រាប់តែនាយករដ្ឋមន្ត្រីនៃប្រទេស Solomons លោក Manasseh Sogavare បានប្រកាសថា រដ្ឋាភិបាលរបស់លោក នៅមិនទាន់ទទួលស្គាល់កិច្ចព្រមព្រៀង រវាងដែនដីខេត្តនៃ កោះ Tulagi ជាមួយក្រុមមួយនៃប្រទទេសចិននោះទេ ដោយ ចាត់ទុកថា កិច្ចព្រៀងនេះ នៅមិនទាន់ជាផ្លួវការនៅឡើយ។

តែទីភ្នាក់ងារសារព័ត៌មាន របស់ចិន ស៊ីនហួរ បានចុះផ្សាយថា លោក Manasseh Sogavare  ត្រូវបាន អញ្ជើញអោយ មកធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីថ្ងៃទី៨តុលា ហើយ ភ្លាមនោះ លោក Sogavare   បានជួបជាមួយនាយករដ្ឋមន្ត្រី Li Keqiang ។ ក្នុងនោះ មេដឹកនាំទាំងពីរ ក៏ឈាន ដល់កិច្ចព្រមព្រៀងជាច្រើនរួមមាន ការខ្ចីបុលពីចិនរាប់រយលានដុល្លារបន្ថែមទៀតជាដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.