រដ្ឋាភិបាលណែនាំឱ្យអាជ្ញាធរទាំងអស់ ក្តោបក្តាប់សកម្មភាពក្រុមបក្សប្រឆាំងឱ្យបានម៉ឹងម៉ាត់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់ចេញនូវបទបញ្ជាជាច្រើន ទៅកាន់អាជ្ញាធរខេត្ត រាជធានី និងកម្លាំងសន្តិសុខទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យឯករាជ្យជាតិ បុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខណៈសភាពការណ៍មិនអាចប៉ាន់ស្មានបាន ពិសេសផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ពេលខាងមុខតែម្តង។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្ញើជូនគណៈអភិបាលរាជធានី ខេត្តទាំងអស់ កាលពីថ្ងៃម្សិលមិញ លោក ស ខេង បានណែនាំដល់គណៈបញ្ជាការឯកភាព រាជធានី ខេត្ត ស្រុក ខណ្ឌ ពិសេសងកងកម្លាំងទាំងអស់ ត្រូវតាមដានក្តាប់ឱ្យបានណែននូវសភាពការណ៍ ឬ សកម្មភាពរបស់ក្រុមបក្សប្រឆាំង ដោយលោកថាជាចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកបានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងទាំងនោះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ និងត្រូវអប់រំប្រជាជនឱ្យជៀសវាងការចូលរួមក្នុងសកម្មភាពណាមួយជាមួយក្រុមលោក សម រង្ស៊ី ដែលលោកហៅថាជាគម្រោងផែនការផ្តួលរំលំរដ្ឋាភិបាលនោះ។

លិខិតដដែល បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានី ខេត្តទាំងអស់ ដឹកនាំ និងណែនាំ ដល់អាជ្ញាធរថ្នាក់ក្រុង ស្រុក ខណ្ឌទាំងអស់ ឱ្យពង្រឹងកិច្ចសហការគ្រប់ការចេញ ចូលរបស់ប្រជាជនស្របតាមលិខិតបទដ្ឋានគតិយុត្តិបានកំណត់ និងគ្រប់គ្រងមុខសញ្ញានានាតាមគោលការណ៍ជំនាញរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ លោក ស ខេង ក៏បានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទឱ្យបានហ្មត់ចត់បំផុតជាដើម។

យ៉ាងនេះក្តី លោក សម រង្ស៊ី បានអះអាងថាថ្ងៃទី ៩ វិច្ឆិកា គឺជាជម្រើសចុងក្រោយរបស់លោក ក្នុងការវិលត្រឡប់ចូលមកកម្ពុជា ហើយផែនការនេះក៏គ្មានអ្វីប្រែប្រួលដែរ។ លោកក៏បានប្រកាសបូជាជីវិតដើម្បីមាតុភូមិមួយនេះ សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទោះបីជាផែនការវិលចូលស្រុករបស់លោកត្រូវជាប់ឧបសគ្គបែបណាក៏ដោយ។

កាលពីថ្ងៃទី ១៦ តុលា សមាជិកសភាប្រទេសស្វីស បានផ្ញើលិខិតជូនលោកហ៊ុន សែន ដោយជំរុញឱ្យកម្ពុជាគោរពតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ដោយស្នើឱ្យកម្ពុជាងាកមកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះលែងប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា។

ការផ្តល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ជាង១រយនាក់ឡើងវិញ ព្រមទាំងធានាសុវត្ថិភាពដល់មាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន៧ រូប ដោយរួមមានទាំងលោក សម រង្ស៊ី ជាដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.