អាមេរិកនៅបន្តទាមទារអោយចិនដកថយវិញការកាន់កាប់សមុទ្រចិនខាងត្បូង តែចិន ចង់ផ្សះផ្សាជាមួយអាស៊ាន

នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន បូក អាមេរិក ដែលបានប្រព្រឹត្តទៅក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៤វិច្ឆិកា តំណាងប្រធានាធិបតីអាមេរិក បានបន្តវាយប្រហារ លើប្រទេសចិន ដែលថា នៅជាអ្នកបង្កភាពតានតឹង ដោយសារតែប្រទេសនេះ បានទន្ទ្រាន់កាន់កាប់ តំបន់សមុទ្រចិនខាងត្បូង ជាផ្ដូវទឹកអន្តរជាតិមកធ្វើជាដែនទឹករបស់ខ្លួន។

លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងប្រឆាំងប្រទេសចិន ដែលបានស្ថាបនាមូលដ្ឋានយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

លោកថា ក្រុងប៉េកាំងបានបំភិតបំភ័យដើម្បីព្យាយាមបញ្ឈប់ប្រទេស ក្នុងសមាគមអាស៊ានកុំឲ្យទាញយកប្រយោជន៍ពីធនធាននៅក្នុងសមុទ្ររបស់ប្រទេសទាំងនោះ  ដោយគំរាមកំហែង តាមរយៈការធ្វើសកម្មភាពកងទ័ព ដោយមិនឲ្យរុករកនិងធ្វើការខួងរក អណ្តូងប្រេង និងឧស្ម័នដែលមានតម្លៃ២ពាន់៥រយលានដុល្លារ។ លោកថានេះជាការ ប្រឆាំងនឹង ច្បាប់អន្តរជាតិ ។

ក្នុងសេចក្ដីថ្លែង វាយបកនឹងតំណាងលោកត្រាំ លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិនបានអះអាងថា ចិនកំពុងទទួលរងនូវការជ្រៀតជ្រែកពីមហាអំណាចក្រៅតំបន់នៅក្នុងការចរចាដើម្បីដោះស្រាយជម្លោះទឹកដីសម្រាប់តំបន់អាស៊ី។

ស្របពេលដែលវេទិកានេះ មានភាពតានតឹង រវាងមហាអំណាចធំៗពីរនេះ សម្រាប់តែនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានចាប់ដៃរលាក់ជាមួយលោក Robert O’Brien មុនការសន្ទនាគ្នា។ បើតាមសារព័ត៌មានថៃ The nation បានចុះផ្សាយថា លោក O’Brien និងនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើការចរចាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ កំពូលអាស៊ាន។

លោក O’Brien ក៏បានអានសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអញ្ជើញមេដឹកនាំសមាគមអាស៊ានទៅចូលរួមប្រជុំជាមួយលោកត្រាំ ដែលជំនួបកំពូលពិសេសនេះ ប្រព្រឹត្តទៅនៅលើទឹកដីសហរដ្ឋអាមេរិកនៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២០ ជាឆ្នាំដែលសហរដ្ឋអាមេរិក រៀបចំព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតី អាណត្តិថ្មីទៀត។

នាយករដ្ឋមន្ត្រីLi Keqiang  សង្ឃឹមថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងអាចនឹងកើតចេញរូបរាងឡើង ដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ជម្លោះ ដែលតម្រូវឲ្យគ្រប់ភាគីទាំងអស់ ត្រូវលើកឲ្យខ្ពស់ក្រមនេះ។ លោកបន្តថា ក្រមនេះនឹងជួយចង្អុលអំពី ការរកដំណោះស្រាយនៃជម្លោះសមុទ្រចិនខាងត្បូងបាន។

បើតាម លោក Li ចិនបានចូលរួមពិនិត្យម្ដងហើយទៅលើក្រមមួយនេះ។ លោកបន្តថាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះ នឹងបង្កើតឡើងនៅឆ្នាំ២០២១។
លោក Li អះអាងថា ចិននឹងដើរលើផ្លូវមួយ ប្រកបដោយសន្តិភាព និងស្របទៅតាមយុទ្ធសាស្ត្របើកចំហរបស់ប្រទេសក្នុងតំបន់  ដោយទទួលបាននូវគោលការណ៍រួមមួយគឺ ឈ្នះ-ឈ្នះទាំងអស់គ្នាចំពោះ បញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

មុន ឡើងយន្តហោះ មកកាន់ក្រុងបាងកក ប្រធានាធិបតីហ្វីលីពីន លោក រូឌ្រីហ្គោ ឌឺទើតេ បានប្រាប់អ្នកសារព័ត៌មានថា លោកចង់អោយមេដឹកនាំចិន បង្ហាញការយល់ព្រមទទួលយកក្រមសមុទ្រនេះ ទើប អាចកាត់បន្ថយបាននូវភាពតានតឹងនៃសមុទ្រចិនខាងត្បូង។

ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ុនហ្វុក វិញបានព្រមានថា បើក្រមនេះ មិនអាចចេញរួចក្នុងពេលឆាប់ៗនេះទេ គឺស្ថានភាពនៃតំបន់ជម្លោះកាន់តែ ធ្ងន់ធ្ងរ។

កាលពីសប្ដាហ៍មុន វៀតណាម បានថ្កោលទោស ចិនជាខ្លាំងដោយសារតែចិនបាន នាំនាវាល្បាត និងនាវាខួងប្រេង មកចូលលុកលុយដែនកោះរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិក ទោះជានៅក្រៅ ទ្វីបក៏ដោយ តែប្រទេសមហាអំណាចមួយនេះ មានការឈឹឆ្អាលកាលដែលចិន វាតទីកាន់កាប់ ដែនទឹកសមុទ្រនៃប្រទេសក្នុងតំបន់អាស៊ាន។

ក្រុមអ្នកឃ្លាំមើលនិយាយថា អាមេរិកចង់បង្កជម្លោះជាមួយចិន ដោយយកបញ្ហាពាណិជ្ជកម្មជាឧបករណ៍នៃជម្លោះ។

លោក Wei Jianguo  អនុប្រធាន នៃមជ្ឈមណ្ឌលដោះដូរទស្សនៈ សេដ្ឋកិច្ចអន្តរជាតិ ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានថៃ The Nation  បានបង្ហាញនូវសុទិដ្ឋិនិយមថា ប្រទេស សេដ្ឋកិច្ចធំទាំងពីរនេះ អាចនឹងដោះសា្រយបាននូវភាពតានតឹង ទាំងបញ្ហាពាណិជ្ជកម្មនិងបញ្ហាសមុទ្រចិនខាងត្បូង។

លោកថា ចិន ទោះជាប្រទេសធំក្ដី តែប្រទេសនេះ មិនមានមហិច្ឆតាក្នុងការប្រឈមមុខនឹងសហរដ្ឋអាមេរិកនោះទេ ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.