រដ្ឋាភិបាលប្រទេស Cyprus បានសម្រេចដកសញ្ជាតិពីបរទេសចំនួនជិត៣០នាក់ រួមទាំងកម្ពុជា ៨ នាក់ផង

រដ្ឋាភិបាលប្រទេស Cyprus អះអាងថា ខ្លួនបានចាប់ផ្តើមលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិ Cypriot សម្រាប់ជនបរទេសចំនួន២៦នាក់ ដែលពួកគេទទួលបានសញ្ជាតិ Cypriot ក្រោមកម្មវិធីវិនិយោគរាប់លានដុល្លារនៅក្នុងប្រទេសមួយនេះ។

ភ្នាក់ងារសារព័ត៌មានThe Guardian ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ ដោយស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេស Cyprus លោក កង់ស្តង់ទីណូ ប៉ឺទ្រីតស៍ (Constantinos Petrides) ថា គណៈរដ្ឋមន្ត្រីនៃប្រទេសនេះកំពុងដាក់ចេញនូវដំណើរការដកហូតសញ្ជាតិពីជនបរទេសសរុប ២៦នាក់។

ជនបរទេសទាំង២៦នាក់ ដែលនឹងត្រូវបាត់បង់សញ្ជាតិ Cypriot នោះ មានដូចជា ជនជាតិចិន៥នាក់, រុស្ស៊ី៩នាក់, កម្ពុជា៨នាក់, ម៉ាឡេស៊ី១នាក់, អ៊ីរ៉ង់១នាក់ និងកេនយ៉ា២នាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលប្រទេសនេះមិនបានបញ្ជាក់ឈ្មោះពួកគេទាំងនោះទេ ពិសេសជនជាតិកម្ពុជាទាំង៨ នាក់នោះឡើយ។

ការសម្រេចចាត់វិធានការលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិ Cypriot នេះ ធ្វើឡើង ក្រោយពេលមានសេចក្ដីរាយការណ៍នានាដោយបង្ហាញរឿងរ៉ាវអាស្រូវរបស់ថា រដ្ឋាភិបាលប្រទេសនេះ ថាបានលក់សញ្ជាតិ និងលិខិតឆ្លងដែនឱ្យជនបរទេសសរុបជិត ២ពាន់នាក់ ឬស្មើនឹងជិត២ពាន់សញ្ជាតិ (១.៨៦៤) ក្នុងនោះក៏មានសាច់ញាតិ និងមន្ត្រីជាន់ខ្ពស់របស់ លោក ហ៊ុន សែន ផងដែរ ក្នុងតម្លៃនៃការបោះទុនវិនិយោគនៅប្រទេសតំបន់អឺរ៉ុបមួយនេះជិត ៣លានដុល្លារអាមេរិកសម្រាប់បុគ្គលម្នាក់ៗ។

កាលពីថ្ងៃទី១៦ ខែតុលា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuter) បានចុះផ្សាយថា សាច់ញាតិ និងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចមួយចំនួនដែលស្និទ្ធនឹងលោក ហ៊ុន សែន បានចំណាយលុយរាប់លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញសញ្ជាតិរបស់ប្រទេស Cyprus ទាំងនោះរួមមាន ក្មួយស្រីបង្កើត លោក ហ៊ុន សែន ដែលជាកូនបង្កើតរបស់លោកហ៊ុន ណេង បងបង្កើតរបស់លោកហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងស្វាមីរបស់អ្នកស្រី គឺលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងកូនស្រីពីរនាក់ទៀត។ ពួកគេទាំងបួនរូប បានស្នើសុំ សញ្ជាតិពីប្រទេស Cyprus កាលពីឆ្នាំ២០១៦ ហើយអ្នកស្រី ហ៊ុន គឹមឡេង ក៏ទទួលបានសញ្ជាតិប្រទេសនេះរួចហើយដែរកាលពីឆ្នាំ២០១៦។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឲ្យដឹងទៀតថាអ្នកជំនួញដ៏ល្បីល្បាញ ពាក់ព័ន្ធនឹងការរំលោភដីធ្លីរបស់ពលរដ្ឋ និងរំលោភដីឆ្នេរសមុទ្រផងនោះគឺ អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាមនុស្សស្និទ្ធនឹងអ្នកស្រី ប៊ុន រ៉ានីហ៊ុនសែន  ព្រមទាំងស្វាមីរបស់យាយ ភូ គឺ លោក ឡៅ ម៉េងឃីន ដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា រួមនឹងសមាជិកគ្រួសារ៥នាក់ទៀត បានស្នើសុំសញ្ជាតិពីប្រទេស Cyprus ក្នុងឆ្នាំ២០១៦ និង២០១៧ ប៉ុន្តែមានតែយាយ ភូ ម្នាក់ប៉ុណ្ណោះដែល ទទួលបានសញ្ជាតិពីប្រទេស Cyprus  កាលពីឆ្នាំ២០១៧ បន្ទាប់ពីវិនិយោគលុយជាង២លានដុល្លារសហរដ្ឋអាមេរិកលើសណ្ឋាគារ Radisson Blu នៅទីនោះ។

ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងភរិយារបស់ខ្លួន អ្នកស្រី អ៊ឹម ប៉ូលីកា ក៏បានស្នើសុំសញ្ជាតិ Cypriot ក្នុងឆ្នាំ២០១៧ ហើយរដ្ឋាភិបាល Cyprus ក៏បានផ្តល់សញ្ជាតិឱ្យអ្នកស្រី ប៉ូលីកា រួចហើយក្នុងឆ្នាំដដែលនោះ៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.