លោក ហ៊ុន សែន ប្រកាសថាកម្ពុជានឹងជួបវិបត្តិខ្វះអគ្គិសនីប្រើប្រាស់ជាថ្មីទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីនេះរហូតដល់ខែឧសភា កម្ពុជានឹងជួបវិបត្តិខ្វះភ្លើងអគ្គិសនីប្រើប្រាស់ជាថ្មីទៀត។

ថ្លែងក្នុងពិធីប្រកាសប្រើប្រាស់ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅព្រឹកនេះ លោក ហ៊ុន សែន បានស្នើសុំដល់ពលរដ្ឋមានការយោគយល់ព្រោះថា ចាប់ពីពេលនេះរហូតដល់ខែឧសភា ឆ្នាំក្រោយ កម្ពុជាប្រឈមនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់ដូចកាលពីខែប្រាំងឆ្នាំនេះ ។

លោកបញ្ជាក់ថាមូលហេតុកម្ពុជាត្រូវជួបវិបត្តិខ្វះភ្លើងអគ្គិសនី ព្រោះ ស្ថានភាពទឹកមិនមានគ្រប់គ្រាន់ ដើម្បីផលិតថាមពលវារីអគ្គិសនីនោះឡើយ។ ក្រៅពីសុំការយោគយល់ពីពលរដ្ឋ លោក ហ៊ុន សែន ក៏ស្នើឱ្យម្ចាស់សណ្ឋាគារមានការយោគយល់ ដោយរដ្ឋនឹងត្រូវកាត់ផ្តាច់              បណ្តាញភ្លើងដែលពួកគាត់ភ្ជាប់ ហើយពួកគេត្រូវប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនសិន ទម្រាំរដ្ឋមានថាមពលអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ឡើងវិញ។

លោកនាយករដ្ឋមន្ត្រី អះអាងថា កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ភ្លើងបាន ១ពាន់ ៣២៨ មេហ្គាវ៉ាត តែបច្ចុប្បន្ននេះ កម្ពុជាអាចផលិតភ្លើងបានចន្លោះពី ១៨០មេហ្គាវ៉ាត់ ដល់ ៦៨៧មេហ្គាវ៉ាត់ប៉ុណ្ណោះ ដោយសារទឹកតិចពេក។

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេសដេវីតសិន ធ្លាប់លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងមិនអាចដោះស្រាយបញ្ហាខ្វះភ្លើង និងខ្វះអគ្គិសនីប្រើប្រាស់សម្រាប់ពលរដ្ឋកម្ពុជាបានឡើយ ដរាបណារដ្ឋាភិបាលមួយនេះ មិនព្រមទទួលយកមតិរិះគន់ ឬយោបល់ពីភាគីពាក់ព័ន្ធ ពិសេសខាងអង្គការសង្គម ស៊ីវិល អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងផងនោះ។

នៅរដូវប្រាំងឆ្នាំនេះ ពលរដ្ឋកម្ពុជា ទាំងនៅជនបទ និងនៅទីក្រុងប្រឈមនឹងខ្វះភ្លើងអគ្គិសនីប្រើប្រាស់ ហើយតំបន់ខ្លះទៀតប្រឈមកង្វះទឹកប្រើប្រាស់ជាខ្លាំងទៀតផង។ បញ្ហាប្រឈមទាំងនេះ ត្រូវបាន សាធារណៈជនរិះគន់ថា ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់លោក ហ៊ុន សែន ជាង៣០ ឆ្នាំមកនេះ នៅមិនទាន់មានដំណោះស្រាយបញ្ហាទឹក ភ្លើងឱ្យបានត្រឹមត្រូវនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលវិញតែងអួតក្តែងៗ អំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងសមិទ្ធិផលរបស់ពួកគេ ដោយប្រដូចសម័យនេះម្តងហើយម្តងទៀត ទៅនឹងសម័យខ្មែរក្រហម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.