សហរដ្ឋអាមេរិក ជំរុញឱ្យមានការផ្តល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា

សហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ ការជំរុញនេះ ធ្វើឡើងក្រោយពេលលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតិឱ្យមានសេរីភាពច្រើនជាងមុនប៉ុន្តែហាមធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេស ។

ក្រោយជំនួបរវាងលោក កឹម សុខា និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជានៅរសៀលនេះដែលធ្វើឡើងក្នុងគេហដ្ឋានរបស់លោក កឹម សុខា ភាគីទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា ដោយលោក Patrick Murphy បានលើកឡើងថាសហរដ្ឋអាមេរិក ចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ និងស្នើឱ្យទម្លាក់រាល់បទចោទប្រកាន់លើប្រធានបក្សប្រឆាំងរូបនេះ។

លើសពីនេះទៀតឯកអគ្គរដ្ឋទូតអាមេរិក ក៏ស្នើឱ្យលើកលែងការចោទប្រកាន់នានា លើសមាជិកគណបក្សនយោបាយទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលជាប់ចោទកន្លងមកផងដែរ។

លោកបញ្ជាក់ថា ការទម្លាក់ចោលលើសំណុំរឿងលោក កឹម សុខា និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត គឺដើម្បីធានាសិទ្ធិបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងជួយបង្កើនទំនាក់ទំនាងកម្ពុជា-អាមេរិកឱ្យកាន់តែប្រសើរទៀតផង។

ចំណែកលោក កឹម សុខា មិនបានថ្លែងអ្វីច្រើនទេ ដោយលោកសុំការអធ្យាស្រ័យចំពោះអ្នកសារព័ត៌មាន និងពលរដ្ឋ ព្រោះថាលោកចង់និយាយណាស់ ប៉ុន្តែដោយសារតែបម្រាមរបស់តុលាការទើបលោកមិនអាចនិយាយអ្វីបាននៅពេលនេះ។

ក្រៅពីជួបមន្ត្រីទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីព្រឹកម៉ិញនេះ លោក កឹម សុខា ក៏បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អ្នកស្រី Eva Nguyen Binh ប៉ុន្តែភាគីទាំងពីរមិនបានថ្លែងអ្វីប្រាប់អ្នកសារព័ត៌មាននោះទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់សាព័ត៌មាន The Cambodia Daily ថា ការទាមទាររបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy គ្រាន់តែការយល់ឃើញប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់តុលាការនោះឡើយ។

លោកបន្តថា នៅពេលណាដែលតុលាការបញ្ចប់ការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយហើយ ពេលនោះតុលាការនឹងបើកការសវនាជំនុំជម្រះតែម្តង។

កាលពីថ្ងៃម្សិលមិញ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា បានលើកឡើងថា សេចក្តីសម្រេចរបស់ចៅក្រមកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខ័ណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។

លោកអះអាងថា ក្នុងនាមលោកជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុសជាង២ឆ្នាំមកនេះ លោកនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោកទាំងស្រុង។ ប្រធានគណបក្សប្រឆាំងរូបនេះ សង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃម្សិលមិញ ជាជំហ៊ានទី១ ប៉ុន្តែរូបលោកក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយ និងយុត្តិធម៌យ៉ាងពិតប្រាកដ។

ជំនួបរបស់មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៃប្រទេសមហាអំណាចទាំងពីរនេះ គឺជាការជួប លើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ក្រោយពេលលោក ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ឃុំខ្លួន និងចោទប្រកាន់អំពីបទក្បត់ជាតិកាលពីខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃម្សិលមិញ ស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងភ្នំពេញបាន មើលឃើញថា ការលើកលែងការរឹតត្បឹតមួយចំនួនតាមប្រព័ន្ធយុត្តិធម៌ ចំពោះមេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា គឺជាជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយ ប៉ុន្តែអាមេរិកទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុងនូវសេរីភាព និងសិទ្ធិនយោបាយរបស់លោក កឹម សុខា ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ជាងនេះទៅទៀតរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា។

ស្ថានទូតសហរដ្ឋអាមេរិក ចាត់ទុកថាអភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលបានប្រយោជន៍បន្ថែមទៀត ក្នុងការស្តារឡើងវិញនូវលំហនយោបាយ និងសិទ្ធិរបស់ពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសដោយជំរុញឲ្យមានការសន្ទនានយោបាយរួមគ្នានិងពិតប្រាកដមួយ។ អាមេរិកក៏បានជំរុញឲ្យមានផ្សះផ្សា ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យសេរី ពហុបក្សដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអញ្ចឹងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.