លោក សម រង្ស៊ី បន្តប្រើសារផ្តួលរំលំលោកហ៊ុន សែន បើមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងមានវត្តមាននៅក្រៅប្រទេស អះអាងថា លោកនឹងតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន មិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុបទេនោះ។

លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកថា បរិបទនយោបាយនៅប្រទេសកម្ពុជា កំពុងតែមានការវិវឌ្ឍន៍យ៉ាងលឿន ដោយសារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរ ពីខាងក្នុងប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅប្រទេសផង។ លោកថា ជាពិសេស សហភាពអឺរ៉ុប ទើបតែបានដាក់ឱសានវាទ ឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ។

លោកអះអាងថាពលរដ្ឋត្រូវតែបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា កម្ពុជាមិនព្រមទទួលទណ្ឌកម្ម ដោយសារលោក ហ៊ុន សែន និង ជំនួសលោក ហ៊ុន សែន ទេ ប៉ុន្តែកម្ពុជាចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ ប្រមាណ ៨សែននាក់។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះយល់ឃើញថា សម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ពីព្រោះលោក ហ៊ុន សែន មិនហ៊ាន និងមិនអាចច្រានចោលការទាមទារដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុបនោះទេ។ ក្នុងនោះ មានការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខានិងសកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់ ដែលត្រូវបានគេចាប់ខ្លួន ឬគំរាមកំហែង ក្នុងពេលថ្មីៗនេះ។

លោក សមរង្ស៊ី អះអាងថារដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ពីព្រោះការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ១៦ ខែវិច្ឆិកា ២០១៧ ជាទង្វើខុសច្បាប់ ហើយគ្មានមូលដ្ឋានអ្វីទាល់តែសោះ ក្នុងការចោទប្រកាន់ថា លោក កឹម សុខា ថាជាជនក្បត់ជាតិនោះ។

លោក ប្រាប់ទៅពលរដ្ឋខ្មែរឱ្យរក្សាភាពអត់ធ្មត់បន្តិចទៀតដើម្បីជោគជ័យ ត្បិតលោកកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះដោយអហិង្សា និងសន្តិវិធី  បើទោះបីជាផែនការវិលចូលប្រទេសកម្ពុជារបស់លោក និងថ្នាក់ដឹកនាំបក្សប្រឆាំងកាលពីថ្ងៃទី ៩ ខែវិច្ឆិកា មិនបានសម្រេចតាមការគ្រោងទុកក្តី។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ ថៃ ប៊ុងរ៉ុង នៅខេត្តកំពត កាលពីម្សិលមិញ លោក ហ៊ុន សែន អះអាងថា លោកគ្មានថ្ងៃ ចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យមនុស្សដដែលនោះឡើយ។ សារនេះ ទោះមិននិយាយចំឈ្មោះ តែលោកហ៊ុន សែន សំដៅទៅអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី តែម្តង។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា សហភាពអ៊ឺរ៉ុបបានបញ្ជូនរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពនៅកម្ពុជាពាក់ព័ន្ធការបន្តនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ទៅកាន់រដ្ឋាភិបាលលោកហ៊ុន សែន ដើម្បីពិនិត្យ និងឆ្លើយតបក្នុងរយៈពេលមួយខែក្រោយទទួលបានរបាយការណ៍ ហើយសហភាពអឺរ៉ុប  នឹងសម្រេចជាផ្លូវការក្នុងការដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅដើមឆ្នាំក្រោយ។

យ៉ាងនេះក្តីសហភាពអឺរ៉ុប នៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតបរិយាកាសផ្សះផ្សាជាតិ បង្រួបបង្រួមជាតិពិតប្រាកដមួយតាមរយៈកិច្ចសន្ទនារវាងបក្សកាន់អំណាច និងបក្សសង្រ្គោះជាតិ ដើម្បីជាប្រយោជន៍របស់ជាតិ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.