លោក រ៉ាត់ រត្ន មុនី ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើខ្លួន

ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងចំពោះរូបលោក និងផ្តល់សេរីភាពឱ្យលោកឡើងវិញ។

ការស្នើនេះ ធ្វើឡើងនៅមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ ក្នុងអង្គសវនាការកាលពីព្រឹកម៉ិញនេះ។

ថ្លែងក្នុងអង្គសវនាការនៅសាលាឧទ្ធរណ៍នាព្រឹកនេះ លោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឱ្យទូរទស្សន៍RT បានបដិសេធថា ខ្លួនពុំមែនជាអ្នកដឹកនាំការផលិតវីដេអូឯកសាររឿង ម្តាយខ្ញុំលក់ខ្ញុំ នោះឡើយ ដោយលោកគ្រាន់ជាអ្នកស៊ីឈ្នួលបកប្រែភាសាឱ្យទូរទស្សន៍របស់រុស្ស៊ី ក្នុងមួយថ្ងៃទទួលកម្រៃ១២០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ លើសពីនេះ លោកក៏មិនបានរៀបចំឈុតឆាក ឬបង្គាប់ឱ្យប្រភពនិយាយតាមការចង់បានរបស់ខ្លួននោះឡើយ។ 

យ៉ាងនេះក្តី ក្នុងសវនាការនោះប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសថា មានភស្តុតាងដាក់បន្ទុកមួយចំនួន ដូចជាក្នុងវីដេអូឯកសារដែលមានដាក់ឈ្មោះលោកជាអ្នកផលិត។

លើសពីនេះ ដើមបណ្តឹងសុទ្ធអះអាងថា លោកជាអ្នកលួងលោមដឹកនាំឱ្យពួកគេសម្ដែងដើម្បីថត ខុសពីរឿងពិត។ នៅមុនបញ្ចប់សវនាការ មន្ត្រីតុលាការសាលាឧទ្ធរណ៍បញ្ជាក់ថា សំណុំរឿងរបស់លោក រត្នមុនី នឹងប្រកាសសាលដីកា នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ។

លោក រ៉ាត់ រត្នមុនី ត្រូវបានប៉ូលីសថៃចាប់ឃាត់ខ្លួន នៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនលោកមកប្រគល់ឱ្យសមត្ថកិច្ចខ្មែរតែម្តង។ កាលពីថ្ងទី២៦ ខែមិថុនា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស ឱ្យលោកជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង ពាក់ព័ន្ធក្នុងសំណុំរឿងផលិតវីដេអូឯកសារ រឿងម្តាយខ្ញុំលក់ខ្ញុំ របស់ទូរទស្សន៍រុស្ស៊ី

គិតត្រឹមពេលនេះប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជារូបនេះ  បានជាប់ឃុំអស់រយៈពេលជិត ១ឆ្នាំមកហើយ ខណៈភរិយា និងកូនប្រុសរបស់លោកក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេស កាលពីពេលថ្មីៗនេះទៀតផង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.