ប្រមុខរដ្ឋាភិបាល ហៅការយាងចូលទីរង្គត់របស់សម្តេចព្រះរាមបុប្ផាទេវី ជាការបាត់បង់តួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ខ្មែរ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាទ់ទុកការយាងចូលទីវង្គត់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ។

ក្នុងលិខិត របស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានថ្វាយលិខិតរំលែកទុក្ខទៅកាន់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅថ្ងៃនេះ ដោយសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខប្រកបដ៏ជ្រាលជ្រៅ ចំពោះការយាងសោយទីវង្គត់ របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី កាលវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សានៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុក យាងចូលទុក្ខរបស់សម្តេចព្រះរាមពេលនេះ ថាជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ដែលជាដួងព្រលឹងរឹងមាំខ្លាំងក្លា។

លិខិតដដែលបញ្ជាក់ថា តាំងពីសម័យសង្គមរាស្ត្រនិយមដ៏ឧត្តុង្គឧត្តម ដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វតល្វន់ ទ្រង់ពេញព្រះហឫទ័យនឹងនាដកម្ម ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក។ 

សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាឧត្តមប្រឹក្សារបស់ព្រះមហាក្សត្រ និងជាសមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ បានជូនដំណឹងថា ព្រះសពរបស់សម្តេចរាជបុត្រីព្រះរៀម នឹងត្រូវតម្កល់ធ្វើបុណ្យនៅក្នុងវត្តបទុមវត្តី។

 
ទំព័រហ្វេសប៊ុកឈ្មោះ Royal Du Cambodge បានចុះផ្សាយថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយព្រះអង្គមានព្រះបុត្រាបុត្រីចំនួន                  ៥អង្គ។ 

ព្រះអង្គ បានចូលហាត់របាំចាប់តាំងពីព្រះជន្ម ៥ព្រះវស្សាទ្រង់ជា ព្រះរាជនត្តា ឬជីដូនជាទីគាប់ព្រះរាជហឫទ័យ នៃសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រះមាតាសិល្បៈខ្មែរ។ លើសពីនេះ ព្រះអង្គតែងតែទទួលបានការទំនុកបម្រុង និងមើលថែរក្សាអំពីការហាត់របាំពីសំណាក់សាស្រ្តាចារ្យចំណាន នៃរជ្ជកាលក្សត្រជំនាន់មុនៗ។ ព្រះអង្គ បានក្លាយជានាដការីដ៏ប៉ិនប្រសព្វក្នុងព្រះជន្ម ១៥ព្រះវស្សា និងបានទទួលងារជា «នាដការីឯក» ក្នុងព្រះជន្ម ១៨ព្រះវស្សា។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ ដោយព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។

ស្នាព្រះហស្តដ៏សំខាន់ របស់ ទ្រង់ គឺការនាំឲ្យ មានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីយនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ បន្ថែមពីនេះ សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។

ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.