ក្រុមយុវជនគ្រោងធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅព្រះវិហារដើម្បីផ្សព្វផ្សាយកិច្ចការពារព្រៃព្រះរការ

ក្រុមយុវជនស្រលាញ់បរិស្ថាន គ្រោងធ្វើយុទ្ធនាការជិះកង់ចម្ងាយជាង៣រយគីឡូម៉ែត្រ ដោយចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។ គម្រោងនេះ ពួកគេអះអាងថា ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីតំបន់ព្រៃអភិរក្សឬ ដែនជម្រកសត្វព្រៃ ព្រះរការស្ថិតនៅក្នុងខេត្តព្រះវិហារ។ បន្ថែមពីនេះ ដើម្បីស្នើរដ្ឋាភិបាលបង្កើតឱ្យមានយន្តការជាក់លាក់ធានារនូវប្រសិទ្ធភាពខ្ពស់​ក្នុងការការពារព្រៃឈើ សត្វព្រៃក្នុងតំបន់ដែនអភិរក្សមួយនេះ។

ក្រុមយុវជនស្រលាញ់បរិស្ថានមួយរូប លោក សាន ម៉ាឡា បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា យុទ្ធនាការនេះមានឈ្មោះថា រួមគ្នាជិះកង់ដើម្បីព្រៃព្រះរការ។

លោកបន្តថា យុទ្ធនាការនេះ ក្រុមយុវជនបានមូលគ្នា ប្រមាណជា១០នាក់ដើម្បីជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារ ក្នុងចំងាយ ៣១៦គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាព និង កក្ដានុពលនៃដែនជម្រកសត្វព្រៃព្រះរការ តាមរយៈការចែកខិតប័ណ្ណផ្សព្វផ្សាយដល់សាធារណជនដែលក្រុមជិះកង់​នឹងជិះឆ្លងកាត់ ។

លោកបញ្ជាក់ថា ការជិះកង់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយចាប់ចេញដំណើរពីមុខមន្ទីរពេទ្យកុមារជាតិ នាវេលាម៉ោង ៧:០០​ព្រឹក ។

ព្រៃសហគមន៍​ព្រះរកា ​​លាត​សន្ធឹង​លើ​ផ្ទៃ​ដីជិត១០ម៉ឺនហិកតារ (៩​ម៉ឺន ៦​ពាន់​) នៅ​ភូមិសាស្ត្រ​ប្រជុំ​​ស្រុកចំនួនបីរួមមាន ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ ។ ព្រៃអភិរក្សមួយនេះ ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ដោយខុស​ច្បាប់​យ៉ាងអាណាធិបតេយ្យ បើទោះបីជាក្រុមប្រជាសហគមន៍ យុវជន បានរួមគ្នាការពារយ៉ាងណាក្តី ដោយសហគមន៍អះអាងថាសកម្មភាពកាប់ឈើធ្វើអាជីវកម្មទាំងនោះ កើតឡើងដោយក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រោមទម្រង់នៃអំពើពុករលួយ។ សកម្មភាពកាប់ឈើនៅតំបន់នេះឥតឈប់ឈរ ធ្វើឱ្យប្រជាសហគមន៍ព្រួយបារម្ភពីវាសនាព្រៃអភិរក្សមួយនេះ ថានឹងអាចវិនាសហិនហោចទៀតផង ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានយន្តការទប់ស្កាត់ជាក់លាក់បន្តទៀត៕   ​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.