កម្ពុជាគ្រោងខ្ចីលុយបរទេសជិត២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០

រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចនៅថ្ងៃនេះ ក្រោមការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋត្រូវចំណាយទឹកប្រាក់ជាង ៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភាឯកបក្ស នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ​  ​រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល ដែលគ្រោង​ចាយវាយឆ្នាំក្រោយ ជាង ៨ពាន់លានដុល្លារ​ ដែលស្មើនឹង ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបឬGDP។ ចំនួននេះកើនឡើង​ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើជាង ២២ ភាគរយ ​ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិដែលអនុម័តចាយវាយនៅឆ្នាំ២០១៩ ដែលមានទំហំជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ជាមួយគ្នានោះរដ្ឋសភាឯកបក្ស បានអនុញ្ញាតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អាចខ្ចីប្រាក់បរទេសក្នុងទំហំជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក(១៩២៤) បន្ថែមទៀត ដើម្បីជួយបំពេញផែនការចាយវាយនៅឆ្នាំក្រោយនេះ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​ ឬហៅ​ថា ច្បាប់ថវិកាជាតិឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានរបស់លោក ​ ហ៊ុន សែន ​ សម្រេចអនុម័តទាំងស្រុងកាលពីថ្ងៃទី២៥ ខែតុលា។ ទំហំខ្ចីបុលប្រាក់បរទេសចេះតែកើតមានឡើង ស្របពេល​ស្ថានភាព​បំណុល​កម្ពុជាជំពាក់បរទេស ដែលត្រូវបានក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បង្ហាញ​ក្នុង​របាយការណ៍​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០​ ថា មក​ដល់​បច្ចុប្បន្ន កម្ពុជា​ជំពាក់​បំណុល​បរទេស​​សរុបមានចំនួន​ជាង​ ៧ពាន់​លាន​ដុល្លារ​អាមេរិករួចទៅហើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.