សកម្មជនព្រៃឈើថារដ្ឋាភិបាលនៅតែគ្មានចំណាត់ការផ្លូវច្បាប់លើឧកញ៉ា ទ្រី ភាព និងឧកញ៉ា លីម ប៊ុណ្ណា

ក្រុមសកម្មជនព្រៃឈើ និងបរិស្ថាន នៅតែបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីមកទល់ពេលនេះ រដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិរបស់លោក សៅ សុខា ព្រមទាំងតុលាការផងនៅមិនទាន់បង្ហាញរបាយការណ៍ ឬចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងទៅលើក្រុមឧកញ៉ាគ្រាក់ៗ មួយចំនួនជាពិសេសឧកញ៉ា ទ្រី ភាព និង ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា នោះ។

ការសម្តែងភាពងឿងឆ្ងល់នេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧១ ក្រោមប្រធានបទ ឧក្រិដ្ឋកម្មព្រៃឈើឆ្នាំ២០១៩ ។

ពិធីនេះ រៀបចំឡើងនៅផ្ទះសាមគ្គី រាជធានីភ្នំពេញ នារសៀលនេះ ដោយមានការចូលរួមពីមន្ត្រីអង្គការ សមាគមក្រៅរដ្ឋាភិបាល សកម្មជនព្រៃឈើ និងព្រះសង្ឃដែលបានបំពេញការងារ ពាក់ព័ន្ធការការពារព្រៃឈើ ធនធានធម្មជាតិ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ សកម្មជនព្រៃឈើ បានលើកឡើងថាបទល្មើសព្រៃឈើនៅកម្ពុជានៅតែជាក្តីបារម្ភ ត្បិតព្រៃឈើចេះតែវិនាស រីឯឧក្រិដ្ឋជនធំៗជាច្រើនទៀត នៅតែអាចរួចផុតពីសំណាញ់ច្បាប់។

នាឱកាសនោះ សកម្មជនព្រៃឈើក៏បានបង្ហាញពីរបាយការណ៍នៃឧក្រិដ្ឋកម្មព្រៃឈើ ដែលបង្កឡើងដោយក្រុមឧកញ៉ាមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ និងកំពុងរត់គេចខ្លួន ព្រមទាំងអ្នកមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលជាច្រើនទៀត។

កាលពីខែកក្កដា គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមួយប្រាវ ដោយបានរឹបអូសឈើខុសច្បាប់ជាច្រើនម៉ែត្រគូប និងបំផ្លាញវត្ថុតាងរួមមានរថយន្តដឹកឈើជាច្រើនគ្រឿងជាដើម។ ក្រៅពីនេះ គណៈកម្មការនេះក៏បានឈានទៅចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល  និងឧកញ៉ា គង់ ក្រឹង តាមការចង្អុលបង្ហាញរបស់តុលាការ រួមទាំងបក្ខពួកមួយចំនួនផង។

បន្ថែមពីនេះ ក៏មានឧកញ៉ាចំនួនបីរូបផ្សេងទៀត រួមមានឧកញ៉ា ស្រ៊ុន ម៉េងលាង ឧកញ៉ា វីដា និងឧកញ៉ា វ័ន្ត ប៊ុនថៃ បានរត់គេចខ្លួនបាត់ ក្រោយពេលតុលាការភូមិភាគឦសាន្តចេញដីកាកោះឱ្យចូលខ្លួនកាលពីខែសីហា។ 

យ៉ាងនេះក្តី ក្រុមសកម្មជនព្រៃឈើ នៅតែសម្តែងការងឿងឆ្ងល់ថា ក្រុមឧកញ៉ាដែលជាដៃឈើរកស៊ីឈើឱ្យឧកញ៉ា ទ្រី ភាព និង ឧកញ៉ា ខ្នា ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចាត់វិធានការតាមច្បាប់ ប៉ុន្តែឧកញ៉ារកស៊ីឈើដុះស្លែទាំងពីររូបនេះ សមត្ថកិច្ចមិនហ៊ានប៉ះពាល់ឡើយ។

សកម្មជនព្រៃឈើនៅតែយល់ថា ប្រសិនបើឧកញ៉ាគ្រាក់ៗទាំងនេះ រួមទាំងអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មព្រៃឈើផ្សេងទៀតមិនត្រូវបានចាត់វិធានការតាមច្បាប់ទេ បទល្មើសព្រៃឈើក៏មិនអាចទប់ស្កាត់បានដែរ។

យ៉ាងនេះក្តី សម្រាប់លោក ទ្រី ភាព ដែលជាមនុស្សស្និតនឹងលោក ហ៊ុន សែន ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋការ មិនឱ្យចូលដីអាមេរិក ក្រោយរកឃើញថាឧកញ៉ារូបនេះ បានប្រព្រឹត្តិអំពើពុករលួយ កេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ និងឯកជន ពិសេសសូកប៉ាន់ជាប្រព័ន្ធទៅលើមន្ត្រីរាជការស៊ីវិល និងយោធា ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ជាថ្នូរនឹងការរកស៊ីឈើខុសច្បាប់របស់ខ្លួន។

ដោយឡែក ឧកញ៉ា ខ្នា ដែលជាមនុស្សស្និតនឹងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតលោក ហ៊ុន សែន វិញ នៅមិនទាន់មានអង្គភាពឬ ស្ថាប័នណាបង្ហើបអំពីជំនួញឈើ និងមុខរបររាប់សិបផ្សេងទៀតរបស់លោក ព្រមទាំងគ្រួសារលោកនៅឡើយទេ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.