លោក ហ៊ុន សែន ថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខ ប៉ុន្តែមិនមែនមកពីការដក EBA ដោយផ្នែកឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខបន្ថែមទៀត ដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមCovid-19 ឬ មេរោគកូរ៉ូណា មិនមែនដោយសារករណីដកប្រព័ន្ធអនុគ្រោះពន្ធEBA ផ្នែកខ្លះពីកម្ពុជានោះទេ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត ដែលបញ្ចប់ការសិក្សាជិត២ពាន់នាក់នៅឯវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកម៉ិញនេះ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយចំពោះការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្នែកមកលើកម្ពុជានោះទេ។

តែយ៉ាងនេះក្តីលោក ហ៊ុន សែន មើលឃើញថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់នៅពេលខាងមុខបន្ថែមទៀត បន្ទាប់ពីវិស័យសំខាន់មួយនៅកម្ពុជា គឺវិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ ប៉ុន្តែលោកអះអាងថាផលប៉ះពាល់ទាំងនោះ មិនមែនមកពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកទេ ប៉ុន្តែដោយសារវិបត្តិនៃជំងឺCovid-19 តែប៉ុណ្ណោះ។

សហភាពអឺរ៉ុបបានសម្រេចជាផ្លូវការកាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងការយកពន្ធលើទំនិញកម្ពុជាដោយផ្នែក ដែលនាំចូលទីផ្សារអឺរ៉ុបក្នុងតំលៃជាង ១ ពាន់លានដុល្លារ ឬ ស្មើប្រមាណ២០% ហើយបើគិតជាតម្លៃត្រូវបង់ពន្ធ មានចំនួនជាង១រយលានដុល្លារសហរដ្ឋអាមេរិក។

អឺរ៉ុបក៏បានអះអាងដែរថា ការសម្រេចនេះ នឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាទៀតផង។

នីតិវិធីយកពន្ធដោយផ្នែកនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែសីហា ប្រសិនបើគ្មានសំឡេងជំទាស់ ប៉ុន្តែអឺរ៉ុបក៏បង្ហើបផ្លូវសម្រាប់កម្ពុជាដែរថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺគ្រាន់តែស្តារស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនយោបាយ និងវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក្រោយការសម្រេចនេះមិនបានប៉ុន្មានម៉ោងផង ក្រសួងការបរទេស  កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងដ៏អយុត្តិធម៌ដែលផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាពជាក់ស្តែងនៅកម្ពុជា។

ក្រសួងការបរទេសកម្ពុជា ក៏បានហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ ដោយអឺរ៉ុបមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់  កម្ពុជាលើការលើកកម្ពស់សិទ្ធិមនុស្ស និង គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។

ដោយឡែកកាលពីថ្ងៃម្សិលមិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថាGMAC បានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យផ្ដល់ការអនុគ្រោះពន្ធ EBA ដូចដើមដល់កម្ពុជាវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យចាកផុតពីភាពក្រីក្រ។

GMAC បានសម្តែងការខកចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេចដកហូតផ្នែកខ្លះពីកម្ពុជា ដោយថាការសម្រេចនេះ គឺបានត្រឹមតែធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ ហើយប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងធ្វើឱ្យពលរដ្ឋកម្ពុជាធ្លាក់ក្នុងភាពក្រីក្រប៉ុណ្ណោះ។

សង្គមស៊ីវិល និងអ្នកតាមដានសង្គម ធ្លាប់លើកឡើងថាកូនសោដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA គឺ ស្ថិតនៅលើដៃរបស់លោកហ៊ុន សែន ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ អឺរ៉ុបក៏ព្រមានដែរថា នឹងមានដំណាក់កាលដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបន្តទៀត ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងវិញ ឆ្លើយតបតាមការទាមទាររបស់ខ្លួនទេនោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.