លីកាដូស្នើឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ ករណីទារកជាប់ឃុំ ក្នុងពន្ធនាគារព្រៃសជាមួយម្តាយម្នាក់បានស្លាប់

អង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho)  បានទាមទារឱ្យស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេតជាបន្ទាន់ ករណីទារិកាម្នាក់ដែលជាប់ពន្ធនាគារជាមួយម្តាយបានស្លាប់។

សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូដែលទើបចេញផ្សាយនៅថ្ងៃអង្គារ៍នេះ អំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ ដោយស៊ើបអង្កេតករណីទារិកាម្នាក់ស្លាប់ដោយសាររស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ដើម្បីបញ្ជៀសបញ្ហានេះកើតឡើងបន្តទៀត។

អង្គការសិទ្ធិមនុស្សមួយនេះ លើកឡើងថា ទារកអាយុ៥ខែម្នាក់ ភេទស្រីដោយលីកាដូដាក់ឈ្មោះឱ្យថា ទេវី  រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ឬគុកព្រៃសរ បានស្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។

ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិរស់នៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។

លីកាដូ ឱ្យដឹងដែរថា ស្រ្តីជាម្ដាយក្មេងរងគ្រោះ បានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថាបានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទ មេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀល ឬស្មើ២ដុល្លារកន្លះប៉ុណ្ណោះ។ ម្តាយរបស់ទេវី មិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំនោះដែរ។ អ្នកស្រីមានផ្ទៃពោះ៨ខែ នៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទារក ទេវី ដែលមានអាយុ៥ខែ បានរងរបួសជាទម្ងន់ដោយបាក់ឆ្អឹងភ្លៅ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីហេតុដែលនាំឱ្យនាងរងរបួសធ្ងន់ធ្ងរនោះឡើយ។

សេចក្តីថ្លែងការណ៍ដដែលអះអាងថា បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាងនិងម្ដាយ ទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលបានព្យាបាលអ្នកជាប់ឃុំមកពីពន្ធនាគារកន្លងមក។ បុគ្គលិកពេទ្យបានថតកាំរស្មីអ៊ិចនិងរកឃើញថាទារិកានោះបានបាក់ឆ្អឹងភ្លៅ។

ទេវី និងម្ដាយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយសារខាងមន្ទីរពេទ្យលើកឡើងថា មិនមានអ្នកជំនាញដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។

មន្ទីរពេទ្យកុមារជាតិក៏បានព្យាបាល ទារិការងគ្រោះ រួចហើយក៏បញ្ជូននាងត្រឡប់ទៅពន្ធនាគារវិញដែរ ទោះបីជាបុគ្គលិកពន្ធនាគារបានស្នើសុំ ឱ្យទេវី និងម្ដាយ បានស្នាក់នៅពេទ្យមួយយប់ដើម្បីតាមដានស្ថានភាពជំងឺក៏ដោយ ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យបានបដិសេធ ដោយនិយាយថា មន្ទីរពេទ្យគ្មានបន្ទប់ទំនេរសម្រាប់ ទេវី និងម្ដាយឡើយ។

អំឡុងពេលមួយសប្ដាហ៍ក្រោយមក ស្រ្តីជាម្ដាយបានកត់សម្គាល់ឃើញថា ទេវីមានអាការៈក្ដៅខ្លួន និងក្អកជាប្រចាំ។ មន្រ្តីពន្ធនាគារបាននាំ ទេវី ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិវិញ។ វេជ្ជបណ្ឌិតនៅទីនោះបានជួបជាមួយ ទេវី និងម្ដាយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលកំណត់ការណាត់ជួបតាមដានជំងឺនៅ៣សប្ដាហ៍ក្រោយ។

ស្រ្តីជាម្ដាយបានប្រាប់គ្រូពេទ្យថា នាងអស់ថ្នាំដែលបានផ្ដល់ឱ្យ ទេវី លេបកាលពីលើកមុនហើយ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានឱ្យថ្នាំលេបបន្ថែមសម្រាប់ ទេវី ទេ ហើយក៏មិនមានភាពច្បាស់លាស់ពី វេជ្ជបញ្ជារដែលត្រូវបានណែនាំដោយគ្រូពេទ្យនោះដែរ។

ក្រោយមកនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទេវី មានការពិបាកដកដង្ហើម ដោយម្ដាយរបស់នាង បានកត់សម្គាល់ឃើញថា ទេវី បានចាប់ផ្ដើមបាត់បង់ស្មារតី ហើយក៏បានប្រាប់ទៅមន្រ្តីពន្ធនាគារភ្លាមៗដែរ។

ពេលនោះបុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២ បានដាក់សេរ៉ូម ឲ្យទេវី និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ជាកន្លែងដែលអ្នកទាំងនោះសម្អាតស្លេស និងថតកាំរស្មីអ៊ិច សួតរបស់នាង។ ទេវី និងម្ដាយ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលមួយយប់នៅក្នុងមន្ទីរពេទ្យ ក្រោយមកទេវីក៏បានស្លាប់ចោលម្តាយតែម្តង។

លីកាដូ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ឆ្លងតាមការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។

ករណីនេះ អង្គការដដែល ទទូចឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានពេញលេញទៅលើការស្លាប់របស់ ទេវី និងជំរុញឱ្យអាជ្ញាធរបង្កើតគោលការណ៍ណែនាំច្បាប់មួយពាក់ព័ន្ធនឹងនីតិវិធីសម្រាប់បញ្ជូនកុមារ និងស្រ្តីមានផ្ទៃពោះទៅមន្ទីរពេទ្យ។ គោលការណ៍នេះគួរដាក់បញ្ចូលការបញ្ជូនកុមារទៅកាន់មន្ទីរពេទ្យកុមារជាតិ និងអនុញ្ញាតឱ្យកុមារទាំងនោះ សម្រាកព្យាបាលជាមួយម្ដាយរបស់ពួកគេនៅមន្ទីរពេទ្យយ៉ាងតិចណាស់២៤ម៉ោង។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានជំរុញជាថ្មីទៀតឱ្យក្រសួងយុត្តិធម៌ តុលាការ និងក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងកិច្ចការនារីផងត្រូវពិនិត្យ និងពន្លឿនការដោះស្រាយបញ្ចប់លើសំណុំរឿងរបស់ស្ត្រីទូទាំងប្រទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារឱ្យបានឆាប់រហ័ស។

លោកអះអាងថា បច្ចប្បន្ននេះសំណុំរឿងរបស់ស្ត្រី ដែលមិនទាន់កាត់ក្តីគឺនៅមានចំនួនជាង២ម៉ឺនសំណុំរឿងទៀត ហើយលោក ក៏បានឌឺដងដល់តុលាការ ឱ្យជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ ប្រសិនបើសាលកាត់ក្តីរវល់ ឬ មានមិនគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យសំណុំរឿងក្តីរបស់ស្ត្រីត្រូវបានកកស្ទះ។

អង្គការលីកាដូ បញ្ជាក់ថាបច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូបានឃ្លាំមើល។

តួលេខនេះកើនឡើងស្ទើរតែ២ដង គិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧មក។ មណ្ឌលអប់រំកែប្រែទី២ឬគុកព្រៃសរ ជាពន្ធនាគារតែមួយគត់នៅកម្ពុជាដែលលីកាដូអះអាងថា សាងសង់ឡើងសម្រាប់ដាក់អ្នកទោសជាស្រ្តីនិងកុមារ និងអាចផ្ទុកអ្នកជាប់ឃុំជាផ្លូវការត្រឹមតែ៣៥០នាក់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំក្នុងពន្ធនាគារនេះរហូតដល់ ១៨៥០នាក់។

យ៉ាងណាក៏ដោយ លីកាដូសង្ឃឹមថា ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូចទាំងអស់នៅក្នុងពន្ធនាគារ ដែលកំពុងអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ អាចទទួលបានសិទ្ធិនៅក្រៅឃុំ ឬក៏ត្រូវបានជំនុំជម្រះមុនការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.