អាមេរិកធ្វើសមយុទ្ធនិងបង្ហោះយន្តហោះស៊ើបការណ៍លើប្រទេសកូរ៉េខាងជើង ស្វែងរកការពិតពីវត្តមាន លោកគីមជុងអ៊ុន

លោកគីមជុងអ៊ុននៅតែស្ថិតក្នុងស្ថានភាពតាមដានសុខភាពជាខ្លាំង និងព្រួយបារម្ភ អំពីអាយុជីវិតចុងក្រោយរបស់លោកក្រោយពីមានការវះកាត់បេះដូង។ រហូតមកទល់ថ្ងៃសុក្រទី២៤ ខែមេសានេះ មានរយៈពេល១៤ថ្ងៃហើយ ដែលមេដឹកនាំកូរ៉េខាងជើង នៅតែពុំទាន់មានវត្តមានក្នុងទីសាធារណៈឡើយ។

ភាព ចម្រូងចម្រាស់អំពីសុខភាពរបស់លោកគីមជុងអុន បាននាំអោយ មានការចោទថា តើគីមជុងអ៊ុនស្លាប់ខួរក្បាលមែនទេ ឬមានជំងឺធ្ងន់ធ្ងរឬក៏ឆ្លងកាត់ភាពជោគជ័យក្នុងការវះកាត់បេះដូង ហើយនៅបន្ដសម្រាកព្យាបាលនៅឡើយទេ? 

ដោយសារភាពមិនច្បាស់លាស់នេះហើយ ដែលនាំកងទ័ពអាមេរិក នៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះយន្តហោះ ស៊ើបការណ៍ជាច្រើនគ្រឿង ដើម្បីស្វែងរករូបភាព នៃវត្តមានរបស់លោក គីមជុងអ៊ុន និងស្ថានភាពរស់នៅនៃប្រជាជន កូរ៉េខាងជើង។

បណ្ដាញផ្សាយព័ត៌មានអន្ដរជាតិឈ្មោះថា ViceNewsបានចុះផ្សាយ កាលពីថ្ងៃទី២៣ ខែមេសាថាសហរដ្ឋអាមេរិកបានបង្ហោះយន្ដហោហស៊ើបការណ៍ជាច្រើនគ្រឿងហោះលើដែនអាកាសកូរ៉េខាងជើងដើម្បីថតយករូបភាពនៃប្រទេសកុម្មុយនីស្ដផ្ដាច់ការមួយនេះនៅពេលដែលមានព័ត៌មានជាច្រើនបានចុះផ្សាយថាមេដឹកនាំផ្ដាច់ការវ័យក្មេង  គីមជុងអ៊ុន អាយុ៣៦ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៃជំងឺបេះដូងក្រោយពីបានវះកាត់រួចតាំងពីថ្ងៃទី១២ ខែមេសា។

គីមជុងអ៊ុនបានបាត់មុខក្នុងទីសាធារណកាលពីថ្ងៃទី១៥ ខែមេសាដែលកម្មាភិបាលគ្រប់ជាន់ថ្នាក់នៃបក្សពលករកូរ៉េខាងជើងទន្ទឹងរង់ចាំវត្តមានរបស់លោកចូលរួមក្នុងពិធីបុណ្យខួបជីតារបស់លោក គឺលោកគីមអ៊ីលស៊ុង។

ពិធីបុណ្យនេះគឺលោកគីមជុងអ៊ុនមិនដែលអវត្តមានម្ដងណាឡើយតាំងពីលោកឡើងកាន់អំណាចជំនួសឪពុករបស់លោកនៅឆ្នាំ២០១១ហើយឪពុករបស់លោក បានស្លាប់ដោយាសារជំងឺគាំងបេះដូង។ចាប់តាំងពីថ្ងៃចន្ទទី១៩ ខែមេសាមក សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថាលោកគីមជុង៊អ៊ុនបានព្យាយាមខ្លាំងណាស់ដើម្បីយកឈ្នះនឹងជំងឺបេះដូងបន្ទាប់ពីលោកឆ្លងកាត់ការវះកាត់ទៅហើយនោះ។

តែនៅថ្ងៃទី២៣ ខែមេសា កងកម្លាំងអាកាសរបស់អាមេរិកបានបង្ហោះយន្ដហោះជាច្រើនគ្រឿង ហោះកាត់ទៅវិញទៅមកជារៀងរាល់ថ្ងៃនៅលើឧបទ្វីបកូរ៉េជាពិសេសលើលំហអាកាសកូរ៉េខាងជើងតែម្ដងនូវអ្វីដែលអ្នកសង្កេតការណ៍មើលឃើញថាគឺដើម្បីថតមើលទិដ្ឋភាពប្រជាជនកូរ៉េខាងជើងដែលកំពុងទន្ទឹងរង់ចាំដំណឹងពីជំងឺរបស់លោកគីមជុងអ៊ុន។

សេចក្ដីរាយការណ៍របស់ VICENEWS ឲ្យដឹងថាយន្ដហោះស៊ើបការណ៍របស់អាមេរិកជាច្រើនគ្រឿងបានហៅះឆ្លងកាត់ទីក្រុងសេអ៊ូលមុនហោះឡើងលើលំហអាកាសអន្ដរជាតិនៃប្រទេសកូរ៉េខាងជើង។

អ្នកជំនាញការជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយុនហាប់ថាសកម្មភាពយន្តហោះរបស់សហរដ្ឋអាមេរិកគឺជាចេតនានៃការដាក់សម្ពាធលើរបបក្រុងព្យុងយ៉ាង ឱ្យឆាប់បញ្ចេញព័ត៌មានទាក់ទងនឹងលោកគីមជុងអ៊ុនស្ថិតនៅទីណា ពិតប្រាកដ ហើយមានជំងឺអ្វីទៀត។ យន្ដហោះស៊ើបការណ៍ទាំងនេះត្រូវបានកងទ័ពអាកាសរបស់អាមេរិកនៅកូរ៉េខាងត្បូងចាប់ផ្ដើមបញ្ឆេះធ្វើសមយុទ្ធនៅពេលដែលដឹងថាកូរ៉ែខាងជើងបានបាញ់សាកល្បងកាំជ្រួចវង់ប្រតិបត្តិការជាថ្មីទៀតកាលពីថ្ងៃ១៤ ខែមេសា។

ប្រតិបត្តិការយន្ដហោះស៊ើបការណ៍អាមេរិកពេលនោះក៏ចាប់ផ្ដើមហោះជារៀងរាល់ថ្ងៃលើឧបទ្វីបកូរ៉េ។

ចំណែកវិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ីដែលជាមហាមិត្តមួយ របស់ក្រុងព្យុងយ៉ាងបានរង់ចាំការប្រកាសជាផ្លូវការមួយចេញពីបក្សពលករកូរ៉េខាងជើងអំពីស្ថានភាពចុងក្រោយរបស់លោកគីមជុងអ៊ុននៅខណៈដែលប្រទេសចិនមហាមិត្តជិតស្និទ្ធបំផុតបានប្រកាសថាខ្លួនមិនជឿថាលោកគីមជុងអ៊ុនធ្លាក់ក្នុងជំងឺគ្រោះថ្នាក់នោះទេហើយវាគ្រាន់ជាព័ត៌មានបង្កើតបញ្ហាក្នុងតំបន់ប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋងាមេរិកដែលបានស្រង់សម្ដីចារកម្មសហរដ្ឋអាមេរិកនោះបានចុះផ្សាយថាមានករណីពីរដែលគីមជុងអ៊ុនកំពុងប្រឈម ទីមួយគាត់មានជំងឺបេះដូងធ្ងន់ធ្ងរបំផុត ហើយទីពីរអាចស្លាប់ខួរក្បាលបន្ទាប់ពីការវះកាត់ដោយមិនមានប្រសិទ្ធភាពប៉ុន្ដែការអះអាំងនេះត្រូវបានកូរ៉េខាងត្បូងអតីតសត្រូវរបស់កូរ៉េខាងជើងបដិសេធ ហើយថាគ្មានភស្ដុតាងណាមួយជាក់ស្ដែងអំពីករណីនេះទេ។

ប៉ុន្តែសម្រាប់ប្រធានាធិបតីត្រាំបាននិយាយថាលោកស្ថិតនៅក្នុងភាពងងឹតនៅឡើយ ហើយក៏មិនបានបញ្ជាក់ថាសកមម្មភាពជំងឺរបស់លោក គីម មានការប្រែប្រួលយ៉ាងណានោះដែរ ប៉ុន្តែលោកត្រាំបានជូនពរដល់លោកគីមជុងអ៊ុនសូមជួបតែសំណាងល្អហើយបានអះអាងថាទំនាក់ទំនងល្អរវាងលោក និងលោកគិមជុងអ៊ុននៅតែជាអនុស្សាវរីយ៍នឹងគ្នាជានិច្ច។

ចំណែកឯរដ្ឋមន្រ្ដីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថាទោះជាប្រទេសកូរ៉េខាងជើងអវត្តមានលោកគីមជុងអ៊ុនក៏ដោយ ប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិកគឺនៅតែជម្រុញឱ្យប្រទេសនេះលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

យ៉ាងនេះក្ដីសារព័ត៌មានជាច្រើនពីឧបទ្វីបកូរ៉េខាបានចុះផ្សាយថាប្អូនស្រីលោកកីមជុងអ៊ុនគីមយូជុងកំពុងដាក់ឱ្យស្ថិតនៅក្នុងការររង់ចាំដើម្បីជំនួសតំណេងបងប្រុសរបស់ខ្លួន ខណៈដែលស្រ្ដីរូបនេះត្រូវបានបក្សពលករតែងតាំងជាថ្មីទៀតជាសមាជិកអនុប្រធានការិយាល័យមជ្ឈឹមបក្ស និងជាអនុប្រធានបក្សមុនពេលលោកគីមជុងអ៊ុន រុញចូលមន្ទីរពេទ្យ។

នៅថ្ងៃនេះលោកត្រាំបានហៅការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន CNN ថារាយការណ៍មិនពិត។ ប៉ុន្ដែមកដល់ពេលនេះសូម្បីតែព័ត៌មានរបស់ប្រទេសកូរ៉េខាងជើងក៏មិនបានច្រានចោលពីការចុះផ្សាយថាលោកគីមជុងអ៊ុនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះនៅឡើយដែរ។

នៅថ្ងៃនេះទៀតសោត មានសេចក្ដីរាយការណ៍មកថាកងកម្លាំងអាកាសរបស់អាមេរិកបានដឹកនាំការធ្វើសមយុទ្ធយោធារួមមួយជាមួយនឹងកងទ័ពជប៉ុននៅក្បែរឧបទ្វីបកូរ៉េតែម្ដង។ សមយុទ្ធនេះសហរដ្ឋអាមេរិកបានប្រើរហូតដល់ទៅយន្ដហោះទម្លាក់គ្រាប់បែក B-1B ទៀត              ផង។

តាមសេចក្ដីរាយការណ៍របស់ Japan Times ឲ្យដឹងថាសមយុទ្ធនេះធ្វើឡើងនៅក្បែរប្រទេសកូរ៉េខាងជើងគឺនៅខេត្ត Wonsan ដែលនៅទីនោះមានការសង្ស័យថាលោកគីមជុងអ៊ុនត្រូវបានគេមើលឃើញថាគាត់មកគេចខ្លួននៅទីនេះដើម្បីគេចចេញឱ្យឆ្ងាយពីទីក្រុងព្យុងយ៉ាងព្រោះតែខ្លាចឆ្លងជំងឺកូវីដចេញពីប្រទេសចិនជាប់ព្រំដែនកូរ៉េខាងជើង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.