លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​រលក​ទី២នៃ​ការ​រា​ត្បាត​ជំងឺឆ្លង​កូ​វីដ១៩​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​រលក​ទី២នៃ​ការ​រា​ត្បាត​ជំងឺឆ្លង​កូ​វីដ១៩នៅ​កម្ពុជា។

ផ្ញើ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ហ៊ុន សែន លើកឡើង​ថា អ្វី​ដែល​សំខាន់​បំផុត​នៅពេល​នេះ​គឺ​ការ​ថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទីស្រឡាញ់​នៅក្នុង​ក្រុម​គ្រួសារ កុំ​អោយ​ឆ្លង​មេរោគ​កូ​វីដ១៩ អោយ​សោះ។លោក​បន្ត​ថា សូមកុំ​អោយ​មាន​វិប្បដិសារី​កើតឡើង​ព្រោះតែ​ការ​ធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន បើ​ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​កម្ពុជា​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស​នៅក្នុង​រលក​ទី២នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ១៩ ដ៏​កាច​សាហាវ​បំផុត​នេះ។

លោក​អះអាង​ថា មកទល់​ពេល​បច្ចុប្បន្ន អង្គការសុខភាព​ពិភពលោក​ឬហៅ​ថា WHO បាន​បញ្ជាក់​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ក្នុង​ប្រទេស ២១៧ ដែល​មាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជាង៥លាន​នាក់​ហើយ (5,491,678​) ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង30ម៉ឺន​នាក់ ក្នុង​នោះ​កម្ពុជា​ក៏​មាន​អ្នក​ឆ្លង​ថ្មី២នាក់​ទៀត​កំពុង​សម្រាក​ព្យា​លបា​ននៅ​មន្ទីរ រដ្ឋ ខណៈ​អ្នក​ឆ្លង​ចាស់​ចំនួន១២២នាក់​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជា សះស្បើយ និង​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅផ្ទះ​វិញ​អស់ហើយ​ដែរ។កាលពី​ថ្ងៃទី១៩ ឧសភា ក្រសួងសុខាភិបាល​បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​អភិបាលខេត្ត រាជធានី​ទាំងអស់ ដោយ​ត្រូវ​ជំរុញ​ការអប់រំ​សុខភាព​ជូន​ប្រជាជន និង​ត្រូវ​ពង្រឹង​ការងារ​តាមដាន​នូវ​វិធានការ​ការពារ​រលក​ទី២នៃ​ការ​ចម្លងជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា។

សម្រាប់​លោក​ហ៊ុន សែន បន្ថែម​ថា មកទល់​ពេលនេះ មិនទាន់​មាន​ថ្នាំ​ព្យាបាល​កូ​វីដ១៩នៅឡើយ​ទេ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹក​អាល់កុល ឬចឹល​សម្លាប់​មេរោគ។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬម៉ាស ឬខ្ទប់​ដោយដៃ​នៅពេល​ក្អក ឬកណ្តាស ជាពិសេស​នៅក្នុងចំណោម​ក្រុម​មនុស្ស​ច្រើន ឬទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.