អង្គ​ការ​ខុ​មហ្វ្រែល​សង្កេតឃើញ​ថា​តំណាងរាស្ត្រ​សភា​ឯក​បក្ស​ចុះមូលដ្ឋាន​ពង្រឹង​បក្ស ខ្លាំង​ខ្លា​ជាង​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​

គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុ​មហ្វ្រែល បាន​សង្កេតឃើញ​ថា​រដ្ឋសភា និង​តំណាង រាស្ត្រ​ឯក​បក្ស ដែល​មក​ពី​គន​បក្ស​ប្រជាជន​កម្ពុជា​តែមួយ​នោះ យកចិត្ត​ទុកដាក់​លើ​ការងារ​ពង្រឹង​បក្ស និង​អមដំណើរ​ថ្នាក់ដឹកនាំ​ចុះមូលដ្ឋាន ជាង​ចុះ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ។

ក្នុង​របាយការណ៍​សង្ខេប​ស្តី​ពី​ការសង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ​ឆ្នាំទី១នីតិកាល​ទី៦ កាលពី​ថ្ងៃម្សិលមិញ ខុ​មហ្វ្រែ​លបាន​លើកឡើង​ថា តំណាងរាស្ត្រ​មក​ពីរ​ដ្ឋ​ភា​ឯក​បក្ស​ក្នុង​ឆ្នាំ២០១៩ បាន​ធ្វើសកម្មភាព​ចុះមូលដ្ឋាន​ដើម្បី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ក្នុង​គោលបំណង​ពង្រឹង​បក្ស ឬចុះ​អម​ថ្នាក់ដឹកនាំ​ផុសផុល​ជាង ចុះមូលដ្ឋាន​ក្នុង​គោលបំណង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ពិសេស​វិបត្តិ​ដីធ្លី។ បន្ថែម​ពីនេះ សម័យប្រជុំ​រដ្ឋសភា ឆ្នាំទី១ នីតិកាល​ទី៦វិញ ដោយ​រដ្ឋសភា​បាន​បើកសម័យ​ប្រជុំ​ទាំង​សាមញ្ញ​និង​វិសាមញ្ញ បាន​ធ្វើឡើង​ភាគច្រើន​ផ្តោត​ទៅលើ​ការ​អនុម័ត​ច្បាប់។ ប្រភព​ដដែល​បន្ត​ថា កិច្ចប្រជុំ​ទាំងនោះ ពុំសូវ​ឃើញ​មាន​តំណាងរាស្ត្រ​ណា​ម្នាក់​បញ្ចេញមតិ​ជំទាស់ រិះគន់ ឬ សួរដេញដោល​ឱ្យ​បាន​ស៊ីជម្រៅ​នោះ​ឡើយ។ ផ្ទុយទៅវិញ​មានតែ​ការ​កោតសរសើរ និង​ការ​គាំទ្រ​ដល់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ។

ខុ​មហ្វែ្រល​ឲ្យដឹង​ថា សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មាន​ច្រើន​ដែរ ប៉ុន្តែ​មានការ​កោះហៅ​សមាជិករដ្ឋាភិបាល​ម្តង​គត់​មក​សាកសួរ​ក្នុងរយៈពេល១ឆ្នាំ​មកនេះ គឺ​កោះហៅ​រដ្ឋ​អតីតមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍា មក​បំភ្លឺ ប៉ុន្តែ​មិនបាន​ស្រាយ​ចម្ងល់​សាធារណមតិ​ជាតិ​និង​អន្តរជាតិ ជុំវិញ​ភាព​អសកម្ម​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះ​ឡើយ។ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​នេះ រក​ឃើញ​ទៀត​ថា ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​សភា​ឯក​បក្ស​រយៈពេល ១ឆ្នាំ​មកនេះ បាន​ធ្លាក់ចុះ​បើ​ធៀប​ទៅ​នឹង​អាណត្តិ​មុន ខណៈ​ដែល​កម្ពុជា​មាន​រដ្ឋសភា ពហុបក្ស​ពេលនោះ។

ខុ​មហ្វ្រែល​អះអាង​ថា មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​នេះ​ព្រោះ​មិនឃើញ​មានការ​ចេញ​លិខិត​អន្តរាគមន៍​របស់​តំណាងរាស្ត្រ មិនឃើញ​មាន​អ្នកតំណាង​រាស្ត្រ​និយាយ​អំពី​ភាព​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ភាព​អសកម្ម​ក្នុង​ការ​សួរដេញដោល​លើ​ការអនុវត្ត​ច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​នៅក្នុង​សម័យប្រជុំ​សភា​ជាដើម។

យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង បាន​ប្រាប់​សារព័ត៌មានVODនៅ​ថ្ងៃនេះ ដោយ​ច្រានចោល​ការ​លើកឡើង​នេះ ហើយ​អះអាង​ថា មួយឆ្នាំ​មកនេះ តំណាងរាស្ត្រ​ជាច្រើន បាន​ចុះ​ជួយ​ពលរដ្ឋ ទោះ​កម្ពុជា​រង​ការ​គំរាមកំហែង​ពី​កូ​វីដ១៩ក៏ដោយ ។ទោះបីជា​យ៉ាងនេះ​ក្តី ខុ​មហ្វ្រែល រក​ឃើញ​ទៀត​ថា ដំណើរការ​ប្រជុំ ក្នុង​ឆ្នាំទី១ អាណត្តិ​ទី៦ តំណាងរាស្ត្រ​រដ្ឋសភា​ឯក​បក្ស១២រូប បាន​ឡើង​បញ្ចេញមតិ​ចំនួន ៣៨ដង​ប៉ុណ្ណោះ។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ខ្លាំង​ផង​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទី១ អាណត្តិ​ទី៥ ។ បន្ថែម​ពីនេះ សកម្មភាព​ចុះមូលដ្ឋាន ក្នុងចំណោម​តំណាងរាស្ត្រ ១២៥រូប មានតែ​អ្នកតំណាង​រាស្ត្រ ៥៥រូប ស្មើនឹង ៤៤ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចុះមូលដ្ឋាន ដែល​ខុ​មហ្វ្រែល​ថា សកម្មភាព​នេះ​ក៏​តិច​ជាង​អាណត្តិ​ទី៥។ក្រុម​អ្នកឃ្លាំមើល​ធ្លាប់​លើកឡើង​ថា រដ្ឋសភា​ឯក​បក្ស​គឺ ប្រៀបបានទៅ​នឹង​ផ្តល់​អំណាច​ឱ្យ​លោក ហ៊ុន សែន ឬបក្ស​កាន់អំណាច​ទាំងស្រុង​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​ជិះសេះលែងដៃ​តែម្តង។

ការប្រៀបធៀប​ទៅ​នឹង​ការ​ជិះសេះលែងដៃ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ការងារ​ជួយ​ដល់​ពលរដ្ឋ​ក្តី និង​ជួយ​ដល់​សង្គមជាតិ​ក្តី គឺ​មាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រយោជន៍​បុគ្គល ឬបក្ខ​ពួក​ខ្លួន​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.