លោក ហ៊ុន សែន ព្រមានចាត់​វិធានការ​ក្តៅចំពោះអាជ្ញាធរណា​ដែលឃុំឃិតគ្នាបញ្ចូលសាច់ញាត្តិដើម្បីយកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរបស់លោក

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការចំពោះភាពមិនប្រក្រតី ដែលកើតឡើង​ដោយការឃុបឃិតគ្នារបស់អាជ្ញាធរក្នុងការដាក់បញ្ចូលសាច់ញាត្តិរបស់ខ្លួនដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយវិបត្តិកូវីដ១៩។

ការប្រកាសនេះ ក្រោយពេលរដ្ឋាភិបាលបានសម្រេចបញ្ចេញ​កញ្ចប់ថវិកាជាតិតាមរយៈ​ការប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ​ប្រមាណ៦០ម៉ឺន​គ្រួសារដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលត្រូវចំណាយថវិកាប្រមាណ២៥លានដុល្លារក្នុងមួយខែ ហើយកញ្ចប់ទឹកប្រាក់នោះគ្រោងនឹងចំណាយជាង១រយលានដុល្លារ។

លោកហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ដើម្បីធានាថាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

លោកបន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ត្រូវធ្វើការងារនេះអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត ។

លោកអះអាងថា ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់នូវសេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ហើយត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិ   បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ នឹងជនងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

ជាមួយគ្នានេះ លោកនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំឬសង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។

សង្គមស៊ីវិលដែលធ្វើការងារស្និតជាមួយពលរដ្ឋ យល់ឃើញថាដើម្បីធានាថាកញ្ចប់ថវិកាទាំងនេះប្រើប្រាស់ចំគោលដៅ រដ្ឋាភិបាលត្រូវបើកទូលាយឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាដើម។

លើសពីនេះត្រូវមានប្រព័ន្ធត្រួតពិនិត្យ និងតាមដាន ហើយក៏ត្រូវហ៊ានអនុវត្តទោសទណ្ឌ ដល់មន្ត្រីរាជការទាំងឡាយណា ដែលរកឃើញថាប្រព្រឹត្តអំពើឃុបឃិតគ្នាដើម្បីយកប្រាក់ឧបត្ថម្ភរបស់ជាតិ កុំបានតែត្រឹមការព្រមាននោះ។

ក្រៅពីពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ប្រមាណ៦០ម៉ឺនគ្រួសារ សង្គមស៊ីវិលក៏ជំរុញឱ្យរដ្ឋាភិបាលត្រូវគិតគូរដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ពិសេសពលរដ្ឋ ឬបុគ្គលិកដែលធ្វើការងារក្រៅប្រព័ន្ធ រាប់សិបម៉ឺននាក់ដែលកំពុងរងគ្រោះនាពេលបច្ចុប្បន្ន ដូចគ្នាទៅនឹងកម្មករ បុគ្គលិកដែលធ្វើការងារក្នុងប្រព័ន្ធផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.