រដ្ឋាភិបាលនឹងចាត់វិធានការមន្ត្រីអាជ្ញាធរមូលដ្ឋានណាដែលប្រព្រឹត្តខុសគោលការណ៍ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ជាថ្មីទៀត បន្ថែមទៅលើអ្វីដែលលោក ហ៊ុន សែន ធ្លាប់លើកឡើងថាខ្លួនបានផ្ញើលិខិតទៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីចាត់វិធានការលើមន្ដ្រីមូលដ្ឋានណា ដែលដកយកប្រាក់ឧបត្ថម្ភពីពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី២ កក្កដា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង់ សូត មានប្រសាសន៍ថា ខាងលោកបានផ្ញើលិខិតមួយ ទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីចំពោះមន្ដ្រីមូលដ្ឋានទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឬ អនុត្តនីតិវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រងនិងរងគ្រោះក្នុងវិបត្តិកូវីដ១៩ ខុសពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។

កំហុសទាំងនោះដូចជាកាត់លុយពលរដ្ឋ យកសាច់ញាតិខ្លួនបញ្ចូលដើម្បីបានកញ្ចប់ថវិកានេះ ដោយជ្រើសរើសពលរដ្ឋមិនមានតម្លាភាពជាដើម។

លោកក៏បានអំពាវនាវដល់មន្រ្តីភូមិឃុំ បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព និងហាមធ្វើខុសគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ហើយបើមានភាពមិនប្រក្រតីពាក់ព័ន្ធបញ្ហានេះ ពលរដ្ឋត្រូវរាយការណ៍មកមន្ត្រីពាក់ព័ន្ធ ឬក្រសួងសាម៉ីជាបន្ទាន់ផងដែរ។

កាលពីថ្ងៃទី ២៤ មិថុនា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះប្រមាណ៦០ម៉ឺនគ្រួសារដែលរងផប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩។ កម្មវិធីនេះ ត្រូវចំណាយថវិការដ្ឋចំនួន២៥លានដុល្លារក្នុងមួយខែ ហើយកញ្ចប់ថវិកានេះមានចំនួនជាង១រយលានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងនេះក្តី សន្និសីទកាសែតនេះ ធ្វើឡើងក្រោយពេលអនុវត្តកម្មវិធីនេះទៅធ្វើឱ្យមានការតវ៉ាពីសំណាក់ពលរដ្ឋនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាមានករណីអាជ្ញាធរមូលដ្ឋានកាត់ថ្លៃសេវារបស់ពលរដ្ឋក្រីក្រទាំងនោះចន្លោះពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀល។

នៅតំបន់ខ្លះទៀតមានការតវ៉ាឱ្យអាជ្ញាធរបង្ហាញតម្លាភាពក្នុងការផ្តល់កញ្ចប់ថវិកានោះទៅជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដោយថាពលរដ្ឋខ្លះពិការ ចាស់ជរា និងក្រីក្រពិតប្រាកដ ប៉ុន្តែមិនត្រូវបានអាជ្ញាធរមូលដ្ឋានវាយតម្លៃជាប់ជាក្រុមមនុស្សដែលត្រូវជួយសង្គ្រោះ ហើយពលរដ្ឋដែលមានជីវភាពសមរម្យ និងជាសាច់ញាតិរបស់អាជ្ញាធរមូលដ្ឋានបែរជាប់ជាក្រុមពលរដ្ឋក្រីក្រទៅវិញ។

កាលពីថ្ងៃទី ៣០ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

លោកបន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំឬសង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។

លោកអះអាងថា ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

ជាមួយគ្នានេះ លោកនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំឬសង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។

សង្គមស៊ីវិលដែលធ្វើការងារស្និតជាមួយពលរដ្ឋ យល់ឃើញថាដើម្បីធានាថាកញ្ចប់ថវិកាទាំងនេះប្រើប្រាស់ចំគោលដៅ រដ្ឋាភិបាលត្រូវបើកទូលាយឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាដើម។

លើសពីនេះត្រូវមានប្រព័ន្ធត្រួតពិនិត្យ និងតាមដាន ហើយក៏ត្រូវហ៊ានអនុវត្តទោសទណ្ឌដល់មន្ត្រីរាជការទាំងឡាយណា ដែលរកឃើញថាប្រព្រឹត្តអំពើឃុបឃិតគ្នាដើម្បីយកប្រាក់ឧបត្ថម្ភរបស់ជាតិ កុំបានតែត្រឹមការព្រមាននោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.