សមត្ថកិច្ច​នៅ​មិនទាន់​ដោះលែង​យុវជន៦នាក់​ឱ្យ​មាន​សេរីភាព​នៅឡើយ ខណៈ​អាមេរិក​ចង់​ឃើញ​សេរីភាព​បញ្ចេញមតិ​កាន់តែ​ល្អ ប្រសើរ​

យុវតី​ម្នាក់ ក្នុងចំណោម៦នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃម្សិលមិញ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃសុក្រ​នេះ។ដោយឡែក ក្រុម​យុវជន៥នាក់​ទៀត សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិនទាន់​បញ្ចប់​នៅឡើយ។

សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD បាន​ដកស្រង់​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខ​សីហា នៅ​ថ្ងៃទី១៤ ខែសីហា​ថា យុវជន​ម្នាក់​ក្នុងចំណោម៦នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ខណៈ៥នាក់​ទៀត កំពុង​ស្ថិត​ក្នុង​នីតិវិធី​សាកសួរ។ក្រុម​ខ្មែរ​ថាវរៈ​ម្នាក់ ដែល​បញ្ជូន​ខ្លួន​និង​សំណុំរឿង​ទៅ​តុលាការ​នោះ គឺ កញ្ញា ឈឿន ដារ៉ា​វី ដោយ​តុលាការ​ចោទប្រកាន់​កញ្ញា​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃម្សិលមិញ បាន​ចាប់ខ្លួន​មនុស្ស ៦នាក់ ក្នុង​នោះ​មាន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៥នាក់ ដែលគេ​សង្កេតឃើញ​ថា​ជា​មនុស្ស​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហភាព​សជីព​កម្ពុជា និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ពាក់ព័ន្ធ​ការ​លើកឡើង​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ។ក្រុម​យុវជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់ខ្លួន រួមមាន​ឈ្មោះ ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ា​វី ឈ្មោះ សំណាង ឈ្មោះ ថា ឡា​វី ឈ្មោះ យ៉ង សៀងហៃ និង​កញ្ញា ជា គន្ធី​ន។

លើកលែងតែ​កញ្ញា ឈឿន ដារ៉ា​វី ម្នាក់​ប៉ុណ្ណោះ​ដែល​បញ្ជូន​ទៅ​តុលាការ ក្រៅពី​នេះ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ នៅ​កំពុង​សាកសួរ​ពួក​គេ​មិនទាន់​បញ្ចប់​នៅឡើយ។សំណុំរឿង​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នេះ​ដែរ នៅ​ថ្ងៃសុក្រ​នេះ សមត្ថកិច្ច​របស់​លោក ហ៊ុន សែន ក៏បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ដោយ​ចោទ​ពី​បទ​ញុះញង់​បំភ្លៃ​ការពិត ពាក់ព័ន្ធ​រឿង​ព្រំដែន​ជាមួយ​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។នៅ​ថ្ងៃនេះ ដែល ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ឯកអគ្គ​រដ្ឋទូត​របស់​ខ្លួន លោក Patrick Murphy បាន​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ដើម្បី​ស្តាប់​ពី​កង្វល់​របស់​ពួក​គេ ជុំវិញ​ការ​ចាប់ និង​ឃុំខ្លួន លោក រ៉ុង ឈុន ដែល​ជា​មេដឹកនាំ​សហជីព​ទទួល​បានការ​គោរ។

បន្ទាប់ពី​កិច្ចប្រជុំ ឯកអគ្គ​រដ្ឋទូត​រូប​នេះ បាន​សរសេរ​នៅ​លើ​ទំ​ព័រ​ធ្វីទ័​ររបស់​លោក​ថា​ដោយ​សម្តែង​ការ​គាំទ្រ​ជា​ខ្លាំង​ចំពោះ​ជំហរ របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ លោក​បន្ត​ថា ជាគោល​ការណ៍ សហរដ្ឋអាមេរិក​ក៏ដូចជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ដែរ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយរួមទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.