អតីត​ស្នងការ​ខេត្តកំពង់ធំ ថា​បណ្តឹ​ងរឿង​អាស្រូវ​ចោទប្រកាន់​លោក ជា​ការរៀបចំ​ឡើងជា​ប្រព័ន្ធ

អតីត​ស្នងការ នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល បាន​បដិសេធ​នូវ​បណ្តឹង​ដែល​ចោទប្រកាន់​រូបលោក​ថា បាន​បៀតបៀន​កេរ​ភេទ​ទៅលើ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ជា​ស្ត្រី។ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ ដែល​វីដេអូ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃសុក្រ​នេះ លោក អ៊ុ​ក កុសល បាន​បញ្ជាក់​ថា បណ្តឹ​ងរឿង​អាស្រូវ​ចោទប្រកាន់​លោក​នោះ ត្រូវ​បាន​រៀបចំ​ដោយ​ជន​មួយ​ក្តាប់​តូច​មានបំណង​ទម្លាក់​រូបលោក​ពី តំណែង​តែប៉ុណ្ណោះ។

លោក​បន្ត​ថា លោក​មានការ​សោក​ស្តាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​នូវ បណ្តឹ​ងរ​បស់​ក្រុម​នគរបាល នារី​មួយចំនួន​តូច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដែល​ចោទប្រកាន់​រូបលោក​ថា បៀតបៀន​កេរ​ភេទ ទៅលើ​ពួក​គេ​ទាំងនោះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្គភាព​នគរបាល​យុត្តិធម៌​ទាំងមូល ប៉ះពាល់​កិត្តិយស​នារី និង​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ផង​ដែរ​ត។ លោក​បន្ត​ថា​បណ្តឹ​ងនេះ​គឺ​ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ប្រព័ន្ធ ដោយមាន​ជន​មួយ​ក្តាប់​តូច បាន​អូសទាញ បង្ក​ញុះញង់ ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង លាក់បាំង​រឿង​អាថ៌កំបាំង​មួយចំនួន ដើម្បី​ឈាន​ទៅដល់​ការ​ផ្តួល​តួនាទី​ក្នុងនាម​លោក​ជា​ស្នងការ​ខេត្ត​តែម្តង។

លោក​បន្ត​ថា ជា​បទពិសោធន៍​កន្លងមក ស្នងការ​ខេត្ត​នេះ តែង​រង​បណ្តឹង​បែបនេះ ឬបណ្តឹង​ផ្សេងទៀត ដើម្បី​ផ្តួល​រំលំ​ចេញពី​តំណែង​ផង​ដែរ។កាលពី​ថ្ងៃទី៣០ ខែកក្កដា មន្ត្រី​ប៉ូល​ិ​សស្រី​ក្នុង​ខេត្តកំពង់ធំ បាន​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យ​ជួយ​រក​យុត្តិធម៌​ជុំវិញ​រឿងអាស្រូវ​ដែល​លោក អ៊ុ​ក កុសល បាន​បំពាន​កេរ្តិ៍​ភេទ លើ​ពួក​គាត់។

ក្នុង​បណ្តឹ​ងនោះ​បាន​រៀបរាប់​ពី​ដំណើររឿង ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ថា​បាន​បំពាន​កេរ្តិ៍​ភេទ​ទៅលើ​មន្ត្រី​នគរបាល​ជា​ស្ត្រី​នៅ​ខេត្តកំពង់ធំ ជាច្រើន​នាក់​ដោយ​លួង​ថា​នឹង​តម្កើង​តំណែង​ឬស័ក្កិ និង​ប្រើអំណាច​មិន​ឱ្យ​មន្ត្រី​នគរបាល​ទាំងនោះ​បញ្ចេញ​ព័ត៌មាន​អាស្រូវ​ផ្លូវភេទ​របស់​ខ្លួន​ទៅក្រៅ​ទៀតផង។ប្រភព​ដដែល​បន្ត​ថា ពួក​គាត់​ខ្លះ​មាន​ប្តី ហើយ​ត្រូវ​បែកបាក់​គ្រួសារ​ដោយសារ​ស្នងការ​ខេត្ត​រូប​នេះ បំពា​លបំ​ពាន​លើ​ពួក​គាត់​ម្តង​ហើយ​ម្តង​ទៀត បើ​ទោះបីជា​ពួក​គាត់​ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​នៅក្នុង​ខេត្ត ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ។

ក្រៅពី​មិន​អាច​ដោះស្រាយ​បាន ស្ត្រីជា​នគរបាល​ទាំងនោះ អះអាង​ថា ពួក​គាត់​ថែមទាំង​ត្រូវ​រង​ការ​គំរាមកំហែង និង​ធ្វើបាប​ពី​ស្នងការ​ខេត្ត លោក អ៊ុ​ក កុសល ថែមទៀត។ បញ្ហា​ទាំងនេះ ដែល​ជំរុញ ឱ្យ​ពួក​គាត់​សម្រេច​ស្វែងរក​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ តែម្តង។កាលពី​ថ្ងៃទី១១ ខែសីហា ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោ​កស ខេង បាន​បញ្ជាក់​ថា លោក​បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន និង​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ឱ្យ​ពិនិត្យមើល​លើ​បណ្ដឹង​រឿងអាស្រូវ​របស់​ស្នងការ ខេត្ត​រូប​នេះ។

វិវាទ​រឿងអាស្រូវ​នេះ កាលពី​ថ្ងៃទី១២ ខែសីហា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានសម្រេច ផ្អាក​ការងារ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​រឿងអាស្រូវ​បៀតបៀន​ផ្លូវភេទ​ជាមួយ​កូនចៅ​ជា​ស្ត្រី​ដែល​ជាម​ន្ត្រី​ក្រោមបង្គាប់​របស់​ខ្លួន ។

សេចក្តី​ប្រកាស​របស់ក្រ​សួង​មហាផ្ទៃ​កាលពី​ថ្ងៃទី១២ ខែសីហា បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​លោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ដែល​ជា​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ។ក្នុង​លិខិត​ដដែល​បន្ត​ថា ក្រៅពី​សម្រេច​ផ្អាក​ការងារ​ជាម​ន្ត្រី​ផ្កាយ​មាស​ពីរ​រូប​នេះ គឺ​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​ទៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.