ជនជាតិ​ចិន​មួយ​ក្រុម បាន​ចាប់​ស្ត្រី​ចិន​ម្នាក់ ញាត់​ចូលក្នុង​រថយន្ត ដើម្បី​ជំរិត​ទារប្រាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​ថា កាលពី​រាត្រី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ចន្លោះ​ម៉ោង ១០ ទៅ​ម៉ោង ១១យប់ មាន​ករណី​ជនល្មើស​ជនជាតិ​ចិន​មួយ​ក្រុម បាន​ធ្វើសកម្មភាព​ចាប់​មនុស្ស​ស្រី​ម្នាក់​សែង​ញាត់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​នៅមុខ​ហាង លក់​សម្លៀកបំពាក់ “កូ​កូ​” មាន​ទីតាំងនៅ​ចំណុច​ផ្លូវកែង​អតីត​មហោស្រព​ចាស់ ស្ថិត​ក្នុង​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ។

លោកស្នងការ ជួន ណា​រិន្ទ បញ្ជាក់​ថា ករណី​ជនល្មើស​ចាប់​មនុស្ស​ញាត់​ចូលក្នុង​រថយន្ត​ខាងលើ​នេះ ជនសង្ស័យ​មាន​គ្នា​ចំនួន ០៣នាក់ និង​មានភិន​ភាគ​ដូច​ខាងក្រោម៖ ១- មនុស្ស​ប្រុស ពាក់អាវ​យឺត​ដៃខ្លី ពណ៌ខៀវចាស់​, ស្លៀកខោ​ខ្មៅ​ជើងវែង និង​ពាក់មួក​ខ្មៅ។ ២- មនុស្ស​ប្រុស ពាក់អាវ​យឺត​ដៃខ្លី ពណ៌ខ្មៅ​, ស្លៀកខោ​ខ្មៅ​ជើងវែង និង​ពាក់មួក​ខ្មៅ។ ៣- តៃកុង​ឡាន មិន​ចុះពី​លើ​ឡាន​ទេ។

លោកស្នងការ​បន្ត​ថា ករណី​ចាប់ជំរិត​នេះ ជនល្មើស​បាន​ប្រើប្រាស់ រថយន្ត ម៉ាក​ហាយ​ឡេន​ឌ័រ (HIGHLANDER​) ពណ៌ទឹកមាស មិន​ចាំ​ស្លាក​លេខ សម្រាប់​ធ្វើសកម្មភាព ដោយ​បាន​ចាប់​មនុស្ស​ស្រី​ម្នាក់​ពាក់​រូប​ពណ៌ខ្មៅ សែង​ញាត់​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើក​ចេញ ឆ្ពោះទៅ​តាមផ្លូវ​ជាតិ​លេខ៤។

យ៉ាងនេះ​ក្តី ភ្លាម​ៗក្រោយ​កើតហេតុ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង ០៦ព្រឹក​ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ទើប​ក្រុម​សមត្ថកិច្ច​ជំនាញ បាន​កំណត់​មុខសញ្ញា​ឈាន​ទៅ​រំដោះ​ស្ត្រី​រងគ្រោះ​ម្នាក់ នៅត្រង់​ចំណុច​ម្តុំ​ឆ្នេរ​ព្រែក​ត្រែង ស្រុក​ស្ទឹងហាវ។

ដោយឡែក​ជនសង្ស័យ បាន​រត់គេច​ខ្លួន​អស់ ហើយ​បច្ចុប្បន្ន​នេះ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ នៅ​តាម​មូលដ្ឋាន និង​បណ្តា​ខេត្ត​នានា ដើម្បី​ឈាន​ទៅ​ស្ទាក់​ចាប់​ជនល្មើស​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់។

ទាក់ទិន​នឹង​បទល្មើស​នេះ​ដែរ អាណាព្យាបាល និង​អាជីវករ​រស់នៅ​ក្រុង​ព្រះសីហនុ ក៏​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​ពី​សុវត្ថិភាព ក្នុង​ការ​ដើរហើរ និង​ប្រកបរបរ​ទទួលទាន​ប្រចាំថ្ងៃ ដោយសារ​បទល្មើស​ចាប់ជំរិត​មនុស្ស​, ប្លន់​ប្រដាប់​អាវុធ និង​ចោរលួច​ឆក់​ជាដើម បាន​ធ្វើសកម្មភាព​មិន​មាន​សញ្ញា​ថយ​ចុះ​នោះ​ទេ។ ហើយ​ថា បទល្មើស​ភាគច្រើន គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​រួមមាន៖ កម្លាំង​ស្នងការ​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ជួយ​អន្តរាគមន៍​មិនបាន​ទាន់ពេល​ថែមទៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.