លោក កឹម សុខា ថាការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីកសាងមាតុភូមិកម្ពុជា

ប្រធានកនបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថា ការតាមកម្ចាត់គ្នា នឹងនាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា លើកឡើងថា ការបង្រួបបង្រួមខ្មែរ  គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ប៉ុន្តែប្រសិនបើ មានការកម្ចាត់គ្នាឥតឈប់ឈរទៅវិញ នឹងនាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីកសាងមាតុភូមិកម្ពុជាសម្រាប់ខ្មែរទាំងអស់គ្នា ទៅថ្ងៃអនាគតមិនខានឡើយ។

លោក កឹម សុខា បញ្ជាក់ថាក្នុងកាលៈទេសៈនេះ លោកដឹងច្បាស់ថា លោកមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និយាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និង ប្រជាពលរដ្ឋខ្មែរជាទីស្រឡាញ់នោះឡើយ។ ក៏ប៉ុន្តែអ្វីដែលមេបក្សប្រឆាំងរូបនេះអះអាងថា លោកអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬ មិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ។

លើសពីនេះ លោកព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ទោះបីមានសមត្ថកិច្ចនៅកន្លែងខ្លះ បានសហការណ៍ល្អបង្កលក្ខណៈងាយស្រួល និងកន្លែងខ្លះទៀតមានការតាមដាន ឃ្លាំមើល ថតរូប ថតសម្លេង                 សូម្បីតែក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពឯកជនជាមួយក្រុមគ្រួសារ កន្លែងស្នាក់នៅ និងពេលទៅធ្វើចម្ការផ្ទាល់ខ្លួនរបស់លោកក៏ដោយ។

លោកកឹម សុខា អះអាងថា លោកក៏ដឹងច្បាស់ថាអ្វីដែលលោកអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យលោកចូលក្នុងអន្ទាក់គេក៏ដោយ ប៉ុន្តែលោកនូវតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងប្រទេសជាតិខ្លួនឡើយ។

ប្រធានគណបក្សប្រឆាំងរូបនេះ អះអាងថាលោកបានកំណត់ហើយថា «ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់លោក» ហើយ «ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលលោក កើត រស់ និងស្លាប់» ។ ទាំងនេះ លោកមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ បើទោះបីជាលោកស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ។

ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ នៅពេលលោកអាចធ្វើដំណើរទៅតាមមូលដ្ឋានខ្លះ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ  បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិដោយផ្ទាល់ គឺកាន់តែធ្វើឲ្យលោកអាណិត ស្រឡាញ់ និងដឹងគុណបំផុតចំពោះមាតុភូមិកម្ពុជា និងបងប្អូនជនរួមជាតិខ្មែរ ដោយមិនអាចបោះបង់បានឡើយ។

លោកថាទឹកដីខ្មែរ មានភូមិសាស្ត្រ និងធនធានធម្មជាតិអំណោយផលល្អណាស់ ឲ្យតែយើងគ្រប់គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ។  រីឯ ពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់ បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ។ លោកបន្តថា ខ្មែរអាចរស់នៅដោយ ឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនៈភាពសម្រាប់ខ្មែរដូចគ្នា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ទាំងយប់កាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ហើយលោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ដោយចោទប្រកាន់លោកបទសន្ទិដ្ឋិភាពជាមួយបរទេស។ មួយឆ្នាំក្រោយមក លោកត្រូវបានផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនារាជធានីភ្នំពេញវិញ ក្រោមហេតុផលសុខភាពរបស់លោក។

សំណុំរឿងលោកសន្ទិដ្ឋិភាពជាមួយបរទេសឬត្រូវរ៉ូវជាមួយបរទេស បានបើកសវនាការមួយរយៈពេលខ្លី ប៉ុន្តែត្រូវបានតុលាការសម្រេចផ្អាកទៅវិញកាលពីខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យ៉ាងណាដំណើរការសវនាការក្តីនេះមុនពេលផ្អាកនោះ សហរដ្ឋអាមេរិកបានលើកឡើងដោយអន់ចិត្តចំពោះការចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយខ្នងនៃការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។              

អាមេរិកបញ្ជាក់ថា ការចោទប្រកាន់លោកកឹម សុខា គឺជាការប្រឌិតឡើងដោយព្រះរាជអាជ្ញា ហើយសំណុំរឿងនេះទៀតសោធ គ្មានភស្តុតាងអ្វីទាំងអស់ និងជារឿងអយុត្តិធម៌បំផុតសម្រាប់លោក កឹម សុខា។

កាលពីខែវិច្ឆិកាថ្មីៗនេះ លោក ហ៊ុន សែន បានប្រកាសថាលោកស្វាគមន៍ចំពោះបំណងបង្រួបបង្រួមអ្នកនយោបាយដើម្បីជាប្រយោជន៍ខ្មែរទាំងមូល ។ ប៉ុន្តែលោកប្រឆាំងរហូតដល់ដង្ហើមចុងក្រោយ ចំពោះការបង្រួបបង្រួមអ្នកនយោបាយ ដែលមានបំណងតាមកម្ទេចត្រកូលហ៊ុន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.