គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា របាយការណ៍អង្គការអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គឺគ្មានមូលដ្ឋានពិតប្រាកដ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្ម និងច្រានចោលថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty អំពីសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើឡើងដោយគ្មានមូលដ្ឋាន និងមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះថា របាយការណ៍របស់ អង្គការលើកលែងទោសអន្តរជាតិ International Amnesty អំពីសិទ្ធិមនុស្សនៅកម្ពុជា មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ដែលគ្រាន់តែជាការចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្សប៉ុណ្ណោះ។ លោក ជិន ម៉ាលីន អះអាងថា ការចេញរបាយការណ៍ខុសការពិត របស់ពួកបរទេសទាំងនោះមិនដឹងថា តើពួកគេចង់បានអ្វីឱ្យពិតប្រាកដនោះទេ ខណៈរបាយការណ៍ និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលកម្ពុជា ជាសាធារណៈនាពេលកន្លងមក មិនត្រូវបានអង្គការទាំងនោះយកទៅពិចារណាបន្តិចសោះឡើយ។

ការអះអាងនេះធ្វើឡើង ដើម្បីបដិសេធទៅនឹងការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty ដែលបានរិះគន់អំពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីសង្ខេបព័ត៌មានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ក្នុងឆ្នាំ២០២០ ដោយអះអាងថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ។ ព្រោះរបាយការណ៍នោះគ្រាន់តែប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដែលមិនបានសិក្សាលើមូលហេតុលម្អិតអំពីទិដ្ឋភាព និងនីតិវិធីច្បាប់នោះទេ។

អង្គការលើកលែងទោសអន្តរជាតិ International Amnesty បានចេញរបាយការណ៍ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះ ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនព្រៃឈើ សកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស លើសពីនេះ បានធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង និងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកសារព័ត៌មាន ជាដើម។

បន្ថែមពីនេះ អង្គការអន្តរជាតិការពារសិទ្ធិមនុស្សអន្តរជាតិនេះ បានលើកឡើង ពីការរឹតបន្តឹង និងការហាមឃាត់ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋជាច្រើនផងដែរ រួមមាន សិទ្ធិបញ្ចេញមតិជាសាធារណៈ សិទ្ធិក្នុងការជួបជុំ និងសិទ្ធិក្នុងការទទួលព័ត៌មាន។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះ សេចក្តីថ្លែងការរបស់របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty កំពុងធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ភ័យព្រួយពីទង្វើរំលោភសិទ្ធិមនុស្សដ៏គឃ្លើនរបស់ខ្លួននាពេលកន្លងមក និងបច្ចុប្បន្ននេះ។

លោកអះអាង គ្រប់របាយការណ៍របស់អង្គការអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដែលពិតប្រាកដ និងមានភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែកម្ពុជា តែងតែចេញសេចក្តីថ្លែងការណ៍បញ្ច្រាសដើម្បីការពារខ្លួនពីការចោទប្រកាន់ទាំងនោះ។ លោកថា នេះគ្រាន់តែជាវិធីការពារខ្លួនដ៏ល្ងង់ខ្លៅទៅវិញទេ ព្រោះអង្គការការពារសិទ្ធិមនុស្សទាំងនោះជឿជាក់តែទៅលើតែភស្តុតាងរួមជាមួយភ្នាក់ងាររបស់ពួកគតែប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.