សកម្មជនបក្សប្រឆាំងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី អាចជាការបើកភ្លើងខៀវសម្រាប់ជីវិតនយោបាយ

សកម្មជនបក្សប្រឆាំង ភាគីលោក កឹម សុខា អះអាងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ចំពោះអតីតមេបក្សប្រឆាំងដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិននោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយជួយស្តារ និងស្រោចស្រង់ជីវិតនយោបាយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ។

សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ខែមេសា នេះថា ការអំពាវនាវរបស់ លោក សម រង្ស៊ី ឲ្យពលរដ្ឋខ្មែរ នាំគ្នាចាក់វ៉ាក់សាំងចិន ដែលលោកធ្លាប់រិះគន់កន្លងមកនោះ បានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត និងបាត់បង់ការគាំទ្រពីពលរដ្ឋខ្មែរ ដែលរស់នៅបរទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក កាណាដា និងខ្មែរ នៅទ្វីបអឺរ៉ុប ជាដើម ដែលតែងតែមិនទុកចិត្តរបបកុម្មុយនិស្តចិន រហូតមក។

លោកអះអាងថា អ្នកនយោបាយ ដែលកំពុងក្តោបក្តាប់កូនសោនៃដំណោះស្រាយនយោបាយកម្ពុជា គឺមានតែលោក កឹម សុខា ម្នាក់គត់ ព្រោះថា ការព្រួយបារម្ភរបស់គណបក្សប្រជាជនកម្ពុជា ពិតប្រាកដ មិនមែនអ្នកប្រឆាំងនៅក្រៅស្រុកនោះទេ គឺការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ជាដើម ដែលបានទាមទារឲ្យបើកសិទ្ធិសេរីភាពជូនមេបក្សប្រឆាំងដែលកំពុងរឹតត្បិតសេរីភាពរូបនេះឡើងវិញ។

លោក ហ៊ុន កុសល បញ្ជាក់ថា ដើម្បីគេចផុតពីទណ្ឌកម្មនេះ និងអាចរក្សាអំណាចបន្តទៀត លោក ហ៊ុន សែន ត្រូវតែជួយស្រោចស្រង់ជីវិតនយោបាយរបស់លោក សម រង្ស៊ី តាមមធ្យោបាយផ្សេងៗ ដើម្បីឲ្យពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសមើលឃើញថា ហ៊ុន សែន និង សម រង្ស៊ី ជាគូប្រជែងដ៏ក្តៅគគុកលើទីលាននយោបាយនៅកម្ពុជា ដដែល។

លោកសង្កត់ធ្ងន់ថា ទោះលោក ហ៊ុន សែន ធ្លាប់ប្រកាសដាច់ខាតថា ឈប់ឆ្លើយឆ្លងជាមួយលោក សម រង្ស៉ី ក៏ដោយ ប៉ុន្តែទីបំផុតលោក ហ៊ុន សែន នៅតែត្រូវការលោក សម រង្ស៊ី ឲ្យជួយបន្តសេណារ៉េយូរក្សាអំណាចរបស់លោកដដែល ត្បិតអំណាចរបស់លោកដែលខ្លាំងក្លាដូចសព្វថ្ងៃនេះ ក៏មានការចូលរួមរបស់អតីតមេបក្សប្រឆាំងរូបនេះផងដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មធ្ងន់ៗទៅនឹងការអំពាវនាវរបស់អតីតមេបក្សប្រឆាំងដែលជំរុញឲ្យពលរដ្ឋខ្មែរ នាំគ្នាទៅទទួលវ៉ាក់សាំងរបស់ចិន តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ ទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី ដែលជុំរុំឲ្យ ពលរដ្ឋទៅចាក់វ៉ាក់សាំងថា មានចេតនាអាក្រក់បំផុសបំផុលឲ្យ ពលរដ្ឋ មកដណ្តើមចាក់វ៉ាក់សាំង ដែលជាចេតនា បង្កចលាចល ខណៈកម្ពុជា មានថ្នាំបង្ហានេះមិនទាន់គ្រប់តាមផែនការ ដើម្បីចាក់ជូនពលរដ្ឋខ្មែរនៅឡើយ ។

លោក ហ៊ុន សែន អះអាងថា ផែនការដ៏អាក្រក់នេះមិនអាចរំលងពីភ្នែករបស់លោកបានទេ ដែលនោះគ្រាន់តែជាវិធីរុញទូកបណ្តោយទឹកដើម្បីញុះញង់ពលរដ្ឋរិះគន់រដ្ឋាភិបាលដែលមានថ្នាំបង្កាមិនទាន់គ្រប់ចំនួនតែប៉ុណ្ណោះ ដែលមិនមែនជាវិធីរួមចំណែកឲ្យពលរដ្ឋបានសេចក្តីសុខនោះទេ។

យ៉ាងនេះក្តីលោក ហ៊ុន សែន អះអាងថា កម្ពុជា ត្រូវតែចាក់វ៉ាក់សាំងតាមផែនការមេ គឺអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងត្រូវចាក់ ថ្នាំបង្ការ អាស្ត្រាសេណេកា ខណៈអ្នកមានអាយុ ៥៩ឆ្នាំចុះក្រោមត្រូវចាក់ ស៊ីណូហ្វាម និងអ្នកមានអាយុចាប់ពី ១៨ឡើងទៅត្រូវចាក់ វ៉ាក់សាំង ស៊ីណូវ៉ាក់ តាមការរៀបចំរបស់រដ្ឋាភិបាលកម្ពុជា កន្លងមក។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្សាយផ្ទាល់លើបណ្ដាញសង្គមFacebook កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ គ្រប់រូបនាំគ្នាទៅចាក់វ៉ាក់សាំងរបស់ប្រទេសចិន ឲ្យបានគ្រប់ៗគ្នា ពីព្រោះវ៉ាក់សាំងនេះ មានទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយមិនទាន់មានភាពអវិជ្ជមានណាមួយនៅឡើយទេ។

យ៉ាងនេះក្តី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក សម រង្ស៊ី បានសរសេរលើទំព័រFacebook របស់លោក ថា លោក ហ៊ុន សែន គ្មានយល់អ្វីទាល់តែសោះ ពីការស្រាវជ្រាវ ការសាកល្បង ការប្រើប្រាស់ និងការតាមដានវ៉ាក់សាំង ដើម្បីវាស់វែងពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនីមួយៗនោះទេ។ ជាងនេះទៀត លោកថា ការទិញវ៉ាក់សាំង យកទៅចាក់ការពារពីជំងឺ Covid-19 ឲ្យពលរដ្ឋ គឺដូចជាការទិញស្ករគ្រាប់ យកមកបាចឲ្យកូនក្មេង ឬឲ្យមនុស្សដែលមានកម្រិតវប្បធម៌ជាកូនក្មេងដូចគាត់ដែរ តែប៉ុណ្ណោះ។

ក្នុងការផ្សាយផ្ទាល់ពិសេសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០វិច្ឆិកា កាលពីចុងខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកនឹងមិនឆ្លើយឆ្លងជាមួយក្រុមទណ្ឌិតនៅក្រៅស្រុកបន្តទៀតនោះទេ។ លោកថា បើអ្នកទាំងនោះចង់មកនិយាយជាមួយលោក ត្រូវទៅទទួលទោសចំពោះមុខតុលាការជាមុនសិន។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី១២ មេសា នេះថា ការយកវីរុស Covid-19 និងករណីវ៉ាក់សាំង ដែលសុទ្ធតែជារឿងបច្ចេកទេស ត្រូវសង្គ្រោះប្រជាពលរដ្ឋ ទៅលេងជាល្បែងនយោបាយ គឺបង្ហាញពីអ្នកនយោបាយខ្វះគុណធម៌សុទ្ធសាធ ព្រោះពួកគេ បានប្រើអាយុជីវិតប្រជាពលរដ្ឋ ធ្វើជាឈ្នាន់នយោបាយដើម្បីល្បែងនេះ។

លោក គឹម សុខ បញ្ជាក់ថា បើដើម្បីប្រទេសជាតិពិតមែន  ពួកគេគួរតែនាំគ្នាប្រកាសជាចំហ រកការចរចាផ្សះផ្សាជាតិ ដើម្បីដោះស្រាយវិបត្តិជាតិនានាដែលកំពុងកើតមាន នោះទើបជាអ្នកនយោបាយថ្ងៃថ្នូ និងមានគុណធម៌សម្រាប់ពលរដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.