ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាថា នឹងតស៊ូរកយុត្តិធម៌ជូនប្រធានបក្សប្រឆាំងលោក កឹម សុខា ឲ្យបាន

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា នឹងបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា។

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នេះថា ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបពិភាក្សាជាមួយ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាព គឺលោក កឹម សុខា លើប្រធានបទជាច្រើន រួមមាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងជំនួយលើជំងឺកូវីដ-១៩ របស់អូស្រ្តាលី ដល់ប្រទេសកម្ពុជា។

ប្រភពដដែល អះអាងថា អូស្រ្តាលីនៅតែបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ លោក កឹម សុខា ដើម្បីឱ្យមានការផ្សះផ្សានយោបាយ និងចលនាឆ្ពោះទៅមុខ នៅក្នុងលទ្ធិប្រជាធិបតេយ្យដែលអាចទទួលបានជាមួយនឹងការខិតខំប្រឹងប្រែង នៅកម្ពុជា។

ការអះអាងនេះធ្វើឡើងស្របពេលដែលមេបក្សប្រឆាំងលោក កឹម សុខា កំពុងរងការរឹតត្បិតសេរីភាព ពីអាជ្ញាធរក្រុងភ្នំពេញអស់រយៈពេល ជិត៥ឆ្នាំកន្លងមកនេះ។

ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ លោក កឹម សុខា បញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត នៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ពលរដ្ឋខ្មែរ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ការចាប់លោក កឹម សុខា ទាំងយប់នោះ  ដោយចោទពីបទក្បត់ជាតិតាមប្រសាសន៍របស់លោកហ៊ុន សែន។

រហូតមកទល់នឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ក៏ត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅគេហដ្ឋានរបស់លោកវិញនៅក្រោមហេតុផលសុខភាពមិនប្រក្រតី។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានចេញដីកាកែប្រែលក្ខខណ្ឌនៃការឃុំខ្លួនលោក ដោយតុលាការបានផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការដដែល ពិសេសតុលាការហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសឡើយ។

បែបនេះក្តី មកទល់នឹងពេលនេះ លោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ស្របពេលតុលាការប្រកាសផ្អាកសវនាការរបស់លោកតាំងពីខែមីនាឆ្នាំ២០២០ ក្រោមហេតុផលការពារជំងឺកូវីដ១៩៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.