ប្រធានគណបក្សសង្គ្រោះជាតិថា ប្រទេសជាតិមួយបើបែកបាក់សាមគ្គីនឹងជួបទុក្ខជាមិនខាន

មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើខ្មែរមានសាមគ្គីគ្នា ខ្មែរនឹងបានសេចក្តីសុខ ហើយបើខ្មែរបែកបាក់ ខ្មែរនឹងជួបទុក្ខ ជាមិនខាន។

អះអាងនេះធ្វើឡើងក្នុងលិខិតអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា ព្រមទាំង ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញលិខិត អបអសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានខ្លឹមសារថា សូមទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ នាំមកនូវ សាមគ្គីជាតិខ្មែរ ដែលកើតចេញពីការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ ដ៏ពិតប្រាកដសម្រាប់ ពលរដ្ឋខ្មែរ ព្រោះស្ថានភាពនេះខ្មែរមិនត្រូវបែកបាក់គ្នាដោយសារការបម្រើមហិច្ឆតា នៃនិន្នាការភាគីណាមួយឡើយ។

លោក អះអាងថា ដើម្បីឲ្យកើតមានការផ្សះផ្សារបង្រួបបង្រួមជាតិពិតប្រាកដ លុះត្រាតែខ្មែរគ្រប់ភាគីប្រកាន់យកនៅព្រហ្មវិហារធម៌ទាំងអស់គ្នា ព្រោះការបង្រួបបង្រួមសាមគ្គីជាតិ គឺជាឱសថដ៏ស័ក្តសិទ្ធបំផុតសម្រាប់ដោះស្រាយបញ្ហានានាដែលកម្ពុជាកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ។

លោក កឹម សុខា បានបួងសួងសុំឲ្យប្រទេសកម្ពុជា និងពលរដ្ឋខ្មែររួចផុតពីគ្រោះកាច ឧបទ្រពចង្រៃ និងសូមឲ្យទេតាឆ្នាំថ្មីជួយអភិបាលរក្សាដែនដីកម្ពុជរដ្ឋ ទទួលបាននៅសុភមង្គល និងសេចក្តីសុខជានិរន្ត។

សង្ក្រានឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤ទាបភ្លឺ តាមកាលកំណត់។ បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលពលរដ្ឋខ្មែរតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាមជំនឿព្រះពុទ្ធសាសនា។ ពួកគេបានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌ ដូចជា ទឹកផ្ដិលអប់ដោយផ្កា ទៀន ធូប ផ្កាភ្ញី ភេសជ្ជៈ និងនំចំណី ផ្លែឈើ ជាដើម លើសពីនេះ ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន ដោយការបែរបន់ដើម្បីសុំសេចក្តីសុខផងដែរ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់នៅថ្ងៃទី១៣ មេសា នេះថា ទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី នឹងជួយថែរក្សាអ្នកទាំងឡាយណាដែលចេះជួយខ្លួនឯង ដូច្នេះសូមពលរដ្ឋខ្មែរនៅផ្ទះ ដើម្បីសុវត្ថិភាពទាំងអស់គ្នាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣កុំ និង៣ការពារឲ្យបានត្រឹមត្រូវ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.