គណបក្សក្រៅរដ្ឋាភិបាល GDP ថា ប្រសិនបើមិនមានការចូលរួមពី ពលរដ្ឋទេ កម្ពុជា នឹងដើរដល់មាត់ជ្រោះជាមិនខាន

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្របគ្រង និងវិភាគទិន្នន័យនៃការឆ្លងវីរុសCovid-19  មិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ទីរពេទ្យអស់លទ្ធភាពទទួលព្យាបាលអ្នកឆ្លងជំងឺនេះបន្តទៀត នោះមានន័យថា កម្ពុជា បានដើរដល់មាត់ជ្រោះនៃគ្រោះមហន្តរាយហើយ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អនុគណ:កម្មការស្រាវជ្រាវជំងឺCovid-19  ឬ CDC គួរតែរៀបចំវិភាគទិន្នន័យអ្នកឆ្លងវីរុសនេះឲ្យបានទាន់ពេលវេលា ព្រោះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការសម្រេចចិត្តសម្រាប់រដ្ឋាភិបាលទាក់ទងនឹងវិធានការរដ្ឋបាលនានាដើម្បីទប់ស្កាត់ការចម្លងបន្តទៀត។

លោក ជំរុញឲ្យរដ្ឋាភិបាល បង្កើនការគ្រប់គ្រងទិន្នន័យអ្នកឆ្លងជាចង្កោមឲ្យបានច្បាស់លាស់  ដើម្បីបង្កើនការអនុវត្តវិធានការ ៣កុំ ៣ការពារ ពង្រឹងលើការព្យាបាលអ្នកជំងឺ និងការធ្វើចត្តាឡឺស័កឲ្យបានហ្មត់ចត់ ដោយឡែក បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវទៅកាន់ ពលរដ្ឋឲ្យចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតនេះជាមួយរដ្ឋាភិបាលទាំងអស់គ្នា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ។

ការអះអាងនេះធ្វើបន្ទាប់ពីក្រសួងសុខាភិបាល បានចេញរបាយការណ៍អំពីអ្នកឆ្លងវីរុសCovid-19 ថ្មីដែលបានកើនឡើងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់កម្ពុជា។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មីចំនួន ៣៤៤នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួនត្រឹមតែ ២៩នាក់ប៉ុណ្ណោះ។

ក្រសួងអះអាងថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ៥ពាន់នាក់ រីឯអ្នកដែលបានព្យាបាលជាសះស្បើយសរុបមានចំនួនជាង ២ពាន់ ៣រយនាក់ ខណៈអ្នកកំពុងព្យាបាលក៏បានកើនឡើងជិត ៣ពាន់នាក់ផងដែរ ចំណែកឯអ្នកដែលបានស្លាប់ដោយសារជំងឺនេះបានកើនឡើងដល់ ៣៦នាក់ហើយ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសCovid-19 ថ្មីទាំងនេះបានរកឃើញនៅតាមបណ្តារាជធានីខេត្តចំនួន៨ ដូចជា រាជធានីភ្នំពេញ ២៤៣នាក់ ខេត្តស្វាយរៀង ៧១នាក់ ខេត្តកណ្តាល ៨នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តកោះកុង ៥នាក់ ខេត្តតាកែវ ៣នាក់ ខេត្តក្រចេះ ២នាក់ និងខេត្តសៀមរាប ១នាក់។

តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅកម្ពុជា វេជ្ជបណ្ឌិត Li Ailan កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានព្រមានថា កម្ពុជា អាចនឹងឈរនៅមាត់ជ្រោះនៃសោកនាដកម្មដោយសារមេរោគរាតត្បាត Covid-19 ប្រសិនបើ កម្ពុជា មិនអាចគ្រប់គ្រងការផ្ទុះក្នុងសហគមន៍នេះបានទេ នោះកម្ពុជានឹងជួបគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.