ការ​កំណត់​យក​ថ្ងៃទី​១៤​ខែ​មេសា​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

លោក​អ្នក​នាង​ជាទី​មេត្រី! ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ​ថ្មី​ ឆ្លង​ពី​ឆ្នាំ​ចរ​ ចូល​ឆ្នាំ​កុរ​ ឬ​ កោរ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​ចំ​ថ្ងៃ​អាទិត្យ​ទី​១៤​​មេសា​ហើយ​ទេវតា​នឹង​យាង​ចុះ​មក​នៅ​វេលា​ម៉ោង​៣:១២​នាទី​រសៀល។ ​ទេវតា​ឆ្នាំ​នេះ​​ជា​ទេវរាជ​បុត្រី​ច្បង​របស់​កបិល​មហា​ព្រហ្ម​មាន​ព្រះ​នាម​ថា ​ទុង្សា​ទេវី។​

ទ្រង់​គ្រង​ស្នៀត​ផ្កា​ទទឹម​មាន​គ្រឿង​ប្រដាប់​សោយ​ហៅ​ថា​ បទុមរាគ​ភក្សា​ហារ​ឬ​ប្រែ​ថា​ ម្ហូប​អាហារ​ជា​ផ្លែ​ឧទុម្ពរ​ ​ឬ​ផ្លែ​ល្វា​ពណ៌​ទទឹម​ អាវុធ​ខាង​ព្រះ​ហស្ត​ស្តាំ​ជា​កង​ចក្រ ​ខាង​ព្រះ​ហស្ត​ឆ្វេង​ជា​ស័ង្ខ ​ឬ​ខ្សង​សមុទ្រ​ពណ៌​ស ​ហើយ​ទ្រង់​គង់​លើ​សត្វ​គ្រុឌ​ជា​រាជរថ។​

កម្ពុជា​មាន​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ក្នុង​មួយ​ឆ្នាំ​ចំនួន​២២​ដង​រួម​ទាំង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​ គេ​សង្ឃឹម​ថា​ ពល​រដ្ឋ​ខ្មែរ​ជា​មនុស្ស​ចិត្ត​បុណ្យ​ចិត្ត​ទាន ​ពោរ​ពេញ​ដោយ​សប្បុរស​ធម៌ ​និង​មនុស្ស​ធម៌។​ ផ្ទុយ​ទៅ​វិញ​ មាន​ភាគ​តិច​បំផុត​ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​មួយ។​

អង្គការ​អង់គ្លេស​មួយ​ឈ្មោះ ​Charity Aid Foundation​ឬ​ មូលនិធិ​ជំនួយ​ស្បុរស​ធម៌​បាន​ផ្សាយ​ម្តង​ម្កាល​នូវ​ការ​ស្រាវ​ជ្រាវ​អំពី​ទឹក​ចិត្ត​សប្បុរស​ និង​ មនុស្ស​ធម៌​នៃ​ប្រជា​ជាតិ​និមួយៗ​ក្នុង​ប្រទេស​ចំនួន​១៤៦​ក្នុង​ពិភព​លោក​​ដោយ​សាក​សួរ​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​និមួយៗ​ ដើម្បី​ចង់​ដឹង​ថា​ តើ​ពលរដ្ឋ​ប្រទេស​ណា​មាន​ចិត្ត​សប្បុរស ​បរិច្ចាគ​ទាន​ ញឹក​ញាប់​ច្រើន​ជាង​គេ។​

អង្គការ​នេះ​សាក​សួរ​ជាតិ​សាសន៍​ក្នុង​ប្រទេស​សេរី ​ប្រជា​ធិបតេយ្យ​ក៏​ដូច​ជា​ប្រទេស​កុម្មុយនិស្ត ​និង​​ផ្តាច់ការ​៣​សំណួរ​ទាក់ទង​នឹង​សន្តាន​ចិត្ត​សប្បុរស៖​ ទី​១ ​ជួយ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា ​ពេល​គេ​ត្រូវ​ការ​អ្វី​មួយ។​ ទី២​បរិច្ចាគ​ទាន​ដល់​អង្គការ​មនុស្ស​ធម៌។​​ទី​៣​ ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​វេលា​ជួយ​អង្គការ​ណា​មួយ។​

តាម​សេចក្តី​រាយ​ការណ៍​សម្រាប់​ឆ្នាំ​២០១៨​ ផ្សាយ​កាល​ពី​ខែ​តុលា  ឆ្នាំ​២០១៨ កន្លង​ទៅ​ កម្ពុជា​ជាប់​លំដាប់​ថ្នាក់​លេខ​១៤០​ តាម​ពិន្ទុ​សរុប​លើ​ចំណុច​ទាំង​៣។ ​លើ​ចំណុច​ទាំង​៣​ដូច​គ្នា​ គឺ​ជួយ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា ​ពេល​គេ​ត្រូវការ​ពឹង​ពាក់​ ​បរិច្ចាគ​ទាន​ដល់​អង្គការ​មនុស្ស​ធម៌​ ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​ជួយ​អង្គការ​ណាមួយ​ ប្រទេស​ឥណ្ឌូ​នេស៊ី​ ជាប់​លំដាប់​ថ្នាក់​លេខ​១​ក្នុង​ពិភព​លោក។​

លំដាប់​ថ្នាក់​ខាង​ជួយ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ ពេល​មាន​ទុក្ខ​ត្រូវ​ការ​ពឹង​ពាក់ ​ប្រទេស​កម្ពុជា​ជាប់​លេខ​១៤៤។ ​ខាង​ បរិច្ចាគ​ទាន​ដល់​អង្គការ​មនុស្ស​ធម៌ ​កម្ពុជា​ជាប់​លេខ​៥៥​ហើយ​ខាង​ ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​ជួយ​អង្គការ​ណា​មួយ​ កម្ពុជា​ជាប់​លេខ​១៤២​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤៦។​ ក្នុង​សហគមន៍​អាស៊ាន ​ដែល​មាន​ប្រទេស​១០៖ ​លេខ​១​ ឥណ្ឌូនេស៊ី​ លេខ​២​សិង្ហបុរី​ លេខ​៣​ភូមា​ លេខ​៤​ថៃ​​ លេខ​៥​ ហ្វីលីពីន​  លេខ​៦​លាវ​ ​លេខ​៧​កម្ពុជា។ ​ប្រទេស​ម៉ាឡេស៊ី​គ្មាន​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៨។​ ប្រទេស​វៀតណាម​និង​ប្រ៊ុយណេ​ គ្មាន​លំដាប់​ថា្នក់​លេខ​ប៉ុន្មាន​ឡើយ។​

ខ្លឹមសារ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​សំដៅ​សម្គាល់​កត់​ត្រាទុក​អំពី​ប្រជា​ជាតិ​ ចិត្ត​សប្បុ​រស​បំផុត​ ប្រជា​ជាតិ​ចិត្ត​មិន​សូវ​សប្បុរស​ និង​ ប្រជា​ជាតិ​ចិត្ត​អ​សប្បុរស​ ឬ​​កំណាញ់​គឺ​ពី​លេខ​១​ដល់​លេខ​១៤៦។ ​វា​បញ្ជាក់​ថា​ តើ មនុស្ស​ចេះ​យល់​ ចេះ​ស្គាល់​ទុក្ខ​​ធុរៈ​ ឬ​ មិន​ចេះ​យល់ ​មិន​ស្គាល់​ទុក្ខ​ ធុរៈ​អ្នក​ដទៃ ​គិត​​ឬ​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គ្រួ សារ​ បក្ស ​និង​ ពួក​

ខ្លួន។​ គេ​អាច​វិនិច្ឆ័យ​ឲ្យ​តម្លៃ​ប្រជាជាតិ​មួយ​តាម​រយៈ​សេចក្តី​រាយ​ការណ៍​នោះ។ ​ចំពោះ​ពល​រដ្ឋ​ខ្មែរ​ជា​ពុទ្ធសាសនិក​ជន​ សេចក្តី​រាយ​ការណ៍​នោះ​អាច​ធ្វើ​ឲ្យ​ជាតិ​យើង​អាប់​ឱន​ អាម៉ាស់​ក្នុង​សកល​លោក៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.