កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​អ្នកកាប់ឈើ​ដែល​នៅ​តែ​បន្តឆ្លងដែន​ចូលទឹកដីថៃ

មន្ត្រីក្រសួងការបរទេស​កម្ពុជា​ និង​ក្រសួងការបរទេសថៃ បាន​សន្យាថា​ នឹង​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​​ជនជាតិខ្មែរ ដែល​បាន​ឆ្លង​ព្រំដែនខុស​​​ច្បាប់​ចូលក្នុង​ទឹកថៃ ដើម្បី​កាប់​ឈើ​គ្រញូង ដែល​អាច​លក់​នៅតាម​ទីផ្សារ​ងងឹតបាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយ​ម៉ែត្រគូប។

នៅឯកិច្ច​ប្រជុំ​មួយក្នុង​ទីក្រុង​បាង​កក ​កាល​ពីថ្ងៃអង្គារ​ គណៈប្រតិភូ ដែល​ដឹក​នាំ​ដោយលោក ឡុង​ វីសាលោ រដ្ឋ​លេខា​ធិការ​​ក្រសួង​ការ​បរទេសបាន​ជួប​ប្រជុំ​ជាមួយ​​លោកជូឡាពង់ ណុនស្រុីឆៃ (Jullapong Nonsrichai) អនុ​រដ្ឋ​មន្ត្រីការ​បរទេស​ថៃ ហើយ​ភាគី​ទាំង​ពីរ​បាន​​ឯកភាពសហការ​គ្នា​ឲ្យ​បាន​កាន់​តែ​ជិតស្និទ្ធ ថែមទៀត ដើម្បី​ទប់​ស្កាត់​កុំឲ្យមាន ការបាញ់​សម្លាប់​ជនជាតិខ្មែរ​តទៅ​ទៀត។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍ថា “ប្រ​ទេស​​​​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ឧប្បត្តិហេតុ​ ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​​នៅតាម​បណ្តោយ​ព្រំដែន។ ភាគី​ទាំង​ពីរបាន​យល់​ព្រម​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​បានកាន់តែ​ជិតស្និទ្ធ​ថែមទៀត ​រវាង​​ព្រះ​រាជា​ណាចក្រទាំងពីរ”។

កាលពីថ្ងៃច័ន្ទ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញឲ្យ​អាជ្ញាធរ​កម្ពុជា​ខំធ្វើការ​ថែមទៀត​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ដែល​គេ​សង្កេត​​ឃើញ​​យ៉ាង​ហោច​ណាស់​ក៏មាន​ជន​ជាតិខ្មែរ១៣នាក់​ដែរត្រូវ​ទាហានថៃ​បាញ់​សម្លាប់​នៅដើមឆ្នាំនេះ។

លោក កុយ គួង​ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហា​ផ្ទៃរបស់កម្ពុជា​ត្រូវមាន​ភារកិច្ច​ដឹកនាំ និងទទួល​ខុស​ត្រូវ ប៉ុន្តែព័ត៌មាន​លម្អិត​មិនទាន់​លាតត្រដាងឲ្យដឹង​នៅឡើយទេ។

លោក​បាន​មាន​ប្រសាសន៍ថា ផែន​ការ​​ច្បាស់​លាស់​បន្ថែមទៀត​ ស្តីអំពី​ើវិធី​ត្រូវ​​ទប់​ស្កាត់​បញ្ហានេះ ​ដោយ​របៀបណានោះ​ នឹង​​ត្រូវ​លើក​យក​ទៅ​ពិភាក្សានៅ​កិច្ចប្រជុំ​រួម​​មួយ​ទៀត​ “ ដែល​រៀប​ចំធ្វើ​ឡើងនៅ​ពេល​ឆាប់​​ៗខាងមុខ​នេះ”។

នៅឯកិច្ច​ប្រជុំ​កាលពីថ្ងៃអង្គារ​ លោក កុយ​ គួង បាន​មាន​ប្រសាសន៍ថា ភាគីកម្ពុជា​បាន​ជំរុញ​ឲ្យ​​ភាគីថៃ​ហាម​ឃាត់​ទាហាន​របស់​ខ្លួន​នៅតាម​ព្រំដែន​កុំ​ឲ្យ​បាញ់​អ្នក​កាប់​ឈើ​​​​​ តែសំណូមពរ​ឲ្យចាប់​ខ្លួន​ ហើយ​​ដាក់​ទោស​ពួកគាត់​វិញ។

ក្រុមមន្ត្រីថៃ​បាន​អះអាង​ដដែល​ៗថា តាម​ពិត​ទាហាន​របស់​ខ្លួន​​​​គ្រាន់​តែ​​ចាប់​ខ្លួន ហើយ​ដាក់ទោសជន​ជាតិខ្មែរ ​ដែល​ភាគ​ច្រើន​ជាអ្នកកាប់​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ ហើយ​​ក្នុង​ករណី​ខ្លះ​គេបាញ់ ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក កុយ គួង​ បាន​រិះគន់​ការ​អះ​អាង​បែបនេះ។ លោក​បាន​មាន​ប្រសា​សន៍​ថា “ ខ្ញុំមិន​យល់​​ ប៉ុន្តែ​ប្រហែល​គ្រាន់​តែ​ជា​ការ​ដោះសា [របស់​ទាហានថៃ] ដើម្បី​បាញ់​​ជន​កម្ពុជា​តែប៉ុណ្ណោះ”៕

    ប្រែសម្រួល​ដោយ  សោម សារុន​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.