ក្រុមហ៊ុនរថយន្តក្រុងនិង​តាក់ស៊ីមិន​អើពើ​នឹង​ការ​អំពាវ​នាវ​កុំ​ឲ្យ​ដំឡើងថ្លៃអំឡុង​ថ្ងៃបុណ្យ

ខណៈបុណ្យចូលឆ្នាំខ្មែរ​ខិត​ជិត​មក​ដល់​​នោះសាលារាជ​ធានី​ភ្នំពេញ​បាន​អំពាវ​នាវ​ជា​​​ថ្មីម្តងទៀត​ដល់​ក្រុមហ៊ុន​រថ​យន្ត​​ក្រុង​ និង​អ្នករត់​តាក់ស៊ី​ទាំងអស់​កុំឲ្យ​ដំឡើង​​ថ្លៃឈ្នួល​នៅអំឡុង​ថ្ងៃបុណ្យនេះ។ប៉ុន្តែ​ជាធម្មតាអ្នក​​​រត់​តាក់ស៊ី​ និង​ក្រុម​ហ៊ុន​ទាំងរថយន្ត​ក្រុង​លើក​​​​​​ឡើង​​​ថាពួកគេ​​នឹង​មិន​ធ្វើ​តាម​សំណើ​​​នេះ​​​ទេ​​​។

លោកកែបជុតិមាអភិបាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថាកាល​ពី​សប្តាហ៍​​​​មុន​លោក​បាន​ស្នើ​​ដល់​អ្នក​បើកបរ​​រថយន្ត​ឈ្នួលទាំងអស់​កុំ​ដំឡើង​ថ្លៃ​ ប៉ុន្តែ​លោក​បាន​បន្ថែមថា“សាលា​រាជធានី​អំពាវ​​នាវចំពោះ​តែ​ក្រុមហ៊ុន​រថយន្តក្រុង​ប៉ុណ្ណោះ។យើង​​មិន​អាច​បញ្ជា​ពួកគេ​បាន​ទេ​ ពីព្រោះ​ពួកគេ​មិន​មែន​​​ជា​​​ក្រុមហ៊ុន​របស់​​សាលា​រាជ​ធានី​​ឡើយ​​​”។

ក្រុមអង្គការ​សង្គមស៊ីវិលដូចជា​ សម្ពន្ធ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យភាព​សង្គម​ ហៅកាត់​ថា CASA ជា​សម្ពន្ធ​អង្គការ​ក្រៅ​​​រដ្ឋាភិបាល​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យក៏បាន​ជំរុញឲ្យ​រដ្ឋា​ភិបាល​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃអំឡុង​ថ្ងៃ​បុណ្យ​ផងដែរ។

ប៉ុន្តែ​ក្រុមហ៊ុន​រថយន្តក្រុង​និង​អ្នករត់តាក់​​ស៊ីបាន​និយាយការពារ​ការ​ដំឡើង​ថ្លៃ​នេះដោយ​លើក​ឡើងថាពួកគេ​ចាំបាច់​ត្រូវ​ប៉ះប៉ូវ​ដល់​បុគ្គលិករបស់​ខ្លួននិង​រ៉ាប់​រង​ចំពោះ​​​តម្លៃប្រេងសាំង​ខ្ពស់។

លោកចាន់សុផាន់ណាអ្នកគ្រប់គ្រង​ក្រុម​​​ហ៊ុនរថយន្ត​ក្រុងសុរិយា​បាន​និយាយថា”រៀងរាល់​ឆ្នាំយើង​ដំឡើង​​ថ្លៃពីព្រោះ​យើង​ត្រូវ​ចំណាយ​ឲ្យ​បុគ្គលិក​​​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យទ្វេជាពីរ។​ លោក​បាន​បន្ថែមថាតម្លៃ​​​នឹង​ឡើង​​ពី​២០ទៅ៣០​ភាគរយ​រហូត​ដល់​ថ្ងៃទី​ ១៨ខែ​មេសា។

លោកសុផាន់ណាក៏បាន​និយាយ​ផង​ដែរ​​​ថាចាំបាច់​ត្រូវ​តែ​ដំឡើង​ថ្លៃ​ហើយ​​ ពីព្រោះ​​​រថយន្ត​ភាគ​ច្រើន​ត្រឡប់​មកពី​បណ្តាខេត្ត​​​វិញគ្មានមនុស្ស​ជិះទេ​អំឡុង​ថ្ងៃបុណ្យ។ លោក​បាន​និយាយថា“យើង​ចំណាយ​លើ​ថ្លៃសាំងប៉ុន្តែ​មិន​មានប្រាក់​ចំណេញ​ទេដូច្នេះ​ចាំបាច់​ត្រូវតែ​ដំឡើង​ថ្លៃ”។ លោកមួងម៉ារ៉ាអ្នករត់​តាក់​ស៊ី​នៅ​ចំណត​ផ្សារ​អូឡាំពិកបាន​ផ្តល់​ហេតុផល​ផ្សេង​​ចំពោះការដំឡើង​ថ្លៃនេះ។

គាត់​​បាន​និយាយថា“ខ្ញុំចាំបាច់​ត្រូវ​ដំឡើង​​​ថ្លៃពីព្រោះ​ខ្ញុំ​ត្រូវ​​សូកមន្ត្រីនគរ​បាល​​នៅតាម​ផ្លូវ​ ហើយ​បង់​ថ្លៃចំណត​ច្រើន​ជាងមុន​អំឡុង​បុណ្យចូលឆ្នាំខ្មែរ”។ គាត់​បាន​បន្ថែមថាគាត់​​នឹង​យក​តម្លៃ​ចំនួន​២៥.០០០រៀល​ជំនួស​ឲ្យ​​តម្លៃធម្មតា​ ១៥.០០០​​​​​​រៀល ​ទៅកាន់​ក្រុង​បាវិត​​ ខេត្ត​ស្វាយរៀង។

លោក​ ដូរ៉ាអ្នកតំណាង​ម្នាក់​នៅ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ សុខាកុមារ​ទេពអុិច​ប្រេស្ស​ ​បាន​និយាយថាក្រុមហ៊ុន​របស់​លោក​​​ត្រូវតែ​ដំឡើង​ថ្លៃជាង​មួយភាគបីពីព្រោះ​រថយន្តសីុ​សាំង​ច្រើន​ដោយ​សារ​ចរាចរណ៍​ចង្អៀត​​នៅ​​​ថ្ងៃបុណ្យហើយ​បច្ចុប្បន្ននេះតម្លៃ​សាំង​ខ្ពស់​ណាស់​។

គាត់​​បាន​និយាយថា“ថ្ងៃធម្មតាយើង​​ប្រើ​ប្រាស់់សាំង​១៥០លីត្រទៅកាន់​ខេត្ត​សៀម​រាបប៉ុន្តែ​អំឡុង​ថ្ងៃបុណ្យវិញយើង​​ប្រើប្រាស់​សាំង​២២០លីត្រដោយ​សារ​តែ​ការកក​​​ស្ទះ​​​ចរាចរណ៍។ប្រសិន​បើ​សាលា​ក្រុង​អាច​លក់​សាំង​ឲ្យ​ពួកយើង​តម្លៃ​តែមួយ​ដុល្លារ​ក្នុង​មួយ​​​លីត្រនោះយើង​នឹង​មិន​ដំឡើង​ថ្លៃឡើយ”។

លោកព្រាបចាន់​វិបុលប្រធាន​នា​យក​​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោកក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​មាន​ប្រសា​សន៍ថាមានការ​​​ស្នើសុំ​កុំឲ្យ​ដំឡើង​​ថ្លៃរៀង​រាល់​ឆ្នាំប៉ុន្តែ​គេ​​មិន​​​ដែល​ធ្វើ​តាម​​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា“មិន​មាន​​ក្រុមហ៊ុន​ណាមួយ​ធ្វើ​តាម​ការ​អំពាវ​នាវ​​របស់​យើង​ឡើយហើយ​ក្រសួងមិន​អាច​​កំណត់​តម្លៃ​បានទេពីព្រោះ​យើង​អនុវត្ត​​ទីផ្សារ​សេរី”៕

(រាយការណ៍បន្ថែមដោយ Claire Luke)

                  ប្រែសម្រួលដោយសោមសារុន​

                 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.