នគរបាលខ័ណ្ឌដូនពេញ​វាយតំណាង​សហជីពនឹងដំបង​ឆក់ឲ្យ​បែក​ក្បាល​រួច​​​ចាប់​​​ខ្លួនយក​ទៅ​ឃំុ​​​

កាលពី​ម្សិលមិញ​​ នគរបាល​បាន​វាយ​ដំ​និង​ចាប់​ខ្លួន​តំណាង​​សហ​ជីព​ម្នាក់​ ក្នុង​រាជ​ធានី​ក្រោយ​ពី​​​ក្រុម​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ជាង​២០​នាក់​ បាន​ដើរ​ក្បួន​​ទៅ​​​ដាក់​ញត្តិ​​របស់​ពួក​គេនៅ​ឯ​​ខុទ្ទកា​ល័យ​​​​លោក​ នាយក​​រដ្ឋមន្ដ្រី​​ហ៊ុន​ សែន​។

ក្រុម​កម្មករ​​​រោងចក្រ​កាត់ដេរ​​​ថៃ​យ៉ាង(Tai Yang) ​​​​ដែល​ជា​សមាជិក​​សហភាពសហ​ជីព​កម្ពុ​ជា​ បា​ន​ដើរ​ក្បួន​​ពី​សួន​សេរីភាព​ទៅកាន់​​ខុទ្ទ​​កា​ល័យ​​​​លោក​នាយក​​រដ្ឋមន្ដ្រី​​ហ៊ុន​ សែន​ ដែល​នៅ​​ទីនោះ ​កម្មកររោង​ចក្រ​កាត់ដេរ​​​ថៃ​យ៉ាង ៥០០​នាក់​ផ្សេង​ទៀតកំពុង​តវ៉ា​ទាមទារ​​ប្រាក​់បំ​ណាច់​ការងា​រ​និង​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​ទៀត​។​

​ក្រោយ​ពី​ដាក់​ញតិ្ត​ទាម​​ទារ​របស់​ខ្លួន​ជូន​ខុទ្ទ​កា​ល័យ​​​​លោក​ នាយក​​រដ្ឋមន្ដ្រី​​ ហ៊ុន​ សែន​រួចហើយ ក្រុម​កម្មករបាន​អង្គុយ​សម្រាក​នៅ​ក្នុង​សួន​​ក្បែរ​នោះ ស្រាប់​តែ​​ពេល​នោះ​​​នគរ​បាល​ខណ្ឌ​ដូន​ពេញ​និង​​នគរបាល​អន្តរាគមន៍​រាជ​ធានី​ប្រហែល​៦០​នាក់​បាន​សំដៅ​ទៅ​​រក​ពួកគេហើយ​បាន​​សំុ​ឲ្យ​ពួកគេ​ចាកចេញ​។

ក្រុម​កម្មករបាន​តវ៉ា​ថា​ ពួកគេ​ចង់​សម្រាក​​ហើយ​នគរបាល​បាន​រុញ​ច្រាន​ពួក​គេ​ឲ្យ​​ចេញ​ពី​សួន​​នោះ​​។លោក​ រុ៉ង បញ្ញា តំណាង​សហ​ភាព​សហ​ជី​ព​​​កម្ពុ​ជា បាន​ព្យាយាម​តតាំង ​ប៉ុន្តែ​នគរបាល​បាន​រុញ​ឲ្យ​ដួល​​​ ហើយបាន​វាយ​​ក្បាល​គាត់​ជា​ច្រើន​ដំបង​ឆក់​។​​​​​​​​​​​​​

​កម្មករ​ឈ្មោះ ​​​​មុ​ន ​ផល្លី ​បាន​និយាយ​ថា​“​នគរបាលបាន​ប្រើ​ដំបង​ឆក់​វា​យ​​ក្បាល​គាត់​ជា​​ច្រើន​ដង​ ហើយ​គាត់​បាន​​ដួ​ល​ទៅ​ដី​​ដោយ​មាន​ឈាម​ហូរ​យ៉ាង​ច្រើន​​”។ “​ខ្ញុំ​បា​ន​ឃើញ​ស្រ្តីខ្លះត្រូវបាន​​រុញ​ឲ្យ​​ដួល ​ហើយខ្ញុំ​មាន​ការ​ភ័យ​ខ្លាចយ៉ាង​​ខ្លាំង”។​​បន្ទាប់​ពី​នគរ​បាល​នាំ​គាត់​​ចូល​រថ​យន្ត​លោក  បញ្ញា​ បាន​ស្រែក​យំថា “ ខ្ញុំមិនជឿថា ​នគរបាល​ខ្មែរអាច​​វាយខ្ញុំ​ដូច្នេះ​”។​ “ខ្ញុំ​មិន​ជឿ​ថា​​ នគរបាល​​កម្ពុជា​​អាច​វាយ​ខ្ញុំ​​បែប​នេះ​ទេ។ ខ្ញុំ​លែង​មាន​ជំនឿ​លើ​ពួក​គេ​ហើយ។ ​ខ្ញុំ​ជា​​ជនជាតិខ្មែរ​​។​​​ ក្រោយ​ពី​ការ​វាយ​​ដំ​នេះកម្មការិ​នី​​​ បានយំ​​ស្រែក​អំពាវនាវ​សុំ​ឲ្យ​​លោក​ស្រី​ ហីុល​ឡា​រី​គ្លីន​តុន (Hillary Clinton) រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ​ដែល​មក​បំពេញ​ទស្ស​នកិច្ច​ជួយ​អន្ត​រាគមន៍​​ទៅ​​រដ្ឋាភិបាល​​​​ដើម្បី​ជួយ​ពួក​គេ​។​

កម្មការិនី​ឈ្មោះ​ សៀង​ លាង​​ហេង ​បាននិយាយទាំង​ទឹក​ភ្នែក​ថា​​ “​ខ្ញុំសូម​​អំពាវនាវ​ដល់លោកស្រី​​ ហីុល​ឡា​រី​ គ្លី​ន​តុន និង​​​រដ្ឋា​ភិបាល​ ជួយ​​អន្តរាគមន៍​ក្នុង​រឿង​នេះ។​ ​វា​ជា​អំពើ​ដ៏​ឃោ​រឃៅ​និង​ហិង្សាចំ​ពោះ​​ពួកយើង​”។ ​លោក​ បញ្ញា​​ គឺជា​ក្មួយ​ប្រុស​របស់​លោក​រ៉ុង​ ឈុន ​ប្រធា​នសហ​ភាព​សហជីព​កម្ពុជា​ ដែល​បាន​និង​កំពុង​ដឹកនាំបន្ត​ការតវ៉ា​នៅ​​រោងចក្រកាត់ដេរ​​​​​​ថៃ​យ៉ាងជាង​មួយ​សបា្ដាហ៍​​មក​ហើយ និង​ដែល​បាន​សន្យា​​កាល​ពី​ម្សិល​មិញថា នឹង​បន្ដ​ការ​តវ៉ារហូត​ដល់​ការ​​ទាមទារ​​របស់​ក្រុម​កម្មករបាន​សម្រេច​។ “ ​ប្រសិន​បើ​ឈាម​យើង​ស្រក់​ដល់​ដី​ ខ្ញុំ​និយាយ​ថា ​ថ្ងៃស្អែក​ឬខានស្អែក​​នឹង​មាន​ដំណោះស្រាយ​​ហើយ។​សូម​កំុឲ្យ​ឈាម​របស់​យើង​ស្រក់ដោយ​គ្មាន​ផលប្រយោជន៍​ឲ្យ​សោះ​។

​​រហូត​មក​ដល់​យប់មិញ​នេះ ​​លោក ​​បញ្ញាបាជាប់ឃំុ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានី​នៅ​ឡើយ។ ​លោក​ រ៉ាត​ រ័ត្ន​មុនី​ អគ្គ​លេខា​ធិការ​សហ​ភាព​សហជីព​​កម្ពុជា​ បាននិយាយថា​ ​នគរបាល​​​យល់​ព្រម​ដោះ​លែង​លោក​​ បញ្ញា​ ប្រសិន​បើ​គាត់​​ផ្ដិតមេដៃ​លើឯកសារ​សារ​ភាព​ថា​ គាត់​​បានវាយ​តប់​ជាមួយ​នគរបាល​​​។​

លោក​​ ភួង​ មាល័យ​ ស្នង​ការរង​​នគរ​បាល​រាជធានី​ដែលបានដឹក​នាំនគរបាល​អន្ដរាគមន៍​និង​​បាន​ត្រួត​ពិនិត្យ​កម្មករ​នៅ​សួន​សេរី​ភាពបាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ទេ​។​​

ដោយ​ហៅ​ការវាយដំ​នេះ​ថា​​ ជា​អំ​​ពើ​ដ៏ឃោរឃៅ​នោះ លោក​ ដេវ​ វែល​ (Dave Welsh)នាយក​​ប្រចាំ​ប្រទេស​នៃ​​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​​ពលកម្ម​អន្តរជាតិ​ ​​បញ្ជាក់​​ថា​​ រឿង​នេះ​​បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​​ដែល​មន្ត្រី​​រដ្ឋាភិបាល​និង​ថៅ​កែ​រោង​ចក្រ​បាន​សម្រេច​ចិត្ត​បង្កើន​អត្ថប្រយោជន៍​​នានា​ ដែល​ជា​​មូល​ហេតុ​មួយ ​​ក្នុង​ចំណោម​មូល​ហេតុ​នានា ​ចំពោះ​ការតវា៉​របស់​កម្មករ​រោង​ចក្រ​កាត់ដេរ​ថៃ​យ៉ាង។​

លោក​​ វែល បាន​ថ្លែងថា​ “​ខ្ញុំ​នឹងព្យយាម​នាំយក​បញ្ហានេះ​​ជូន​​លោកស្រី​ហីុល​ឡារី​​ គ្លីន​តុន ទុកជាគំរូ​នៃ​​ការ​រំលោភ​បំពាន​ការងារ​​នៅ​​កម្ពុជា​។វាជា​ការ​ចំអក​ឡក​ឡាយ​ ដែល​បញ្ហា​នេះ​កើត​ឡើង​នៅ​ថ្ងៃ​​ដែល​កម្ពុជា​​កំពុង​​ធ្វើ​ឲ្យ​មាន​ការ​រី​កចម្រើន​​ដល់​សិទ្ធិការ​ងារ”៕

ប្រែសម្រួល​ដោយ​​ លី​ ដារ៉​ូ​​​

​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.