បេក្ខជន​ដែល​គេ​តែងតាំង​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គ.ជ.ប.​នឹង​ឡើង​តុលាការ

យោង​តាម​លិខិត​មួយ​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​តែងតាំង​បួន​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ទាក់ទិន​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​នៃ “អំពើ​ហិង្សា​ដោយ​ចេតនា”។

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​សមាជិក​មួយ​រូប​នៃ​សមាជិក​គណៈកម្មាធិការ​ប្រាំបួន​រូប​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់ពី​​ស្ថាប័ន​នេះ​បង្កើត​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១៥។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នីមួយៗ​បាន​ជ្រើសរើស​សមាជិក​បួន​រូប និង​បាន​ព្រមព្រៀង​លើ​សមាជិក “អព្យាក្រឹត” មួយ​រូប​ក្រោម​កិច្ច​ព្រមព្រៀង​នយោបាយ​នា​ខែ​កក្កដា​ឆ្នាំ​២០១៤​ជា​ប្រវត្តិសាស្ត្រ។

លោក ឈុន បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៤ ពី​បទ “អំពើ​ហិង្សា​ដោយ​ចេតនា” ទាក់ទិន​នឹង​កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់ដេរ ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ហិង្សា​ដោយ​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​នោះ។ កាលពី​ថ្ងៃ​ពុធ លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​មួយ​អំពី​សវនាការ​នៅ​ពេល​ខាង​មុខ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៦​ខែ​មេសា ចៅក្រម​ស៊ើបសួរ​នៅ​តុលាការ​ក្រុង​ភ្នំពេញ លោក សាន សុផាត បាន​និយាយ​ថា តុលាការ​បាន​សម្រេច “បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ”។ លិខិត​នោះ​មិន​បាន​ឲ្យ​ដឹង​ថា ការ​ជំនុំ​ជម្រះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ទេ។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​បាន​ដឹង​អំពី​លិខិត​ដែល​ទទួល​បាន​ដោយ​លោក រ៉ុង ឈុន នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ពេល​សួរ​ថា​តើ លិខិត​មួយ​នេះ​នឹង​មាន​ន័យ​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ឬ​យ៉ាង​ណា លោក​បាន​និយាយ​ថា “បាទ”។

ចៅក្រម ស៊ុនឡាយ បាន​បង្វែរ​សំណួរ​ទៅ​ចៅក្រម​ស៊ើបសួរ​សំណុំ​រឿង​នេះ គឺ​ចៅក្រម សុផាត ដែល​មិន​អាច​ទាក់ទង​បាន​ទេ។

លោក ឈុន បាន​និយាយ​ថា លោក​បាន​ទទួល​លិខិត​នោះ​កាលពី​ថ្ងៃ​ពុធ ហើយ​ថា ករណី​នេះ​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​លោក​នា​ពេល​កន្លង​មក ពាក់ព័ន្ធ​នឹង​កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់ដេរ ប៉ុន្តែ​បាន​លើក​ឡើង​នូវ​ការ​អះអាង​ពីមុន​ឡើង​វិញ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។

លោក ឈុន បាន​និយាយ​តាម​ទូរស័ព្ទ​ថា “វា​ជា​សំណុំ​រឿង​ចាស់ ដែល​មាន​ដើម​ចោទ​ដែល​ប្តឹង​ខ្ញុំ​ថា​ដឹកនាំ​កម្មករ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​តាំងពី​ឆ្នាំ​២០១៣​និង​២០១៤”។

លោក​បាន​និយាយ​បន្ថែម​ថា “មែន​ហើយ នៅ​ពេល​ខ្ញុំ​ត្រូវ​គេ​សួរ​នា​ពេល​នោះ គេ​បាន​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​ករណី [ហិង្សា​នៅ​កូដកម្ម​របស់​កម្មករ] ប៉ុន្តែ​ខ្ញុំ​មិន​មាន​វត្តមាន​នៅ​ទី​នោះ​នា​ពេល​នោះ​ទេ”។

លោក រ៉ុង ឈុន បាន​និយាយ​ថា លោក​មិន​អាច​និយាយ​ថា​តើ​លោក​ត្រូវ​គេ​កំណត់​ជា​គោលដៅ ដោយសារតែ​តួនាទី​សំខាន់​របស់​លោក​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ឬ​យ៉ាង​ណា​ទេ​នៅ​ពេល​នេះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា បាន​និយាយ​ថា លោក​សង្ឃឹម​ថា តុលាការ​នឹង​សម្រេច​បដិសេធ​សំណុំ​រឿង​លើ​លោក ឈុន។

លោក បញ្ញា បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​បិទ​សំណុំ​រឿង​នេះ” ហើយ​លោក​បាន​និយាយ​បន្ថែម​ថា ច្បាប់​គ.ជ.ប.​ដែល​កែប្រែ​ហើយ​នេះ​ចែង​យ៉ាង​ច្បាស់​ថា សមាជិក​ទាំង​នោះ​មិន​អាច​ត្រូវ​រំខាន​បាន​ទេ។

លោក​បាន​និយាយ​ថា “គេ​មិន​អាច​រង​ការ​រំខាន​ពី​សំណាក់​សមត្ថកិច្ច​រដ្ឋ​ណា​មួយ​ទេ។ គឺ​ច្បាស់​ណាស់។ ខ្ញុំ​មិន​ជឿ​ថា​ពួកគេ​នឹង​លើក​រឿង​នេះ​ឡើង​វិញ​ទេ។ បើ​ពួកគេ​លើក​ឡើង​វិញ វា​ជា​កង្វល់​មួយ​ពិត​ប្រាកដ វា​នឹង​ប៉ះពាល់​ដល់​ឯករាជ្យ​គ.ជ.ប. និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា អគ្គលេខាធិការ​រង​របស់​ស្ថាប័ន​នេះ​បាន​ជាប់​ពន្ធនាគារ​ហើយ​កាលពី​ខែ​មុន ហើយ​លោក​បាន​និយាយ​ថា លោក​ខ្វល់ខ្វាយ​ដែល​មនុស្ស​មាន​គំនិត​ឯករាជ្យ​នៅ​គ.ជ.ប.​ត្រូវ​ជាប់​ជា​គោលដៅ។ ប្រធាន​និង​អគ្គលេខាធិការ​របស់​គ.ជ.ប.​សុទ្ធតែ​ជា​មនុស្ស​ស៊ប់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​និយាយ​ថា “យោបល់​របស់​ខ្ញុំ​គឺ​ថា រ៉ុង ឈុន មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ គាត់​បាន​បម្រើ​ប្រទេស​និង​ប្រយោជន៍​កម្មករ ហើយ​ឥឡូវ​នេះ គាត់​ជា​សមាជិក​មួយ​រូប​របស់​គ.ជ.ប. ជា​ស្ថាប័ន​ដែល​រៀបចំ​ការ​បោះ​ឆ្នោត”។

លោក សុវណ្ណ បាន​និយាយ​ថា “នី ចរិយា ត្រូវ​បាន​គេ​ចាប់​ខ្លួន​ហើយ ហើយ​ឥឡូវ​នេះ រ៉ុង ឈុន។ វា​ធ្វើ​ឲ្យ​បារម្ភ​ណាស់ និង​អាច​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌”។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា លោក​មិន​ខ្វល់ខ្វាយ​ទេ ថា​ការ​ជំនុំជម្រះ​លោក ឈុន នឹង​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ហេតុផល​នយោបាយ​មួយ ដែល​នឹង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​ខែ​កក្កដា​ឆ្នាំ​២០១៤ ឬ ឯករាជ្យ​របស់​គ.ជ.ប.​នោះ។

លោក​បាន​និយាយ​ថា “វា​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ឬ​ទំនាក់ទំនង​នៃ​គណបក្ស​ទាំង​ពីរ​ទេ ពីព្រោះ​វា​ផុត​ពី​ដៃ​រួច​ទៅ​ហើយ​តាំង​ពី​គ.ជ.ប.​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ទៅ​ជា​អង្គភាព​ឯករាជ្យ​ដាច់​ដោយ​ឡែក”។

“វា​ដាច់​ពី​យើង។ ព្រោះតែ​វា​ជា​អង្គភាព​មួយ​ដោយឡែក​និង​ឯករាជ្យ​រួច​ទៅ​ហើយ កាលណា​បុគ្គល​ណា​ម្នាក់​ក្នុង​អង្គភាព​នេះ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប. បុគ្គល​នោះ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់”។

ការ​ចោទ​លើ​លោក ឈុន គឺ​ទាក់ទិន​នឹង​កូដកម្ម​ទូទាំង​ប្រទេស​ឆ្នាំ​២០១៤​របស់​កម្មករ​កាត់ដេរ ដែល​បាន​ឃើញ​ឧស្សាហកម្ម​នេះ​បិទ​ទ្វារ​ខ្លួន​ឯង នៅ​ពេល​ដែល​កម្មករ​បាន​ទាមទារ​ប្រាក់​ខែ​អប្បបរមា​១៦០​ដុល្លារ គឺ​មិន​មែន​៩៥​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​នោះ​ទេ។

លោក ឈុន នៅ​ពេល​នោះ​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ឆ្នាំ​២០១៤​ពី​បទ​ហិង្សា​ដោយ​ចេតនា បង្ក​ការ​ខូចខាត​ដោយ​ចេតនា គំរាមកំហែង​បង្ក​ការ​ខូចខាត​និង​ការ​ស្ទះ​ចរាចរណ៍។

គាត់​បាន​រង​ការ​ចោទ​ប្រកាន់​រួម​ជាមួយ​មេដឹកនាំ​សហជីព​ដូចគ្នា គឺ​លោក អាត់ ធន់ អ្នកស្រី យ៉ាំង សុភ័ណ អ្នកស្រី ម៉ន ញឹម លោក ប៉ាវ ស៊ីណា និង លោក ជា មុនី។ មេដឹកនាំ​សហជីព​ទាំង​នេះ ដែល​មាន​ឈ្មោះ​សំខាន់​បំផុត​ប្រាំ​ក្នុង​ចលនា​កម្មករ គឺ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​១៤​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព ប៉ុន្តែ​សំណុំ​រឿង​នេះ​ហាក់​ដូចជា​គ្មាន​ដំណើរការ រហូត​ដល់​មាន​លិខិត​មក​លោក ឈុន ប៉ុណ្ណោះ។

មេដឹកនាំ​សហជីព​ជាប់​ចោទ​ទាំង​នេះ​បាន​បដិសេធ​ថា​មិន​បាន​ជំរុញ ឬ​ចូលរួម​ក្នុង​អំពើ​ហិង្សា​ណាមួយ ក្នុង​អំឡុង​ពេល​មាន​កូដកម្ម​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី២​និង​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤ ដែល​នៅ​ពេល​នោះ​កង​កម្លាំង​រាជ​អាវុធហត្ថ​បាន​សម្លាប់​កម្មករ​ធ្វើ​កូដកម្ម​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់ និង​បាន​បាញ់​ទៅ​លើ​កម្មករ​រាប់​សិប​នាក់​ផ្សេង​ទៀត។

រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​បាន​បង្កើន​សកម្មភាព​តាមដាន​អ្នក​រិះគន់ និង​​មន្ត្រី​បក្ស​ប្រឆាំង ដោយ​បាន​ចាប់​ដាក់​ពន្ធនាគារ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់ មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់ និង​មន្ត្រី​គ.ជ.ប.​ម្នាក់​កាលពី​ខែ​មុន ព្រមទាំង​តាម​ចាប់​មន្ត្រី​សហ​ប្រជាជាតិ​ម្នាក់​ពី​បទ​ចោទ​ព្រហ្មទណ្ឌ និង​មាន​អ្នក​វិភាគ​នយោបាយ​ម្នាក់​ត្រូវ​គេ​ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គំរាម​កាលពី​សប្តាហ៍​មុន​ដែរ​ថា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​កាសែត​ដែល “បំភ្លៃ” សម្តី​របស់​លោក។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ម្នាក់​បាន​ប្រាប់​អ្នក​ការទូត​កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ថា ការ​ចាប់​ខ្លួន​អ្នក​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​នាក់​បែប​នេះ គឺ​ចាំបាច់​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម៕ និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.