ប្រទេស​អាស៊ាន​​​ចង់​​​ឲ្យ​​​ចិន​​​ចូល​​​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​​​​​អំពី​​​​បញ្ហា​​​ដែន​​​សមុទ្រចិនខាងត្បូង

មន្ត្រី​​​ក្រសួង​ការបរទេស​​ម្នាក់​​​ បាន​​​លើក​​​ឡើង​​​ថា ប្រទេសជាសមាជិក​​​អាស៊ាន​​​ទាំង១០​​​ កាល​​​ពី​​​ម្សិល​​​មិញ​​បាន​​​យល់​​​ព្រម​​​ចំពោះ​ចំណុច​​​សំខាន់ៗ​​​នៃ​​​ក្រម​​​ប្រតិ​បត្តិសម្រាប់​​​ដោះស្រាយ​​​ជម្លោះ​​​ដ៏​ក្តៅ​គគុក​នៅ​​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ និង​​​បានចាប់​​​ផ្ដើម​​​ការ​​​ពិភាក្សា​​​ស្ដី​​អំពី​​​​សេចក្តី​ព្រាង​​​ចុង​​​ក្រោយ​​​ជាមួយ​​​​ក្រុង​​​ប៉េកាំង​​​។

សេចក្ដី​​​សម្រេច​​​​​​នេះ​​​ទំនង​​​ជា​​​​​​ជំទាស់​​​ទៅ​​​នឹង​​​ជំហរ​​​របស់​​​ប្រទេស​​​ហ្វីលីពីន​​​ កាល​​​ពី​​​ខែមេសា ដែល​​​ថា​​​ ប្រទេស​​​ចិន​​​ត្រូវ​​​តែ​​​នៅ​​​ក្រៅ​​​ដំណើរ​​​ការ​​​ព្រាង​​ក្រម​​​ប្រតិបត្តិ​​​នេះ​​​រហូត​​​ដល់​​​សមាជិក​​​អាស៊ាន​​​ទាំងអស់​​​​យល់​ព្រម​​លើ​​ក្រម​ប្រតិបត្តិ​​​​ចុង​​​ក្រោយ​​សិន​​​។

ចិន​​​កំពុង​មានទំនាស់​ជាមួយ​ប្រទេស​ព្រុយ​ណេម៉ាឡេស៊ីហ្វីលីពីននិង​វៀត​ណាមដើម្បី​កាន់​កាប់​​​តំបន់​​សម្បូរ​ដោយ​​ឧស្ម័ន​ និង​ប្រេងនៅ​សមុទ្រ​នេះ​ និង​​មាន​ភាព​តាន​តឹង​​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​រយៈ​ពេលប៉ុន្មាន​ខែថ្មីៗ​នេះ ​ដោយ​​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​ការ​​​​ប្រកួត​ប្រជែង​សព្វាវុធ​ក្នុង​តំបន់​​​​ និង​​​​ការ​​​ប៉ះទង្គិច​​​​ផ្នែក​យោធា​​។​

មន្ត្រី​​​ជាន់​​​ខ្ពស់​​​មក​ពី​សមាជិក​​​អាស៊ាន​​​ទាំង​​​១០​​​ និង​​​ប្រទេស​​​ចិន​បាន​ជួប​គ្នា​នៅ​​​​ក្នុង​​​រាជ​ធានី​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដើម្បី​​​ធ្វើការ​​​ពិភាក្សា​​​ក្រៅផ្លូវ​​​ការ​​​​​​ស្ដីអំពី​​​ក្រម​​​ប្រតិបត្តិ​​​នេះ។ រដ្ឋមន្ត្រី​​​ការបរទេស​​​ក្នុង​​​តំបន់​​​ទាំងអស់​​​បាន​​​ជួប​​​គ្នា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​បញ្ហា​នេះ​បន្ថែម​​​ទៀត​​​។

លោក កៅ គឹមហួន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  “​នៅ​រសៀល​​​នេះ​​​ រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ទាំង​​​​​​អស់​​​បាន​​​ជួប​​​គ្នា​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​អនុម័ត​​​ចំណុច​​​សំខាន់​ៗ​​នៃ​​​ក្រម​​​ប្រតិបត្តិនេះ​​​” ប៉ុន្ដែ​​លោក​​​មិន​​​បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​ថា តើ​​​ចំណុច​​​សំខាន់​​​ៗ​​​នោះ​​​គឺ​​​ជា​​​អ្វី​​​នោះ​​​ទេ។

លោក​​​បាន​​​បន្ដ​​​ថា “រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​អាស៊ាន​​​ទាំង​​​អស់​​​ ក៏បាន​​​យល់​​​ព្រម​​​​ឲ្យ​មាន ​កិច្ច​ប្រជុំ​ [​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​] រវាង​​​​អាស៊ាន​​​ និង​​​ចិន​ស្ដីអំពី​​​​​​ក្រម​​​ប្រតិបត្តិនេះ ដូច្នេះ​​​នៅពេល​​​នេះ​​​ពួក​​​គាត់​​​​អាច​​​ចាប់​​​ផ្ដើ​​ម​​​ជួប​​​គ្នា​​​ ដើម្បី​​​ធ្វើការ​​​​​​លើ​​ក្រម​​​ប្រតិបត្តិ​​​រួម​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​ដល់​គោល​ការណ៍​អនុវត្ត​​​​ ដែល​​​មិន​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ​និង​​​​មាន​​​អាយុ​​​កាល​​​រាប់​​​ទស្សវត្សរ៍ មក​ហើយ​នេះ​ថា​​​ “នេះ​​​គឺ​​​ជាអ្វី​​​ដែល​​​យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​នឹង​​​ប្រទេសចិន [ស្ដីអំពី​​​ក្រម​​​ប្រតិបត្តិ] ពីព្រោះ​​​ក្រម​​​ប្រតិបត្តិនេះ​​​ គឺ​​​ជា​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រទេស​​​១១​​​ មិន​​​មែន​​​ត្រឹម​​​តែ​​​អាស៊ាន​​​នោះ​​​ទេ​​​។វា​​​គឺ​​​ជាឯកសារ​​​ពាក់ព័ន្ធ​​​នឹង​​​អាស៊ាន​​​ទាំង​​​១០ និងប្រទេស​​​ចិន”។ លោកថ្លែងថា  “ដូច្នេះ​​​ នៅពេល​​​នេះ​​​អ្វី​​​ដែល​​​មន្ត្រី​ទាំង​អស់​​​​បាន​​​ធ្វើ​​ គឺ​អនុម័តនូវ​ចំណុច​​​សំខាន់​​​ៗ​​​នៃ​​​ក្រម​​​ប្រតិបត្តិ​​​នេះ​​​ ហើយ​​​ចាប់​​​ពី​​​ពេលនេះតទៅ ​​​ពួក​​​គាត់​​ត្រូវ​​​តែ​​​ចាប់​​​ផ្ដើម​​​ពិភាក្សា​​​ជាមួយ​​​ប្រទេស​​​ចិន​​​”។

ប្រទេសកម្ពុជា​​​ដែល​​​ជា​​​​ប្រធាន​អាស៊ាន​​​នៅ​​​ឆ្នាំនេះ​​​ និង​​​ជា​​​អ្ន​​ក​​​ទទួល​​​ជំនួយ​​​ដ៏​​​ធំ​​​ផ្នែក​​​យោធា​​​ និង​​​ហិរញ្ញវត្ថុពី​​​ទីក្រុង​​​ប៉េកាំង​​​នោះបាន​​​គាំ​​​ទ្រ​​​បំណង​​​ប្រាថ្នា​​​របស់​​​ប្រទេស​​​ចិន​​​ដើម្បី​​​ចូលរួម​​​ក្នុង​​​​ការ​ព្រាង​​ក្រម​​​ប្រតិបត្តិ​នេះ ​តាំង​​​ពីដំបូងមក​​​។

នៅឯ​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ កាលពីខែ​​​មេសា​ប្រទេស​​​ហ្វីលីពីន​​ មានៈជំទាស់​​​នឹង​​​គំនិត​​​នេះ​​​។ ​លោកប្រធានាធិបតី បេនិកណូ ​​អាគីណូ ​​(Benigno Aquino) បាន​​​ទទូច​​​សុំ​ឲ្យសមាជិក​​​អាស៊ាន​​​​​មាន“គោល​ជំហររួម”លើ​ក្រម​ប្រតិ​បត្តិ​​​នេះ​​​​ មិនមែនត្រឹមតែ​​​ចំណុច​​​សំខាន់​​​រប​​​ស់​​​វាទេ​​​ ​មុន​​​ពេល​​​កិច្ច​​​ប្រជុំជា​​​មួយ​​​នឹង​​​ប្រទេស​​​ចិន​​​។ ពេល​នោះ ប្រទេស​​​ថៃ​​​ និង​​​អគ្គលេខា​ធិការ​​​អាស៊ាន​​​ ក៏​​​គាំ​​​ទ្រ​​​ទី​​​ក្រុង​​​ម៉ានីល​​​​ដែរ​​​។

លោក អាល់​​​បឺត រ៉ូសារីយ៉ូ (Albert Rosario)​​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ហ្វីលីពីន បានបដិសេធ​​​មិននិយាយ​​​ជាមួយ​​​នឹង​​​អ្នក​​​យក​​​ព័ត៌មានទេ​​​កាលពី​​​ម្សិល​​​មិញ។ មន្ត្រី​​​ស្ថានទូត​​​ម្នាក់ បាន​​​លើក​​​ឡើង​​​ថា គណៈប្រតិភូនេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ ទោះ​​​បីជា​​​កិច្ច​​​ប្រជុំ​​​​នេះ​បាន​​​ចប់​​​រយៈ​ពេល​​​មួយម៉ោង​​​ក្រោយ​​​​​​ពេល​​​កំណត់​​​ក៏ដោយ ក៏លោក​ ដាតូ ​ស្រុី ​អានីហ្វា ​អាម៉ាន់​​​ (Dato’ Sri Anifah Aman) រដ្ឋមន្ត្រី​​​ការ​បរទេស​​​ម៉ា​ឡេ​ស៊ី ​បាន​​​ថ្លែង​​​ថា កិច្ច​​​ពិភាក្សា​​​នេះបានប្រព្រឹត្ត​​​ទៅ​​​ “ដោយ​​​រលួន​​​ដែរ”។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ពិភាក្សា​​​​អំពី​​​សមុទ្រចិន​​​ខាង​​​ត្បូង​​​ ហើយ​​​យើង​​​នឹង​​​​​​ពិភាក្សា​​​បន្ដ​​​ទៀត។ ខ្ញុំ​​​គិត​​​ថា យើង​​​នឹង​​​អាចរក​​​ដំណោះ​​​ស្រាយឃើញ​​​ ដូច្នេះ​​​វា​​​ជា​​​ការពិភាក្សា​​​មួយ​​​ប្រកបដោយ​​​ផ្លែ​​​ផ្កា”។ ​​​បញ្ហា​​​ដោយ​​​ឡែក​​​​មួយ​ទៀតនា​ពេល​ព្រឹក​​​​ថ្ងៃ​នោះ ​​លោកកៅ គឹមហួន​​​ បាន​ស្វះស្វែង​ពន្យល់​​ប្រាប់​ពី​មូល​ហេតុ​​ដែល​ផែន​ការ​មាន​​​សមាជិក​​​អចិន្ត្រៃ​​យ៍​​​ចំនួន​​​ប្រាំ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​សន្ដិសុខ​​​​អង្គការសហ​ប្រជា​​​ជាតិ​​​ គឺ​​​ចិន បារាំង​​​ រុស្ស៊ី អង់គ្លេស និង​​​សហរដ្ឋ​​​អាមេរិក​​​ ចូល​​​រួម​​​នៅក្នុង​​​សន្ធិ​សញ្ញា​​​អាស៊ាន​​​ ដែ​​ល​​​ប្រកាស​ថា ​​អាស៊ាន​ជា​តំបន់​​​គ្មាន​​​អាវុធ​​​នុយក្លេអ៊ែរ ត្រូវ​​​បាន​​​ពន្យារ​​​ពេល​​​។

ឯកសារ​​​បី​​​ពាក់​​​ព័ន្ធ​​​នឹង​​​សន្ធិ​សញ្ញា​​​ស្ដីពី​​​តំបន់​​​គ្មាន​​​អាវុធ​​​នុយក្លេអ៊ែរ ​នៅអាស៊ី​​​អាគ្នេយ៍​​​ ត្រូវ​​​ចុះ​​​ហត្ថលេខា​​​ កាល​​​ពី​​​ម្សិលមិញ ថ្ងៃនេះ និង​​​ថ្ងៃ​​​ព្រហស្បតិ៍។លោកកៅ គឹមហួន បាន​​​មាន​​​ប្រសាសន៍​​​​ថា ការ​​​ចុះ​​​ហត្ថលេខា​​​នឹង​​​ត្រូវ​​​ពន្យារពេល​​​ “​​​រហូត​​​ដល់​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​អាច​​​ធ្វើ​​​ការ​​រួម​​​គ្នា​​​យ៉ាង​​​ជិ​ត​​​ស្និទ​​​ជាមួយនឹង​​​សមាជិក​​​នៃ​​​ [ក្រមប្រឹក្សា​​​សន្ដិសុខ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​] ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​… ការ​​​​ខ្វែង​គំនិត​គ្នា​នៃ​សមាជិក​​​ [ក្រុម​​​ប្រឹក្សា​​​សន្ដិសុខ]​នេះ”។

​​​លោកបានថ្លែង​​​ដោយ​​​មិន​​​បញ្ជាក់​សេចក្តី​​​​លម្អិតថា បារាំង​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី “​​​ការ​​​ការ​​​ពារ​​​ខ្លួន​​​” ចំណែក​​​ឯ​​​អង់​​​គ្លេស​​​វិញមាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ “ការគំរាម​​​កំហែង​​​ថ្មីៗ”។

លោកបាន​​​មាន​​​ប្រសាសន៍ថា “នៅ​​​ក្នុង​​​ករណី​​​នៃប្រទេស​​​រុស្ស៊ី វា​​​មាន​​​លក្ខណ​​​ទូលំ​ទូលាយ​​​ជាង​​​នេះ​​​បន្ដិច​​​ ដោយ​​​សារ​​​តែ​​​ខ្លួន​​​កំពុង​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ ស្ថិត​​​នៅ​ក្រោម​​​ការ​​​វាយ​​​ប្រហារ មិន​ថាតើ​​​​នេះ​​​ជា​​​ប្រទេស​​​មួយ​​​ កង​​​ប្រដាប់​​​អាវុធ​​​ ឬ​​​ក៏​​​សម្ពន្ធ​​​និមិត្ត​​​របស់​​​ខ្លួន​​​ ឬក៏​​​អាច​​​ជា​​​នាវា​​​បរទេស​​​ ឬក៏​​​យន្តហោះ​ចម្បាំងឆ្លងកាត់​​​​ ដែលអាច​​​ផ្ទុក​​​អាវុធ​​​នុយក្លេអ៊ែរ​នោះទេ”។

លោក​​​បាន​​​បន្ថែម​​​ថា សហរដ្ឋ​​​អាមេរិក​​​មិន​​​បាន​​​លើក​​​អំពី​​​ការ​​​ខ្វែង​គំនិត​​ណាមួយ​​​ទេ​​​ ប៉ុន្ដែ បានរក្សា​​​​សិទ្ធិ​​​ក្នុង​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​ ក្នុង​​​អំឡុង​​​ពេល​​​ដំណើរ​​​ការ​​​ផ្តល់​សច្ចា​​ប័ន​នេះ​​។

ប្រទេស​​​ចិនទំនង​​​​​​ជា​​​ត្រៀម​​​ខ្លួន​​​ជា​​​ស្រេច​​​ ដើម្បី​​​ចុះ​​​ហត្ថលេខា ប៉ុន្ដែ លោកកៅ​ គឹមហួន បាន​​​ថ្លែង​​​ថា អាស៊ានបាន​​​សម្រេច​​​ចិត្ត​​​ពន្យារពេល​​​រហូត​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំងអស់​​​អាច​​​ចុះ​​​ហត្ថលេខា​​​ “ម្ដង​​​មួយ​​​ៗ​​​” នៅ​​​ឯកិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​លើក​​ក្រោយ​​​នៅក្នុង​​​ខែ​​​វិច្ឆិកា។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​ការ​​​ខ្វែង​គំនិតគ្នា​ទាំង​នេះ​​​​​​ “នៅ​​​នាទីចុង​​​ក្រោយ​​​”។

នៅ​​​ពេល​​​សុំ​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​ការ​​​​មិន​យល់​ស្រប​​របស់​​​បារាំង​​​ លោកស្រី ឡូរិន បឺណាឌី (Laurence Bernardi) លេខា​​​ទី១​​​ប្រចាំ​​​ស្ថាន​​​ទូត​​​បារាំង​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ ពួក​​​គេ​​​បានទទួលដំណឹង​​​ថា ការ​​​ចុះ​​​ហត្ថលេខា​​​នេះ​​​ ត្រូវ​​​បាន​​​ពន្យារពេល ដោយ​​​សារ​​​តែ​​​សមាជិក​​​អាស៊ាន​​​មាន”​​​បញ្ហា​​​បច្ចេកទេស​​​ មិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ”​​​ មិនមែន​​​ក្រុម​​​ប្រឹក្សា​​​សន្ដិ​​​នោះទេ។   លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បារាំង​​​នៅតែ​​​ប្ដេជ្ញា​​​ថា​​​ នឹង​​​ចុះ​​​ហត្ថលេខា​​​ និង​​​អនុវត្ត​​​ក្រម​​​​​​ប្រតិបត្តិ​​​នេះ​​​ឲ្យ​​​បានឆាប់​​​តាម​​​ដែល​អាច​ធ្វើ​ទៅ​បាន”​​​៕

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.