មន្ទីរ​ និង​សាលា​សង្កាត់​ក្នុង​រាជ​ធានី​រាប់សិបត្រូវ​ប្រគល់​ឲ្យឯក​ជន​

យោង​តាម​ឯក​សារ​ និងមន្ត្រីសាលារាជ​ធានី​បាន​ឲ្យដឹង​ថា កាលពី​ខែ​មុន ​រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ ម​ន្ទីរ​ និង​សាលា​​សង្កាត់​​​ជា​ច្រើន ​នៅ​តាមតំបន់ដីមានតម្លៃ​ខ្ពស់មួយ​ចំនួននៅ​ក្នុងរាជ​ធានី​ ហើយមន្ទីរ និង​សាលា​សង្កាត់​​ខ្លះត្រូវ​ផ្ទេរ​ ទៅ​ខណ្ឌ​សែន​សុខ​វិញ។

អនុ​ក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ចុះ​ហត្ថ​លេខាដោយលោកនាយករដ្ឋ​មន្ត្រី​ ហ៊ុនសែន បានធ្វើអនុបយោគមន្ទីរចំនួន​១៤​កន្លែង ដែលមាន​ផ្ទៃ​ដីជាង​៣៧.០០០​ម៉ែត្រ​ក្រឡា ពីទ្រព្យសម្បត្តិ​សាធារណៈរបស់រដ្ឋ ទៅ​ជា​ទ្រព្យ​សម្បតិ្តឯក​ជន​របស់​រដ្ឋ​ ដែល​អាចឲ្យ​រដ្ឋាភិបាល​មានសិទ្ធិលក់​ ឬ​ក៏ដោះ​ដូរដី​ទាំង​នោះបាន។

ក្នុង​ការ​ដោះ​ដូរ​ ក្រុម​ហ៊ុន​ឯក​ជន​អាច​កាន់​​កាប់​អចលន​ទ្រព្យ​នេះ​ ជា​ថ្នូរ​នឹង​ការ​សាង​សង់​អគារ​ការិយាល័យ​ថ្មីរបស់​រដ្ឋាភិបាល​នៅ​ទី​កន្លែង​មួយ​ផ្សេង​ទៀត។ ក្រុម​អ្នក​រិះ​គន់​ចាត់ទុក​ការ​អនុវត្ត​នេះ​ថា ជា​ឱកាសមួយ​សម្រាប់​ក្រុមហ៊ុន​ ដែល​មាន​ខ្នង​ក្រាស់​អាច​កាន់​កាប់​អចលន​ទ្រព្យដ៏មានតម្លៃខ្ពស់នេះ។

អចលន​ទ្រព្យក្នុង​​រាជ​ធានី​ ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគកាលពី​ខែ​មុន រួម​មាន​មន្ទីរ​ពាណិជ្ជកម្ម​ ផែនការ​ ឧស្សាហកម្មនិង​មន្ទីរ​សង្គម​កិច្ច​ ដែល​មន្ទីរទាំង​អស់នេះ ស្ថិត​​នៅ​ក្នុង​ខណ្ឌ​ចំការ​មន។មន្ទីរ​អប់​រំ​ មន្ទី​បរិស្ថាននិង​មន្ទីរ​សុខា​ភិបាល​ ក៏ត្រូវ​បាន​ធ្វើអនុប​យោគ​ផង​ដែរ។

នៅ​ក្នុង​ខណ្ខប្រាំពីរមករាមន្ទីរ​សាធារណ​ការ​ និង​ដឹកជញ្ជូន​រាជធានីនិងអង្គភាព​ក្រោម​ឱវាទ មន្ទីរមួយចំនួនក៏ត្រូវ​បាន​ធ្វើ​អនុបយោគ​​ដែរ។ អង្គភាពប្រព័ន្ធ​លូទឹក​របស់​មន្ទីរ​នេះ​ នៅ​ក្នុង​ខណ្ឌ​សែនសុខ ក៏​ត្រូវ​បានប្រគល់ទៅ​ឲ្យ​ឯក​ជន​ផង​ដែរ។ ការិយាល័យ​ជំនាញ​នេះគ្រប​ដណ្ដប់​លើ​ផ្ទៃដី​សរុប​៣៧.៥១៧ម៉ែត្រក្រឡា។

លោកស្រី​ មុំសណ្ដាប់ប្រធានមន្ទីរ​ផែន​ការ​រាជ​ធានីបាន​មាន​ប្រសាសន៍ថាថ្មីៗនេះ សាលា​រាជធានី​បាន​សម្រេចដោះដូរមន្ទីរ​ចំនួន​​ប្រាំមួយ ដោយផ្លាស់ទៅនៅឯ​ខណ្ឌ​សែន​សុខ ហើយ​ការ​សាង​សង់​ការិយាល័យ​ថ្មីនេះកំពុង​តែ​ដំណើរ​ការ​ហើយ​។

លោក​​ស្រីបាន​មានប្រសាសន៍​ថា “ សាលា​រាជធាន​ីបាន​ធ្វើ​សេចក្ដី​សម្រេច​មួយដើម្បី​រើ​មន្ទី​ររាជធានី​ជា​ច្រើន​ទៅ​កាន់​ទី​កន្លែង​មួយ​រួម​គ្នា​”។

លោក​ស្រី សណ្ដាប់ ​មាន​ប្រសាសន៍​ថាលោក​ស្រីមិនដឹង​ថា ការ​សាង​សង់​ចាប់​ផ្ដើម​នៅ​ពេលណា​ទេហើយ​មិន​ដឹង​ថានរណា​ជា​អ្នក​សាង​សង់​ ហើយក៏មិន​ដឹងថា គេនឹង​យក​

​ដី​ទាំង​នោះ​ទៅធ្វើអ្វីដែរ។

លោក​ កែបជុតិមាអភិបាល​រាជ​ធានី​ភ្នំពេញនិង​មន្ត្រី​រាជធានី​ផ្សេង​ទៀត​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​ទេ​។ លោក​ ឡៅ​ ម៉ុងហៃអ្នក​វិភាគ​ឯក​រាជ្យ​បាន​មាន​ប្រសាសន៍ថា ហេតុផល​ចំពោះការ​ដោះដូរដីរដ្ឋនេះ គឺងាយយល់ណាស់។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ វា​មិន​ពិបាក​យល់​នោះទេ។ គោល​បំណង​ធ្វើ​អនុបយោគ​នេះគឺដើម្បីលក់​ ឬជួល​ ម្យា៉ង​ទៀត បើមិន​ធ្វើ​អ៊ីចឹងទេ ​ទីតាំង​ទាំង​នោះដីទំាងនោះ​ នឹង​នៅ​ជាទ្រព្យ​សម្បត្តិ​សាធារណ​ៈ​របស់​រដ្ឋ​ដដែល​”។ ទោះ​បី​ជា​ច្បាប់​តម្រូវឲ្យ​មាន​ការ​ដេញ​ថ្លៃ​ ជាសាធារណៈ​នូវ​ការ​ដោះ​ដូរ​ ឬ​ជួល​អចលន​ទ្រព្យ​របស់រដ្ឋ​ ក៏លោក​ ឡៅ ម៉ុង​ហៃ បាន​​មាន​ប្រសាសន៍​​ថាដំណើរ​ការ​នេះ​ខ្វះ​តម្លា​ភាព។ លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀត​​​ថា​ “ ការលក់​ ឬ​ជួល​ត្រូវ​តែ​ធ្វើ​ឡើង​ប្រកប​ដោយ​ តម្លាភាព​ ក៏​ប៉ុន្ដែ​ ខ្ញុំបាន​កត់​សម្គាល់​ឃើញថា គ្មាន​តម្លា​ភាព​និង​គ្មាន​ការ​ដេញ​ថ្លៃ​ជា​សាធា​រណៈ​ឡើយ”។ ការ​ធ្វើ​អនុបយោគដីដ៏ធំនេះមាន​រូបភាព​ប្រហាក់​ប្រហែល​គ្នា​​នឹង​ការ​ដោះដូរ​អគារ​ការិយាល័យ​ខេត្ត​មួយចំនួនធំ នៅក្នុង​ខេត្ត​សៀម​រាបកាលពីឆ្នាំ​២០១០​នោះ​ដែរ។ខេត្ត​​បាន​ផ្ទេរការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​សៀម​រាប​​ ឲ្យ​ក្រុម​ហ៊ុនជេអេនអអាហរ័ណ នីហរ័ណនិង​សំណង់​ (J&R) ដោយ​សាងសង់​អគារ​ថ្មី​ជំនួសវិញនៅ​លើ​ដី​មាន​តម្លៃ​ថោក​ជាង​នោះហើយមានចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ ។

នៅ​ពេល​នោះ​ដែរ លោក​ អុឹមឈុនលឹមរដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែន​ដី នគរ​ូបនីយកម្ម​ និង​សំណង់​ មាន​ប្រសាសន៍​ថា ការ​ប្រមូល​ ការិយា​ល័យ​រដ្ឋា​​ភិបាល​ឲ្យទៅ​​ផ្ដុំគ្នា​នៅ​ទី​កន្លែង​តែមួយ​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​នេះសម្រាប់​ប្រជា​ពល​រដ្ឋ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ ហើយ​លោក​បាន​លើក​សរសើរ​ការ​ដោះ​ដូរ​នេះជា​ឧទាហរណ៍​មួយដើម្បី​អនុវត្តនៅ​ទូ​ទាំង​ប្រទេស៕​

ប្រែសម្រួល​ដោយចេវប៊ុននី​​

 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.