មិនមានការបកស្រាយអំពីស្ថាន​ភាព​សុខភាព​បច្ចុប្បន្នរបស់​លោក​ឧប​​​នាយក​រដ្ឋមន្ត្រី​ សុខ អាន

មន្ត្រី​បាន​បដិសេធ​មិន​​​ផ្ដល់​សេចក្ដី​លម្អិត​អំពី​ស្ថាន​ភាព​សុខ​ភាព​ និង​កន្លែង​ស្នាក់នៅ​របស់​លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន នៅពេលមានសេចក្ដី​រាយការណ៍មួយចំនួន​​ ដែលបានលើកឡើងជាយូរ​មក​ហើយ​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​ជា​ដៃ​ស្ដាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​សុខ​ភាព​​មិនសូវ​ល្អ។

លោក​ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្ដី​​​ការ​គណៈរដ្ឋមន្ត្រី​ និង​មាន​តំណែង​នៅក្នុង​រដ្ឋា​​​ភិបាល​​ជា​ច្រើន​ទៀត។ លោក សុខ អាន មិន​បានចេញ​មុខ​​​ចំពោះ​​​​សាធារណជន​​​អស់​រយៈ​ពេល​ច្រើន​សប្ដាហ៍​​មក​ហើយ​ ហើយ​មាន​សេចក្ដី​រាយការណ៍​ផ្សព្វ​ផ្សាយ​​​​ថា លោក​កំពុង​សម្រាក​ព្យាបាល​​​នៅ​ក្រៅ​ប្រទេស​។

លោក​ ផៃ ស៊ីផាន និងអ្នក​នាំពាក្យទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​​ពីរនាក់​ផ្សេងទៀត​​​បាន​បដិ​សេធមិន​ធ្វើ​អត្ថា​ធិប្បាយ​ឲ្យបាន​ច្បាស់​លាស់ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​​លោក សុខ អាន​ ទេ កាល​​ពីម្សិលមិញ។

លោក​ ផៃ ស៊ីផាន​ បាន​មាន​ប្រសាសន៍​ថា “ ​ខ្ញុំ​មិន​មាន​សិទ្ធិ​និយាយ​ប្រាប់​នរណា​ម្នាក់​ អំពី​ស្ថានភាព​សុខភាព​របស់​គាត់​ទេ។វាគឺ​ជា​រឿង​ផ្ទាល់​ខ្លួន​ វា​ជា​ [កិច្ចការផ្ទៃក្នុងរបស់​]​គ្រួសារ​លោក”។ កាល​ពី​សប្ដាហ៍​មុន​ លោក ផៃ ស៊ីផាន​ បាន​​មានប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ប្រាកដ​អំពី​ស្ថាន​​​​​ភាព​សុខភាពរប​ស់​លោក​ សុខ អាន​ ទេ ប៉ុន្ដែ​ លោក​គិត​ថា លោក​ សុខ អាន​ បាន​ចាក​​​​ចេញ​​ពី​កម្ពុជា​ ដើម្បី​ទៅ​សម្រាក​​ព្យា​បាល​​ជំងឺ។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា មាន​គេ​ប្រាប់ដំណឹងជា​ច្រើន​អំពី​ស្ថានភាពសុខភាព​របស់​លោក​ សុខ អាន រាប់​ទាំង​ព័ត៌មានដែល​ថា លោក សុខ អាន មាន​ជំងឺ​​លើស​ឈាម​បន្ដិច​បន្ដួច ហើយ​ថា​ លោក​មាន​បញ្ហា​​តម្រងនោម​ ឬ​ក៏​ពោះ​វៀន​ធំ​​​​។

លោក​ កែវ​ រ៉េមី អនុប្រធាន​អង្គភាពព័ត៌មាន ​​និងប្រតិកម្មរហ័ស​របស់​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំពាក្យ​ផ្ទាល់​របស់​​​​ លោក​ សុខ អាន បាន​បដិសេធ​កាល​ពី​ម្សិល​មិញ​​​​ថា លោក​រដ្ឋមន្ត្រី​មិន​មែន​ឈឺ​ទេ។ ទោះ​ជា​យ៉ាង​​ណា លោក រ៉េមី បានដាក់​ទូរស័ព្ទ​ចុះ​​​នៅ​ពេល​សួរ​ថា តើ​លោក​ សុខ អាន​ បាន​វិល​​​ត្រឡប់​មក​ធ្វើ​ការ​នៅ​ទី​ស្ដីការ​គណៈ​​រដ្ឋ​​​មន្ត្រី​​​​វិញ​​​ហើយ​ឬ​នៅ​។

លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​មុន​ពេល​ដាក់​ទូរស័ព្ទ​ចុះ​ថា “ ​លោកគ្មាន​បញ្ហា​អ្វី​ទេ​ លោកសុខ​សប្បាយ​ជា​ធម្មតាទេ”។ ក្រៅពីមាន​តួនាទី​ជា​ច្រើន​ក្នុង​រដ្ឋា​ភិបាល​ ជា​ពិសេស​នៅ​ក្នុង​ការ​ជំរុញ​ផ្នែក​​ពាណិជ្ជកម្ម​​ លោក​​​ សុខ​​​ អាន គឺ​ជា​ប្រធាន​អាជ្ញា​ធរ​អប្សរា​​ ដែលទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​ប្រាសាទ​អង្គរវត្ត​ និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​ជាតិ​​កម្ពុជាផងដែរ​។ លោក​ សុខ អាន​ ក៏​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សាលា​ក្ដី​ខ្មែរ​ក្រហម​​របស់​រដ្ឋាភិបាល​ និង​ជា​ប្រធានលេខា​​​ធិការ​ដ្ឋាននៃ​ក្រុម​កាយ​រិទ្ធិ​កម្ពុជា​ផង​ដែរ៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.