ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្កើត​តំបន់​អបគមន៍​

លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជា​ស្ថានីយវិទ្យុ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ នៅឯ​ផ្ទះ​របស់​លោក​ ក្នុង​​រាជធានី​ភ្នំពេញ​ ទាក់​ទងទៅ​​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​គេ​ហៅ​ថា ​ចលនា​អបគមន៍​ដែល​អាជ្ញាធរ​បាន​​បំបែក​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ នៅ​មុន​នេះ​ក្នុង​ឆ្នាំ​​នេះ។

មាន​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ​និង​ស៊ីវិល​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​លោក​ ម៉ម សូណង់​ដូ ដែល​​ប្រើ​ជា​ទី​ស្នាក់​​ការ​សមា​​គមអ្នក​ប្រជា​ធិបតេយ្យ​របស់​លោកនិងជា​ការិយាល័យ​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​ផង​ដែរ ហើយ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ហើយ​លោក​នៅ​តែ​​​ត្រូវ​​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​រហូត​មក​ដល់​​​ល្ងាច​ថ្ងៃ​ម្សិលមិញ​​នេះ​។

លោកឧត្ដម​សេនីយ៍ឯកខៀវសុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា “ ​មិន​​មែន​ចាប់​ខ្លួន​គាត់មក​សាក​​សួរ​​នោះទេ​ ប៉ុន្ដែតាម​ដីកា​ចាប់​ខ្លួន​ យើងបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​។យើង​​​ត្រៀម​បញ្ជូន​គាត់​ទៅ​​ពន្ធ​នា​គារ​​ ហើយ​​យើង​កំពុង​រៀប​ចំ​ឯកសារ​”។

លោក​ឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ​ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ច្បាស់​ថាលោក​ ម៉មសូណង់​ដូនឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ពេល​ណា​នោះទេយើង​​កំពុង​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន។ ​​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​ ​ត្រូវ​តែ​បញ្ជូន​ដូច​គ្នា។

វិទ្យុ​សម្បុក​ឃ្មុំ​បាន​បញ្ចេញ​រូបភាព​វីដេអូ​​​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​នៅ​ក្នុង​វីដេ​អូ​នោះគេ​ឃើញ​មន្ត្រី​នគរ​បាល​​ចាប់​ខ្លួន​លោក​ ម៉មសូណង់​ដូ​ ​លឿនៗ​បញ្ចូល​ទៅ​ក្នុង​រថយន្ដម៉ាក​ មីតស៊ូប៊ីហ្សុីប៉ាហ្សេ​រូ៉​ មួយគ្រឿង​។

លោកស្រី​ ឌឹមផាន់​ណារ៉ាជា​ភរិយា​របស់​លោក​ ម៉មសូណង់ដូបាន​និយាយ​ថា“ មនុស្សប្រាំមួយ​នាក់​ស្លៀក​ពាក់​ស៊ីវិល និង​នគរបាល​ស្លៀកពាក់​ឯកសណ្ឋាន១៣​នាក់​​ ព្រម​ទាំង​​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ប្ដីខ្ញុំ​ ​នៅ​​ព្រឹក​​នេះ។នៅ​ពេល​គាត់​ចេញ​មក​ពី​បន្ទប់​ ពួក​គេ​បាន​អាន​ដីកា​ចាប់​ខ្លួន​ និង​បាន​ចាប់​ខ្លួន​គាត់​តែ​ម្ដង​។ ខ្ញុំ​មិន​អាច​ទាក់​ទង​គាត់​បាន​ទេ​ ប៉ុន្ដែខ្ញុំ​ឮថា​ គេ​បញ្ជូន​គាត់​ទៅ​​​ ក្រសួង​មហាផ្ទៃ”។

កាល​ពី​ខែ​ឧសភា អាជ្ញាធរ​បាន​អះអាង​ថាការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​​នៅ​ខេត្ត​ក្រចេះ​ ដែល​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ ជា​ការ​ចាំបាច់​ ដើម្បី​បំបែក​​ចលនា​​អបគមន៍​។ បុរស​ម្នាក់​ដែល​គេ​ហៅ​ថាជា​មេ​ដឹក​នាំ​នៃ​ចលនា​​នេះ​ គឺឈ្មោះ​ ប៊ុនរដ្ឋាបានរត់​​គេច​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មកអាជ្ញាធរ​​បាន​ភ្ជាប់​​លោក​ ប៊ុនរដ្ឋាទៅនឹង​​លោកម៉មសូណង់ដូបន្ទាប់​ពី​គេ​​បាន​បង្ហើប​ប្រាប់​​ថាពួក​គេ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​។ លោក​ឧត្ដម​សេនីយ៍​ឯក​ ខៀវសុភ័គបាន​បញ្ជាក់​ថាមាន​ភស្ដុតាង​បញ្ជាក់​ថាលោក​ ម៉មសូណង់ដូជាអ្នក​គាំទ្រ​​ចលនា​អបគមន៍​នេះ​។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​​ថា “ ខ្ញុំ​សូម​ទោស ​ខ្ញុំ​មិន​អាច​បញ្ជាក់​ឈ្មោះ​​មនុស្ស​ទាំង​នោះ​បាន​ទេ​ ប៉ុន្ដែ គេ​បាន​​ប្រាប់​ថា​​ គឺ​លោកម៉មសូណង់ដូ បាន​បញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​​ដូច្នេះ។ ​អាជ្ញា​ធរ​​មាន​ឯកសារ​គ្រប់​គ្រាន់​ ដើម្បី​​បង្ហាញ​​តុលាការ​”។ នៅក្នុង​ខេត្ត​ក្រចេះ​ លោក​ស្រីចាតសួរស្មី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បានបញ្ជាក់​ថាមាន​​ដីកាចាប់​ខ្លួន​លោកម៉មសូណង់ដូ ​ពី​តុលា​ការ​មែន​ ប៉ុន្ដែបាន​បង្វែ​រសំណួ​រ​ផ្សេង​ទៀត​ទៅ​ចៅ​ក្រម​​ស៊ើប​អង្កេត​ ចុកងួនដែល​មិន​អាច​ទាក់​ទង​បាន​។

លោកសុកសំអឿនមេធាវី​របស់លោកម៉មសូណង់ដូ ​មាន​ប្រសាសន៍​ថាដីកា​ចាប់​​ខ្លួន​ចេញ​នៅដើម​ខែ​នេះ ​មាន​បទ​ចោទ​ប្រកាន់​​ លោក​ សូណង់ដូចំនួន​បួន​ករណី​។ករណី​មួយ​​ដែល​ធ្ងន់​ធ្ងរ​បំផុត​នោះ គឺ​ការ​ដឹក​នាំ​ចល​នា​បះបោរ​ ​ហើយ​​លោក​ ម៉មសូណង់ដូអាច​មាន​​ ទោស​​ជាប់​ពន្ធនាគារ​រហូត​ដល់​​២០​ឆ្នាំ​។

លោក​​បាន​មាន​ប្រសាសន៍​ថា “ ​គាត់​នៅ​​ក្រៅ​ប្រទេស​ គាត់​ស្ម័គ្រចិត្ត​វិល​ត្រឡប់​មក​វិញ​ [ដើម្បី​ឲ្យ​គេ​សាក​សួរ] ប៉ុន្ដែបញ្ហា​​នៅ​ត្រង់​ថា គាត់​​ត្រូវ​បាន​ចោទ​ប្រ​កាន់​​ពីបទ​​បះ​បោរ​ ដែល​ជា​បទ​ឧក្រិដ្ឋ​ ហើយ​​គេ​ត្រូវ​តែ​ចាប់​ខ្លួន​គាត់​”។ លោក​ សុកសំអឿន​ បាន​បន្ថែម​ថា “ បើ​សិន​ជា​ពួក​គេ​ចោទ​ប្រកាន់​ពី​បទ​បះបោរ ​ខ្ញុំ​គិត​ថាវា​ជា​រឿង​នយោបាយ​”។

កាល​ពី​ចុង​ខែ​មិថុនាលោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុនសែនបាន​ប្រកាស​ជា​សាធារណៈភ្ជាប់​លោកម៉មសូណង់ដូ​ ទៅ​នឹង​ចលនា​អប​គមន៍​ដោយ​ហៅ​គាត់​ថា ជាមេដឹក​នាំ​នៃ​ចលនា​នេះ​ដែល​បាន “ បង្កើត​រដ្ឋ​នៅក្នុង​រដ្ឋ​មួយហើយ​បាន​លុបចោល​ភូមិ​មួយ​”។ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​​ សាលាដំបូង​ខេត្ត​ក្រចេះ​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោកម៉មសូណង់​ដូ។

​ខណៈពេល​​រដ្ឋាភិបាល​បាន​​អះ​អាង​ថាខ្លួន​​កំពុង​​លុប​បំបាត់​ចលនា​អបគមន៍​​បន្ទាប់​ពី​​ខ្លួន​​បាន​បញ្ជូនកម្លាំង​ប្រដាប់​អាវុធ​ចំនួន​២០០​នាក់​​ទៅ​ភូមិ​ប្រមា​នោះ​​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ​និង​អ្នក​ភូមិ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​នេះ​ ដោយ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថាជា​​លេស​មួយ​ដើម្បី​បង្ក្រាបគ្រួសារ​ ដែល​ជាប់​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លីដ៏​យូរ​​មួយជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ។ បន្ថែម​​​ពី​លើ​​លោក​ ម៉មសូណង់ដូ​លោកហ៊ុនសែន ​បាន​ភ្ជាប់​លោកសួនសេរីរដ្ឋាមេ​ចលនា​អំណាច​ប្រជា​ជន​​ខ្មែរ ដែល​កាល​ពី​ខែ​ឧ​សភា​​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ ចោទ​ប្រកាន់​លោក​នាយក​​រដ្ឋមន្ត្រីហ៊ុនសែន ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ​។

​ថ្លែង​តាម​វីដេអូរខន់​ហ្វើរិនក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទកាសែត​នៅ​​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ទាំង​លោកសេរីរដ្ឋានិង​លោករដ្ឋា ​បដិសេធ​ចំពោះ​​ការ​អះអាង​អំពី​ចលនា​អបគមន៍​​នេះ​។

ហ៊ួនផាណ្ណារីប្រធាន​រដ្ឋបាល​សមាគមន៍​អ្នក​ប្រជា​ធិបតេយ្យ​មាន​ប្រសាសន៍​ថា“​​លោក​​ម៉មសូណង់ដូព្យាយាម​… និយាយ​ដោយ​សេរី។នោះ​ជា​ហេតុ​ផល​ពិត​ ដែល​គេ​ចាប់​ខ្លួន​គាត់​។ គាត់​ចង់​និយាយ​ដោយ​សេរី ហើយ​ពួក​គេ​ចាប់​​ខ្លួន​គាត់​ចំនួន​បី​ដង​មក​ហើយ​។មិន​មាន​សេរី​ភាព​នៅក្នុង​ប្រទេស​កម្ពុជា​ទាល់​តែ​សោះ”។

គណបក្ស​ប្រឆាំង​ គឺគណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​ សមរង្ស៊ីបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​​ការ​ចាប់​ខ្លួន​នេះ​ថាជា​រឿង​នយោបាយ​៕

ប្រែសម្រួល​ដោយឃិនណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.