រដ្ឋាភិបាល​លើក​ឡើង​ថា មិន​មាន​គម្រោង​បិទ​វិទ្យុ​សម្បុក​ឃ្មុំ​ទេ​

ដោយ​សារ​នៅ​​តែ​មាន​​ការ​ងឿង​ឆ្ងល់​​អំពី​ជោគ​វាសនា​ របស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ជា​វិទ្យុ​ឯក​រាជ្យ​​ក្រោយ​ពី​ការ​ចាប់​ខ្លួនម្ចាស់​វិទ្យុ​នេះ​រួច​មក កាល​ពី​ម្សិល​មិញ ​មន្ត្រី​រដ្ឋា​ភិបាលម្នាក់​​បាន​លើក​ឡើង​ថា​​ មិន​មាន​គម្រោងបិទ​​ស្ថានីយ​វិទ្យុនេះ​​ទេ​ ថ្វីបើ​វិទ្យុ​នេះ​នៅ​តែមាន​គោល​ជំហរ​​រិះ​គន់​​គណបក្ស​កាន់​អំណាច​ក៏​ដោយ​។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​បាន​ផ្ញើ​​សារ​មួយ​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ថា “ ​មិន​មាន​គម្រោង​បិទ​ស្ថានីយ​វិទ្យុ​នេះ​ទេ”។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​ផ្ទះ​របស់​លោក​នៅក្នុង​រាជធានី​ភ្នំពេញ តាម​ការ​ចោទ​ប្រកាន់​នានា​ ទាក់ទងទៅ​​​នឹង​អ្វី​ដែល​គេ​ហៅ​​ថា ជា​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោក ម៉ម សូណង់ដូ អាយុ​៧១​ឆ្នាំ​​អាច​មាន​ទោស​ជាប់​​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ពី​បទ​ធ្វើ​កុបកម្ម​តែ​មួយ​ ហើយ​ការ​ចាប់​ខ្លួន​លោក​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​សំណាក់​​​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ ដែលបាន​​​ហៅ​ការចោទ​ប្រកាន់​នោះ​ថា​ មិន​ត្រឹម​ត្រូវ​ និង​ជា​ការ​វាយ​ប្រហារ​ចំពោះ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។

អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា “ ​ការ​​ចោទ​ប្រកាន់​ចំពោះ​​អ្នក​​រិះ​គន់ គឺជា​រឿង​ធម្មតា​​​នៃ​ទី​​ភ្នាក់​ងារ​សម្ងាត់​ និង​​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​​ ជា​ច្រើន​​ទសវត្សរ៍​​មក​ហើយ​”។

អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​នេះ​ ​​លើក​ឡើង​ថា​ “ ការ​ចាប់​ខ្លួន​លោក​ សូណង់ដូ ក៏ជា​​ការ​វាយ​ប្រហារ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ផង​ដែរ​​។ ​វិទ្យុ​នេះ​ គឺ​ជា​វេទិកាដ៏សំខាន់​មួយ​សម្រាប់​លើក​​ស្ទួយ​​​សិទ្ធិមនុស្ស​​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា”។

ក្លឹប​អ្នក​​សារព័ត៌មាន​​បរទេស​ប្រចាំ​កម្ពុជា​​ (OPCC) បាន​​ហៅ​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​​​នេះ​ថា “ ជា​ការ​កើន​ឡើង​​គួរ​ឲ្យ​បារម្ភ​ នៃ​ការ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ និងការបញ្ចេញ​មតិ​ដោយ​សេរី​។ ក្លឹប​អ្នក​​សារព័ត៌មាន​នេះ​​បាន​លើក​ឡើងថា ខ្លួន​មាន​កង្វល់​យ៉ាងខ្លាំង​​ដោយសារ​ថា​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក ម៉មសូណង់ដូ អាយុ​៧១​ឆ្នាំ​ ​ពីបទ​ល្មើស​ដែល​អាច​មាន​​ទោស​ជាប់​ក្នុង​ពន្ធនាគារអស់​រយៈ​ពេល​រាប់​​ទសវត្សរ៍​​នេះ​ ហាក់​ដូច​ជា​ករណី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​​សេរី​ភាព​នៃ​ការ​​បញ្ចេញ​មតិ​ដូច្នេះ​ដែរ”។

នៅ​ឯ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ បុគ្គលិក​បាន​ថ្លែងថា ពួក​គេ​មិន​មាន​គម្រោង​បញ្ឈប់​ការ​ផ្សាយ​នោះ​ទេ​ ហើយក៏​មិន​ខ្លាច​ផ្សព្វ​ផ្សាយ​ពី​​​ព័ត៌មាន​នានាដែរ​។ ប៉ុន្ដែ​ ពួក​គេ​ទទួល​ស្គាល់​ថាបើសិន​ជា​មិន​មាន​វត្ត​មាន​លោក ម៉ម សូណង់​ដូ ទេ ប្រជាប្រិយ​ភាព​របស់​វិទ្យុ​​នេះ​អាច​នឹង​​មាន​ការ​ផ្លាស់​ប្តូរ​​។

លោកស្រី ឌឹន ផាន់ណារ៉ា ភរិយា​របស់លោក​ ម៉ម សូណង់ដូ និង​ជា​នាយិកា​រង​ស្ថា​នីយ​វិទ្យុ​​សម្បុក​ ឃ្មុំ​មាន​ប្រសាសន៍​ថា“ ​យើង​នៅ​តែ​មាន​ជំហ៊រ​ក្នុង​ការ​ផ្សាយ​ព័ត៌​មាន​ដូច​ពី​​ពេល​មុន​ដដែល​។ ប៉ុន្ដែ យើង​មិន​មានសំឡេង​​របស់​គាត់​ទេ​”។ស្ថានីយ​វិទ្យុ​នេះ​កំពុង​មាន​បញ្ហា​ថវិកា​ក្នុង​អំឡុង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ។

លោក​ស្រីបាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “ យើង​មិន​មាន​ការ​គំរាម​កំហែង​​ពី​រដ្ឋា​ភិបាល​ឲ្យ​បិទ​​វិទ្យុ​​នេះ​ទេ ប៉ុន្ដែ យើង​ប្រឈម​នឹង​កង្វះ​ថវិកា​សម្រាប់​​គាំ​ទ្រ​ដំណើរ​ការ​របស់​​វិទ្យុ​នេះ​”។ លោក​ស្រី សួន ចន្ធី​ ប្រធាន​រដ្ឋបាល​បាន​​អះអាង​ថា ការ​ផ្សាយ​នៅ​តែ​បន្ដ​ក្នុង​អំឡុង​ពេល​អវត្ត​មាន​របស់​លោក​ ម៉ម សូណង់ដូ។

លោក​ស្រី​ សួន ចន្ធី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “ ស្ថានីយ​វិទ្យុ​​នេះ​នៅ​​តែ​បន្ដ​ការ​ផ្សាយ​ដូច​ធម្មតា​”។ លោក ឡៅ​ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​បាន​លើក​ឡើង​ថា លោក​មិន​គិត​ថា​ ​រដ្ឋាភិបាល​បិទ​​វិទ្យុ​​នេះេទ​ ប៉ុន្ដែ លោក​ឆ្ងល់​ថា​តើ​វិទ្យុ​នេះនឹង​​ដំណើរ​បាន​ឬ​អត់​ទេ​បើគ្មាន​​ការ​គ្រប់គ្រង​​ពី​លោក ម៉ម សូណង់​ដូ នោះ​។

លោក​ ម៉ម សូណង់ដូ ត្រូវ​បាន​គេ​ស្គាល់​​ចំពោះ​កម្មវិធី​ហៅ​ទូរស័ព្ទ​ចូល​​របស់​អ្នក​ស្តាប់​ ព្រមទាំង​​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ដូចជា​ជម្លោះ​ដី​ធ្លី និង​ការ​គោរព​ច្បាប់​នៅក្នុង​ប្រទេស​ជាដើម​​។ លោក ម៉ុងហៃ បាន​មាន​ប្រសាសន៍​បន្ដថា “ ខ្ញុំ​ជឿ​ថា ភរិយា​របស់​លោក និង​បុគ្គលិក​ទាំង​អស់​របស់​លោក អាច​ចាត់​ចែង​ដំណើរ​ការ​វិទ្យុ​នេះ​បាន​ ប៉ុន្តែ​​ យើង​រង់​ចាំ​មើល​សិន។​

ដោយ​សារ​អ​វត្តមាន​​សំឡេង​​រិះ​គន់ រដ្ឋា​ភិបាល​​ប្រហែល​ជា​សប្បាយ​ចិត្ត ​និង​​នៅ​ស្ងៀម​ស្ងាត់​នៅពេល​ដែល​​មិន​មាន​ការ​រិះ​គន់​ខ្លាំងៗ​ចំពោះ​​​ពួក​គេ​នោះ​​។ លោក​មាន​ប្រសាសន៍​ទៀត​ថា “ ​​​មិន​ត្រឹម​​តែ​មន្ត្រី​ជាន់​ខ្ពស់​ប៉ុណ្ណោះ​ទេ ដែល​ស្តាប់​វិទ្យុ​សម្បុក​ឃ្មុំ ​ទោះ​បី​ប្រជា​ពល​រដ្ឋ​​ថ្នាក់​ក្រោម​និង​​អ្នក​បោះ​ឆ្នោត​ក៏​ស្តាប់​វិទ្យុ​នេះ​ដែរ។ ប៉ុន្ដែវិទ្យុ​​នេះ​ត្រូវ​ការ​មនុស្ស​ម្នាក់​ដូច​លោក ម៉ម សូណង់ដូ ដើម្បី​បញ្ចេញ​ទស្សនទាក់​ទាញ​អ្នក​ស្តាប់​​”។

កាល​ពី​ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ភ្ជាប់​លោក ម៉ម សូណង់ដូ ទៅ​នឹង​ចលនា​អបគមន៍​​ក្នុង​ខេត្ត​ក្រចេះ ដោយ​​ហៅ​គាត់​ថា ជា​មេដឹក​នាំ​ដែល​បាន​ “ បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ហើយ​បាន​បិទ​ភូមិ​មួយ​ចោល”។ នៅ​ពេល​ដែល​អង្គការ​សិទ្ធិ​មនុស្ស​នានា​​បាន​​ចាត់​ទុក​​ការ​​អះអាង​​របស់​រដ្ឋាភិបាល​អំពី​​ចលនាអបគមន៍​​ថា​ជា​លេស ដើម្បី​​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពីតំបន់​ ហើយ​ការ​បណ្តេញ​ចេញ​នេះ​​​ បាន​​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ត្រូវ​​បាន​បាញ់​សម្លាប់​នោះ ​រដ្ឋាភិបាល​បាន​អះអាង​​ថា ការ​បង្ក្រាប​​របស់​ខ្លួន​គឺ​ជា​ការ​ចាំបាច់​។

ទោះ​ជា​យ៉ាង​ណា ការ​ភ្ជាប់​លោក​ ម៉ម សូណង់ដូ ទៅ​នឹង​ការ​បណ្ដេញ​ចេញ​នៅក្នុង​​ខេត្ត​ក្រចេះ​នោះ ​កើត​ឡើង​បន្ទាប់​ពី​មាន​​សេចក្តី​រាយ​ការណ៍​ដ៏​ចម្រូង​ចម្រាស​​តាម​​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​​នៅ​ក្នុង​សេចក្តី​រាយការណ៍​នោះ ​លោក ម៉ម សូណង់ដូ ​បាន​រាយ​ការណ៍​អំ​ពី​​មនុស្ស​មួយ​ក្រុម​​តូច​ដែល​ប៉ុនប៉ង​​​ដាក់​ពាក្យ​បណ្ដឹងទៅ​​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​​នៅ​ទី​ក្រុង​ឡាអេ ប្តឹង​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន៕

ប្រែសម្រួល​ដោយ ឃិន ណៃ​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.