រថយន្ដ​​​ដឹក​​​ពួក​​​អាវ​​​ក្រ​​​ហម​​​ប៉ះ​​​ជា​​​មួយនឹង​​​ម៉ូតូ​​​ធ្វើឲ្យ​​​​ស្លាប់​​​ម្នាក់

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រថយន្ដមួយ​​​គ្រឿង​​​​​​ដឹក​​​សកម្មជន​​​ “ អាវ​​​ក្រ​​​ហម”  ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​សម្រាប់​​​កិច្ច​​​ប្រ​​​ជុំនា​​​ចុង​​​សប្ដាហ៍​​​ បាន​​​ប៉ះជាមួយ​​​នឹង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និង​​​បាន​​​សម្លាប់​​​អ្នក​​​បើក​​​ម៉ូតូ ​​​​​​និង​​​ធ្វើ​​​ឲ្យ​​​របួស​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ជាមួយ។

គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ព្រលប់​​​​ថ្ងៃ​​​សុក្រ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦​​​ក្នុង​​​ស្រុក​​​ពួក​​​ ខេត្ត​​​សៀមរាប។ លោក ជឹម សុវណ្ណ​​​ នាយ​​​ការិយាល័យ​​​នគរបាល​​​ចរាចរខេត្ត​​​ថ្លែង​​ថា លោកមិន​​​បាន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​រង​​​គ្រោះ​ទាំងពីរ​នាក់នោះ​​​​ទេ ប៉ុន្តែថា អ្នក​​​ទាំងពីរ​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ។

“[រថយន្ដ​​​និង​​​ម៉ូតូ] កំពុង​​​បើក​​​បរ​​​ស្រប​​​ទិស​​​គ្នា​​​ ហើយ​​​នៅ​​​ពេល​​​អ្នក​​​បើក​​​ម៉ូតូ​​​បត់​​​ឆ្វេងគាត់​​​មិន​​​បាន​​​ងាក​​​មើល​​​ខាង​​​ក្រោយ។ រថ​​​យន្ដ​​​ក៏​​​បុក​​​គាត់​​​ស្លាប់​​​មួយ​​​រំពេច​​​” លោក​​​ សុវណ្ណ មាន​​​ប្រ​​​សាសន៍​​​ដូច្នេះ ដោយ​​បាន​បន្ថែម​​​ថា អ្នក​​​ជិះ​​​​ពី​​​ក្រោយ​​​ពុំ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ទេ។

លោក​ ​​សុវណ្ណ ​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះថា នគរបាល​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​សន្និដ្ឋានថា គ្រោះ​​​ថ្នាក់​​​នោះ​​​គឺជា​​​កំហុស​​​របស់​​​​ អ្នក​​​បើក​​​ម៉ូតូ “ ពីព្រោះ​​​គាត់​​​បើក​​​បរដោយ​​​ធ្វេស​​​ប្រហែស”  និង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​នោះទេ ទោះបីជា​​​ក្រុម​​​ហ៊ុន​​​រថយន្ដ​​​​ថៃ​​​​ព្រម​​​ទទួល​​​ចេញ​​​ថ្លៃ​​​រៀប​​​ចំ​​​បុណ្យ​​​សព​​​ក៏​​​ដោយ។ ក្នុង​​​ទី​​​ក្រុង​​​សៀមរាប ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ប្រាំមួយ​​​លើក​​​ក្នុង​​អំឡុង​​​វិស្សម​កាល​​​​ចុង​​​សប្ដាហ៍ ដោយ​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​បី​​​នាក់​​​និង​​​របួស​​​១១នាក់៕

ប្រែ​​​សម្រួល​​​ដោយ​​​  ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.