លោក​ស្រី​ គ្លីន​តុន ជំរុញ​ឲ្យ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈពហុ ភាគី អំពី​ជម្លោះ​ក្នុង​សមុទ្រ​​ចិន​

លោក​ស្រី ហ៊ីលឡារី គ្លីន​តុន (Hillary Clinton)រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក កាលពី​ម្សិល​មិញ​ បាន​ជំរុញ​ឲ្យស្វែងរកដំណោះ​ស្រាយពហុ​ភាគី​ ចំពោះជម្លោះដ៏​តានតឹង​កាន់​តែ​កើន​ឡើង​ ជំុវិញការទាមទារ​សិទ្ធិ​ត្រួតត្រាលើ តំបន់​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិនៅ​ក្នុងដែន​សមុទ្រ​ចិនខាង​ត្បូង។

សេចក្ដី​អត្ថាធិប្បាយរបស់​លោក​ស្រីដែល​​ធ្វើ​ឡើង​អំឡុង​​សន្និសីទ​កាសែត​មួយ​ នៅ​ឯ​ខុទ្ទកាល័យ​របស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រីការបរទេសអាស៊ាននៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺរំលោភយ៉ាងជាក់ស្តែងមកលើ​សេចក្ដី​ប្រាថ្នា​របស់រដ្ឋាភិបាលក្រុង​ប៉េកាំង​ ក្នុង​ការចង់​រក្សា​ជម្លោះដែន​​សមុទ្រ​របស់​ខ្លួន​មិនឲ្យធ្លាក់ចូលក្នុងរបៀបវារៈប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន​មួយ​នៅ​សប្ដាហ៍​នេះ ដើម្បីទុកដោះ​ស្រាយ​ទ្វេភាគី​វិញ​។

ការប្រជែងទាម​ទារសិទ្ធិកាន់កាប់របស់​ចិន ជាមួយ​នឹង​ប្រទេស​ព្រុយ​ណេ​ ម៉ាឡេស៊ីហ្វីលីពីន និង​ប្រទេស​វៀតណាម មកលើ​តំបន់​ដែល​សម្បូរ​ដោយធនធាន​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​នេះ​ កាន់​តែ​ក្ដៅ​គគុក​ឡើង​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះដោយ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​ អំពីការ​ប្រឈម​មុខ​ដោយ​អាវុធ​នៅ​ក្នុង​តំបន់​ ដែល​អាមេរិកកំពុងយកចិត្តទុកដាក់។

រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​សម្បា​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ានកាលពី​ពីរ​ឆ្នាំ​មុន ដោយចាត់ទុក​សមុទ្រ​ចិន​ខាង​ត្បូងថា ជា​ចំណែកនៃ​ “ផល​ប្រយោជន៍​ជាតិរបស់​ខ្លួន​” ហើយ​នៅឆ្នាំមុន​ បាន​ប្រកាស​​យុទ្ធ​សាស្ត្រ​ដ៏ទូលំទូលាយ​ ដើម្បី​ “ធ្វើ​ជាស្នូល​”ក្នុង​គោល​នយោបាយក្រៅប្រទេស ចំពោះ​តំបន់​អាស៊ី​បាស៊ីហ្វិក តាមរយៈ​ការ​បង្កើន​វត្ត​មាន​យោធា​របស់​សហ​រដ្ឋ​អាមេរិកនៅ​ក្នុង​តំបន់នេះ។​

កាលពី​ម្សិលមិញលោក​ស្រី​ គ្លីនតុនបាន​សម្រាល​វោហា​សាស្ត្រ​បន្ដិច​បន្តួច​ដែរ។​​ លោក​ស្រីបាន​មាន​ប្រសាសន៍​ថា “ សហ​រដ្ឋ​អាមេរិក ពុំ​មានការ​ទាម​ទារយកដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ហើយ​យើង​មិន​កាន់ជើងនៅក្នុង​ជម្លោះ​អំពី​ព្រំដែន​គោកឬ​ព្រំ​ដែន​ទឹកនោះដែរ”។

លោក​ស្រីបាន​មាន​ប្រសាសន៍ថា “ក៏ប៉ុន្ដែយើង​គ្រាន់​តែ​មាន​ប្រយោជន៍​រួម​​មួយ​ គឺ​សេរី​ភាព​ក្នុងការធ្វើនាវាចរ ការ​រក្សា​សន្ដិភាព​ និង​ស្ថិរភាព​ ការគោរព​ច្បាប់​អន្ដរ​ជាតិ​ និង​ពាណិជ្ជ​កម្ម​ស្របច្បាប់ពុំ​មានការ​រារាំង​។

ហើយ​យើង​ជឿ​ថា បណ្ដា​ប្រទេស​​ក្នុង​តំបន់​នេះ ​គួរ​តែ​សហ​ការ​គ្នាតាម​រយៈ​ការ​ទូត ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ គ្មាន​ការ​បំភិត​បំភ័យ​ គ្មាន​ការ​គំរាម​​កំហែងនិង​គ្មាន​ការ​ប្រើ​កម្លាំងយោធា”។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ សភា​​វៀតណាម បាន​អនុ​ម័ត​ច្បាប់មួយ​ ដើម្បី​ដាក់​ប្រជុំកោះ ដែលខ្លួន​ទាម​ទារ​ក្នុងសមុទ្រ​ចិន​ខាងត្បូង​ស្ថិតនៅ​ក្នុងដែនទឹករបស់ខ្លួន​ ហើយ​ប្រទេស​ហ្វីលីពីន បាន​លើក​ឡើង​ថា ខ្លួនកំពុង​ពិចារណាទិញ​យន្ដហោះ​ស៊ើប​ការណ៍​ពី​អា​មេ​រិក​ដើម្បីហោះល្បាតលើ​តំបន់​ទាម​ទារ​ត្រួត​ស៊ី​គ្នាជាមួយ​ចិន។ ស្រប​ពេល​នោះ​​ដែរ ចិនបាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​ត្រៀម​នាវា​ប្រយុទ្ធ​ ដើម្បីល្បាត​ក្នុង​សមុទ្រ​នេះ​ ព្រមទាំង​បាន​បង្កើត​ទីក្រុង​ថ្មី​មួយ​ឈ្មោះថា ហ្សាន​ហ្សា (Shansa) ដោយ​មានវិសាល​ភាព​គ្រប​ដណ្តប់​ភាគ​ច្រើន​បំផុតមកលើៃ​ដែន​សមុទ្រ​នេះ។

លោកស្រី គ្លីនតុន បាន​លើក​ឡើង​ថា“គ្មាន​ប្រទេស​ណា​មិន​អាច​ព្រួយ​បារម្ភ​អំពី​ភាព​តាន​តឹង​​ ដែលកាន់​តែ​កើន​ឡើង​ ការ​ដំឡើងសរសៃកដាក់គ្នា​ និង​ការ​ខ្វែង​គំនិតគ្នា​ ទាម​ទារ​​ធនធានធម្មជាតិ​”។ លោក​ស្រីបាន​ជំរុញ​ឲ្យបណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន

និង​ចិន អនុម័តក្រម​ប្រតិបត្តិ​មួយ​ សម្រាប់​ដោះ​ស្រាយ​ជម្លោះក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​។ ក្រម​ប្រតិបត្តិនេះ ផ្ដោត​លើ​ការ​បង្កើត​​

ឯកសារផ្លូវច្បាប់​សម្រាប់​គ្រប់​គ្រង​សកម្មភាព​របស់រដ្ឋាភិបាលនៃប្រទេសជាប់ពាក់ព័ន្ធនៅ​ក្នុង​សមុទ្រ​នេះ និងរក​វិធី​ដោះស្រាយជម្លោះ​​ដោយ​សន្ដិ​វិធី​។

កាលពី​ថ្ងៃ​ច័ន្ទបណ្ដា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ព្រម​ព្រៀង​ចំពោះ​“ចំណុច​សំខាន់ៗ” នៅក្នុងក្រម​ប្រតិបត្តិនេះ ហើយ​បាន​លើក​ឡើងថា ខ្លួន​នឹង​ចាប់​ផ្ដើម​បើកកិច្ច​ប្រជុំ​ជា​មួយ​ប្រទេស​ចិន ដោយ​សង្ឃឹម​ថា ប្រទេស​ជិតខាង​​ក្នុងតំបន់នៅ​អាស៊ីមួយនេះ​ នឹង​យល់​ព្រម​តាម​លក្ខខណ្ឌ​ចែងនៅ​ក្នុង​ក្រម​នេះ​។

លោក​​​ ហ្វូ៊ យីង ​​​អនុរដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​ចិន បាន​​​លើកឡើង​​​​​​ក្នុងសេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ចេញកាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុង​​​ប៉េកាំង​​​ “ មាន​​​បំណង​​​​ចង់ពិចារណា” អំពីយោបល់​ និង​ស្វែងរក​លទ្ធ​​​ភាព​​​ចូល​​​រួម​​​កា​​​រពិភាក្សា​​​អំពី​​​បញ្ហា​នោះ “ នៅ​​​ពេល​​​សមស្រប​ណាមួួយ”។

លោក​​​ស្រី​​​ គ្លីន​​​តុន​​​ និងលោក​​​ យ៉ាង ជៀឈី​រដ្ឋ​មន្ត្រីការបរទេសចិន បានជួប​​​ប្រជុំគ្នានៅ​​​ក្រៅកិច្ច​​​ប្រជុំ​​​កំពូល​​​កាលពី​​​ម្សិលមិញ ដោយ​បាន​​​​ពិភាក្សាគ្នាជា​ទេ្វភាគី បើទោះជាអ្នក​​​ទាំង​​​ពី​​​រមិន​​​បាន​​​ពិភាក្សា​​​អំពី​​​ជម្លោះក្នុងដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ក៏ដោយ​។ ក្រោយមក នៅពេល​​​សួរ​​​ថា​​​ តើលោក​​​ស្រីគិតថា​​​ មាន​​​ផលវិបាក​​​អ្វីខ្លះ​​​ដែល​​​នឹង​​​អាច​​​កើត​​​មាន​​​ឡើង​​​ បើ​​​សិន​​​ជាអាស៊ាន​​​ និង​​​ចិន​​​មិន​​​អាច​ព្រមព្រៀគ្នា ចំពោះក្រម​​​ប្រតិបត្តិ​​​នោះ​​ លោក​​​​ស្រី​​​ គ្លីនតុន​​​ បាន​​​លើកឡើង​​​ថា ​បញ្ហា​នេះ​គឺ​​​ឆាប់ពេកហើយ ដែល​​​យើង​​​ត្រូវធ្វើ​​​ការ​​​សន្និដ្ឋានអំពីបរាជ័យ។​​​

លោក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ការ​​​ពិភាក្សា គឺកំពុង​​​តែ​​​បន្ដ​​​ និងកំពុងតែតឹងតែង ដូច្នេះ​​​យើង​​​នឹង​​​បានដឹងលទ្ធផល​​​ជាមិនខាន”។ លោក​​​ស្រី​​​បាន​​​ចាត់ទុកបំណង​​​របស់​​​អាស៊ាន ​ក្នុងការស្វែង​រកដំណោះ​​ស្រាយ​​​អំពីជម្លោះ​ក្នុង​ដែនសមុទ្រ​​​​ចិន​​​ខាង​​​ត្បូង គឺ​​​បង្ហាញឲ្យឃើញ​នូវការ​ខិត​ខំ​ប្រឹងប្រែង។

មិន​​​មាន​​​ប្រទេសសមាជិក​​​អាស៊ាន​​​ណា​មួយ​​​ក្រៅពីប្រទេស​​​ហ្វីលី​​​ពីន​​​នោះទេ ដែល​​​បាន​​​ជំរុញ​​​ប្រទេស​​​ចិនជាងគេ ​ដើម្បី​​​ឲ្យ​​​ចិន​យល់​​​ព្រមទទួលយក​​​ក្រម​​​ប្រតិបត្តិ​​​ ដែល​​​ជា​ជំហរមួយធ្វើ​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ដល់​​​បណ្តា​ប្រទេសជាសមាជិក​​​ទាំង​​​១០​​​ពិបាកធ្វើសេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​រួម​​​ ដើម្បីសង្ខេបលទ្ធផល​នៃកិច្ច​ប្រជុំ។ប្រទេសហ្វីលីពីន​ បានទាមទារឲ្យមាន​ការ​បញ្ជាក់ច្បាស់លាស់​​​ ពី​​​បញ្ហា​​​ជាប់​​​គាំងក្នុង​​​ដែន​​​ទឹក​​​ជាមួយ​​​នឹង​​​ប្រទេស​​​ចិន​​មក​លើប្រជុំ​​​កោះ​​​ Scarborough Shoal ប្រឆាំង​​​នឹង​​​បំណង​​​របស់​​​ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.