លោក​ ម៉ម សូណង់ដូ​ ត្រូវ​បាន​ចោទ​ប្រកាន់​និង​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​

បន្ទាប់​ពី​ការ​សាក​សួរ​រយៈ​ពេល​ពីរ​ម៉ោង​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​បញ្ជូន​លោក​​​ម៉ម​ សូណង់ដូ ​ម្ចាស់​​ស្ថានីយ​វិទ្យុ​ឯករាជ្យ​​​ ទៅ​​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​រង់​ចាំ​​ការ​​បើក​សវនាការ​​​ពី​បទ​ចោទ​ថា ​លោក​បាន​ព្យាយាម​បង្កើត​ចលនា​អបគមន៍​មួយ​នៅ​ក្នុង​ខេត្ត​ក្រចេះ។

នៅ​ខណៈ​ពេល​លោក​ សូណង់ដូ​ កំពុង​ត្រូវ​បាន​សាក​សួរ ​​អ្នកគាំទ្រ​លោក​ជា​ច្រើន​នាក់​​បាន​ធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​ ដោយ​លើក​​បដា​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក ​​និង​​ស្រែក​​អំ​ពី​ភាព​អយុត្តិធម៌។ ដោយ​​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​បាន​មួយ​សន្ទុះ មុន​​ពេល​​ចាក​ចេញ​ពី​ការិយាល័យ​ ចៅ​ក្រម​ស៊ើប​សួរ​​ លោក​​ ម៉ម សូណង់ដូ​ ម្ចាស់​​ស្ថានីយ​វិទ្យុសម្បុកឃ្មុំ​បាន​បញ្ជាក់​ពី​ភាព​គ្មាន​ទោស​របស់​លោក។

លោក​​បាន​មាន​ប្រសាសន៍​​មុន​ពេល​នគរ​បាល​ប្រញាប់ប្រញាល់​នាំ​លោក​ចេញ​ទៅ​ថាដោយ​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​រូប​​​​លោក​​​​និង​​បាន​​លើក​ឡើងបន្ថែមទៀត​ថា ការ​ចោទ​ប្រកាន់​នោះគឺ​ជា​ការ​បិទ​បាំង​សកម្មភាព​របស់​រដ្ឋា​​​ភិបាល​ក្នុង​ការ​បង្ក្រាប​​សេរី​ភាព​នៃការ​បញ្ចេញ​​​​មតិ​។

លោក​ ចាន់​ សុវ៉េត អនុប្រធាន​កម្មវិធី​អង្កេត​​​​របស់​អង្គការ​អាដហុក​ ​ថ្លែង​ថា “វា​មិន​ល្អនោះ​ទេ ​​​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​​របស់​រដ្ឋា​​​ភិ​​​បាល​កម្ពុជា ​​​ ​ព្រោះ​រដ្ឋា​​​ភិបាល​មាន​ច្បាប់រដ្ឋ​​​ធម្មនុញ្ញ​ល្អ​ ហើយ​បើ​ពួក​គេ​មិន​គោរព​​រដ្ឋ​ធម្មនុញ្ញ​ទេ មាន​តែ​ឲ្យ​រដ្ឋ​​​ធម្ម​​​នុញ្ញ​​គោរព​គេ​វិញ”។

​លោក​បាន​បន្ដ​ថា “នៅ​ពេល​ពួក​គេ​ចាប់​ខ្លួន​គាត់​​ អ្នក​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍ និង​នៅ​ក្នុង​ប្រទេស​ទាំង​មូល​មាន​ការ​ព្រួយ​បារម្ភ​​។ ការ​ចាប់​ខ្លួន​នេះ​​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មាន​ការ​ភ័យ​ខ្លាច​”។

អង្គការ​អាដហុក​ និង​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​បាន​លើក​ឡើង​ពី​កង្វល់​ថា ការ​កាត់​ទោស​លោក​ ម៉ម សូណង់​ដូ ​មាន​ន័យ​ថា​​គោល​ដៅ​បន្ទាប់​គឺរដ្ឋាភិបាល​នឹង​​បិទ​ស្ថា​​​នីយ​​​វិទ្យុ​សម្បុក​ឃ្មុំ ដែល​ជា​ស្ថានីយ​មួយ​​ក្នុង​ចំណោមស្ថានីយ​វិទ្យុ​​ឯក​រាជ្យ​តែ​ពីរ​បី​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​ ដែល​​មាន​អ្នក​ស្ដាប់​​ច្រើន​នាក់​៕

(រាយការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែសម្រួល​ដោយ ឃិន ណៃ

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.