សាកសួរ​​​ជនរងគ្រោះ​​​ចុង​​​ក្រោយ​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​លើ​ក្រុម​អ្ន​កតវ៉ានៅ​​​តំបន់​​​សេដ្ឋ​​​កិច្ចពិសេស

កាលពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​រៀង បាន​​សាកសួរ​​​ជនរង​​​គ្រោះចុង​​​ក្រោយ​​​នៅ​​​​​​ក្នុង​​​ការបាញ់​​​ប្រហារ​​​​​អំឡុង​​​ពេល​​​តវ៉ា​​​នៅ​​​ឯ​​​តំបន់សេដ្ឋ​​​កិច្ច​​​ពិសេសមួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​​​​ខេត្ត​​​ស្វាយរៀង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។

​​​កាល​​​ពី​​​ខែ​​​មុន នាង នុតសុខន អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​​​​ប្ដឹង​​​លោក ឈូក បណ្ឌិត អភិបាល​​​ក្រុង​​​បាវិត​​​ដែលជា​​​ជន​​​សង្ស័យ​​​តែម្នាក់​​​គត់​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​នៅ​តំបន់សេដ្ឋកិច្ចពិសេសម៉ាន់​ហាតតាន់​​​​ ដោយទាមទារ​សំណង​​​​​ជំងឺ​​​ចិត្ត​​​ជា​​​ប្រាក់​​​ចំនួន​​​៤៥.០០០​​​ដុល្លារ​​​អាមេរិក។​​​ជន​​​រង​​​គ្រោះពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​មាន​​​ឈ្មោះ កែវ នី អាយុ​​​១៨​​​ឆ្នាំ និង ​​​ប៊ុន ​ចិន្ដាអាយុ​​​២១​​​ឆ្នាំ ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដែរ​​​នោះ ​​​ត្រូវបាន​​​សាកសួរ​​​កាល​​​ពី​​​ខែ​​​មុន​​​។

លោក ហឹុង ប៊ុនជា ព្រះ​​​រាជអាជ្ញាអម​​​សា​​​លាដំបូងខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ថាលោក​​​​ត្រូវពិនិត្យ​រឿង​​​ក្ដី​​​នេះ​សិន​​​មុន​​​ពេល​​បញ្ជូនទៅ​​​​ឲ្យ​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​ ដែល​​​នឹង​​​សម្រេច​​​ថា តើគួរ​​​ចាត់​​​វិធាន​​​ការ​​​បែប​​​ណា​​​នៅ​​​ពេល​​​បន្ទាប់​​​ទៀតនោះ។

លោក ប៊ុនជា បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​មិន​​​​​អាច​​​និយាយបានថា តើ​​យើង​​​នឹងសាកសួរ​​​​សាក្សីឬអត់​នោះទេ។ វា​​​អាស្រ័យ​លើ​​​​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​ថា​​​​​​ហេតុអ្វី​​​បានជា​​​ត្រូវ​​​ចំណាយ​​​ពេល​​​ជិត​​​ពីរ​​​ខែទើបសាក​​​​សួរជន​​​រង​​​គ្រោះនោះទេ​​​។

នាង សុខន​​​ បាន​​​និយាយថា ​លោក ​ប៊ុនជា ​បាន​​​សួរ​​​នាងថាតើ​​​នាងបាន​​​ឃើញ​​​លោក​បណ្ឌិត បាញ់​​​នាងដែរឬទេ។​នាងបាននិយាយថា “ខ្ញុំបាន​​​ប្រាប់​​គាត់​​​ថា​ពីកន្លែង​​​​​ខ្ញុំកំពុង​​ឈរ​​​នៅ​​​ពេល​​​​មាន​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​នោះ…ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​ជន​​​សង្ស័យ​​​ទេ។ ប៉ុន្តែខ្ញុំ​​​ដឹង​​ថា ​​​លោក ​ឈូក បណ្ឌិត ​អភិ​បាល​ក្រុង​​​បាវិតជាអ្នក​បាញ់​​​ ពីព្រោះប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ក្រសួង​​​មហា​ផ្ទៃ”។​​​នាងបាន​​​បន្ដ​ថា ការ​​​សាកសួរនោះ​​​មានរយៈពេលប្រហែល​​​​មួយ​​​ម៉ោង។

មានប្រ​​​សាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​សន្និសីទស្ដីពីលទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​និង​​​សិទ្ធិមនុស្ស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅសណ្ឋាគារ​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ លោក ស ខេង ​​​​​រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រឿង​​​ក្ដី​​​នេះ​​​ស្ថិតនៅ​​​​ក្នុង​​​កណ្ដាប់​​​ដៃ​​​របស់​​​សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នៅ​​​ឡើយ​​​ទេ។

លោក ស ខេង​​​ ដែល​​​បាន​​​បដិសធ​​​មិន​​​មិន​​​ធ្វើអតា្ថធិប្បាយ​​​បន្ថែម​​​ទៀត​​​នោះ បាន​​លើក​ឡើង​​​​ថា “មិន​ទាន់​មាន​ការតែង​តាំង​​​​នរណាម្នាក់​ឲ្យ​ធ្វើ​ជា​អភិបាល​​​ក្រុង​​​បាវិត​នៅ​ឡើយ​​​ទេ ​ពីព្រោះ​​​រឿង​​​ក្ដី​​​លោក ឈូក​​​ បណ្ឌិត កំពុងដំណើរការ​​​នៅ​​​ក្នុង​​​តុលាការ​​​នៅឡើយ។ ​​តុលាការកំពុង​ចាត់​ការ​រឿង​នេះ៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.