ស្ត្រី​​​​​​ជន​​​ជាតិ​​​ថៃ​​​ម្នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ជាមួយ​​​កូកាអ៊ីន​​​២,៥​​​គក​​​

នគរបាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា ស្ត្រី​​​ថៃ​​​ម្នាក់​​​​​​ អាយុ​​​២២​​​ឆ្នាំ​​​ត្រូវ​​​បាន​​​សមត្ថកិច្ច​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ឯ​​​អាកាសយាន​​​ដ្ឋាន​​​​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ដោយ​​​មាន​​​កូកាអ៊ីន​​​ទម្ងន់​​​២,៥​​​គីឡូក្រាម​​​​​​បង្កប់​​​ក្នុង​​​សូកូឡា​​​ដាក់​​​ក្នុង​​​ប្រអប់។

លោក លាង ហៃ ប្រធាន​​​គយ​​​នៅ​​​ព្រលាន​​​យន្ត​​​ហោះ បាន​​​និយាយ​​​ថា កែវកានឡាយ៉ា អាមផាវ៉ាន់​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​និង​​​៣០​​​នាទី​​​​​​​​​យប់​​​​​​ បន្ទាប់​​​ពី​​​ចុះ​​​ពី​​​ជើង​​​ហោះ​​​ហើរ​​​​​​ពី​​​កាតា​​​ដោយ​​​មិន​​​មាន​​​អីវ៉ាន់​​​ទេ ក្រៅ​​​តែ​​​ពី​​​​​​​​​ថង់​​​ផ្ទាស្ទិក​​​ពីរ​​​ដែល​​​មាន​​​សូកូឡា និង​​​គ្រឿង​​​ប៉ូវ​​​កម្លាំង។

លោក ហៃ បាន​​​ពន្យល់​​​ថា “នាង​​​ អាម​​​ផាវ៉ាន់​​​​​​​​​យួរ​​​​​​ថង់​​​ផ្លាស្ទិក​​​​​​ដែល​​​មាន​​​សូកូឡា​​​និង​​​ស្ករ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​មន្ត្រី​​​គយ​​​យើង​​​​​​សុំ​​​ឆែក​​​ឆេរ​​​​​​អីវ៉ាន់​​​ ហើយ​​​ក៏​​​រក​​​ឃើញ​​​​​​ប្រភេទ​​​សូកូឡា និង​​​ស្ករ​​​ អ៊ីចឹង​​​យើង​​​ក៏​​​​​​នាំ​​​នាង​​​​​​ចូល​​​ក្នុង​​​ការិយាល័យ​​​គយ​​​ដើម្បី​​​ធ្វើ​​​តេស្ត”។

លោក ហៃ បាន​​​និយាយ​​​បន្ត​​​ថា “​​​ថង់​​​ផ្លាស្ទិក​​​ពីរ​​​ដែល​​​នាង​​​យួរ​​​ គឺ​​​​​​មាន​​​លក្ខណៈ​​​សាមញ្ញ​​​​​​ដោយ​​​មាន​​​សូកូឡា​​​ច្រើន​​​ប្រភេទ។ នាង​​​មិន​​​លាក់​​​លៀម​​​ទេ។ យើង​​​បាន​​​​​​រក​​​ឃើញ​​​សូកូឡា​​​ទាំង​​​នោះ​​​គឺ​​​សុទ្ធ​​​តែ​​​​​​កូកាអ៊ីន ហើយ​​​ក៏​​​ចាប់​​​ខ្លួន​​​នាង​​​តែ​​​ម្តង និង​​​រឹប​​​អូស​​​កូកាអ៊ីន​​​ចំនួន​​​២.៥១៣​​​ក្រាម​​​”។​​​​​​​​​

មន្ត្រី​​​គយ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ​​​ការសង្ស័យ​​​របស់​​​អាជ្ញាធរ​​​គឺ​​​កាន់​​​តែ​​​ខ្លាំង ព្រោះ​​​ថា​​​ស្ត្រី​​​នេះ​​​ជា​​​ជន​​​ជាតិ​​​ថៃ ហើយ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ប្រទេស​​​បារ៉ែន​​​ទៅ​​​កាតា ហើយ​​​មក​​​កម្ពុជា​​​ដោយ​​​មាន​​​ថង់​​​ផ្លាស្ទិក​​​ពីរ​​​ប៉ុណ្ណោះ។​​​

លោក ខៀវ សាម៉ន ប្រធាន​​​មន្ទីរ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាង អាមផាវ៉ាន់​​​ ត្រូវ​​​បញ្ជូន​​​ទៅ​​​ឃុំ​​​នៅ​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ដែល​​​កំពុង​​​តែ​​​ស្វែង​​​រក​​​​​​មេខ្លោង​​​។​​​

លោក សាម៉ន បាន​​​សម្តែង​​​ការ​​​សោកស្តាយ​​​ថា មេខ្លោង​​​បាន​​​រត់​​​រួច ដោយ​​​បន្ទោស​​​លើ​​​សារព័ត៌មាន​​​​​​ដែល​​​សរសេរ​​​​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ឲ្យ​​​ដំណឹង​​​ដល់​​​ចៅហ្វាយ​​​នាង អាមផាវ៉ាន់​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​​​​

លោក សាម៉ន បាន​​​និយាយ​​​ថា “យើង​​​សោក​​​ស្តាយ​​​ណាស់​​​ដែល​​​​​​យើង​​​មិ​​​ន​​​អាច​​​ចាប់​​​ខ្លួន​​​មេខ្លោង​​​នាង​​​បាន ដែល​​​កំពុង​​​គេច​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ហើយ​​​ប៉ូលិស​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​កំពុង​​​ប្រឹង​​​ប្រែង​​​តាំង​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​តាម​​​រក​​​ដៃ​​​គូ​​​នាង”។​​​​​​

ប្រធាន​​​​​​មន្ទីរ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​អ្នកកាសែត​​​ធ្វើ​​​ឲ្យ​​​រឿង​​​បែក​​​​​​ បណ្តាល​​​ឲ្យ​​​មេខ្លោង​​​គ្រឿង​​​ញៀន​​​​​​ដឹង​​​ខ្លួន ហើយក៏​​​​​​ចាក​​​ចេញ ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ូលិស​​​យើង​​​ពិបាក​​​ធ្វើការ”៕

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.