ហ៊ុន សែន ​វាយ​បក​ខ្លាំង​ៗ​ទៅ​អ្នក​រិះ​គន់​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ

វាយ​បក​វិញ​ចំពោះ​ការ​រិះ​គន់​​នា​ពេល​ថ្មីៗ​នេះ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស ​ជុំ​វិញ​សុន្ទរ​ក​ថា​មួយ ​ដែល​លោក​បាន​​ថ្លែង​​នៅ​ឯ​សន្និ​សីទ​សារ​ព័ត៌​មាន​​បិទជំនួបកំពូលអាស៊ាន​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​​​បាន​មាន​ប្រ​សាសន៍​កាល​ពី​​ម្សិល​មិញ​ថា ​សិទ្ធិ​​សេរី​ភាពរបស់លោក​ក្នុងការ​បញ្ចេញ​មតិ​ត្រូវ​​បាន​ដាក់​កម្រិត។

កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​មួយ ​ក្រោយ​ពី​បិទ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ដោយ​​នៅពេល​នោះ ​លោក​​បាន​ចំណាយ​​ពេល​សម្រាប់​​​​ឆ្លើយ​សំណួរ​​ ​ជា​ច្រើន ដើម្បីកោត​​​សរសើរ​ចំពោះ​ការ​ផ្តល់​ជំនួយ​ “ ឥតចំណង” របស់​ប្រ​ទេស​ចិន ហើយងាក​មក​​រិះ​គន់​ខ្លាំង​ៗចំពោះ​គណ​បក្ស​​ប្រឆាំង និងការ​សន្និដ្ឋាន​របស់​អ្នក​វិ​ភាគ​ឯក​រាជ្យ​ក្នុង​ស្រុក​ម្នាក់​​។

យ៉ាង​ហោច​ណាស់ ​​អត្ថ​បទ​ចំនួន​បួន ​ដែល​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ ​ដោយ​នៅ​ក្នុង​នោះ​ក្រុម​អ្នក​កា​សែត​​បាន​ចោទ​សួរ​​ អំពីភាពត្រឹមត្រូវ​​​​នៃ​​សុន្ទរ​កថា​​បែប​​នេះ។

ថ្លែង​នៅ​ឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦៨​ លោក​ ហ៊ុន ​សែន​ ​​បាន​មាន​ប្រ​សាសន៍​ថា ​លោក​​កាន់​តែ​បាត់​បង់​ការ​អត់​ធ្មត់​ខ្លាំង​ឡើងៗ​​ចំពោះ​ការ​រិះ​គន់​បែប​នេះ ​ហើយ​ថា ​លោក​​បាន​​​ចេញ​មុខ​បក​ស្រាយសំណួរ​ដែ​ល​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ចោទ​សួរ​លោក។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​មាន​ការ​អត់​ធ្មត់​ ហើយបាន​រង់​ចាំ​រហូតដល់ចប់​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន ​​ពេល​នោះ​ខ្ញុំ​នឹង​ឆ្លើយ​តប។ពួក​គេ​​​បាន​និយាយ​ថាអាស៊ាន​មិន​​មែន​​ជា​កន្លែង​សម្រាប់​រិះ​គន់​គ្នា​នោះ​ឡើយ ​ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​និយាយ​ក្នុង​​ឋាន:​ជា​នាយក​រដ្ឋ​មន្ត្រី​ ពួក​គេ​​បាន​ដាក់​កម្រិត​សេរី​ភាព​​បញ្ចេញ​​មតិ​របស់​ខ្ញុំ។​ ហើយ​ក្នុង​ឋាន:ខ្ញុំ​ជា​​ប្រ​ធាន​អាស៊ាន​ សេរី​ភាព​​បញ្ចេញ​មតិ​របស់​ខ្ញុំ​ក៏​គេដាក់​កម្រិត​ដែរ​”។

លោក​បាន​មាន​​ប្រ​សាសន៍​​ទៀតថា “ អ្នក​ឯង​និយាយ​ពី​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ​តែនៅ​ពេល​​​ខ្ញុំ​ឆ្លើប​តប​ទៅ​អ្នក​ឯង​ អ្នកឯង​តែង​តែ​និយាយ [រិះគន់] ​​​​​​​បែប​នេះ”។

ក្នុងចំណោមអត្ថបទទាំងនោះ ​​អត្ថ​​បទ​​ចុះ​ផ្សាយ​​​តាម​​កាសែត​ វ៉លស្ទ្រីតជឺណល (The WallStreet Journal) និង កាសែតហ្សាការតាគ្លូប (Jakarta Globe) ​បានឲ្យដឹងថា​​ អ្នក​យក​ព័ត៌​មាន​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ប្រ​សាសន៍​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី។ ​ទោះ​ជា​យ៉ាង​ណា​ អ្នក​វិ​ភាគ​ក្នុង​ស្រុក​​​​មានចិត្ត​បើក​ទូ​​លាយ​ជាង ​នេះ ដោយ​ឆ្លុះ​បញ្ចាំង​ពី​​ប្រ​សិទ្ធ​ភាព​នៃវិធីបែ​ប​នេះ។

លោក មឿន ឈាន​ណារិទ្ធ ​​​គ្រូ​បណ្តុះ​បណ្តាល​​ផ្នែក​សារ​ព័ត៌​មាន​​ បាន​​មាន​ប្រសា​សន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា “ ខ្ញុំ​គិត​ថា វា​ជា​សិទ្ធិ​របស់​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​និយាយ​អ្វី​មួយ​ និង​ជាសិទ្ធ​្ិរបស់លោក​ក្នុង​ការ​រិះគន់នរណា​​ម្នាក់​។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ យើង​ព្យាយាម​​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​ការ​បើក​ទូលាយ”។

លោក​បាន​មាន​ប្រ​សាសន៍​ទៀតថា ការ​រិះ​គន់​បែប​នេះ គឺជាការ​រិះគន់គ្នាទៅវិញទៅ​មក ដែល​​សា​ធា​រ​ណ​ជន​​ក៏​អាច​រិះ​គន់​រដ្ឋា​ភិបាល​បាន​ដែរ។ លោក​ក៏​បាន​មាន​ប្រ​សាសន៍​ដែរ​ថា លោក​មិនគិតថា វេទិកា​នេះ​គឺ​ជា “ កន្លែង​​មិនសម​រម្យ​​សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ ឬ​ក៏រិះ​គន់​នោះ​ទេ”។

ថ្លែង​អំពី​ស្ថាន​​ភាព​នេះ​កាល​ពី​ម្សិល​មិញ​ លោក​ ហ៊ុន  សែន ​​ បាន​មាន​ប្រ​សាសន៍​ថា ​លោក​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ប្រតិ​កម្ម​របស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ។ លោក​ ហ៊ុន​ សែន ​បាន​បន្ត​ថា “ វា​ពិ​ត​ជា​គួរ​ឲ្យ​អស់​សំណើច​ពេក​​ហើយ។​ ពួកគេ​ចាត់​ទុក​ខ្ញុំ​ជា​កូន​ក្មេង”៕

(រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែ​សម្រួល​ដោយ តែមសុខុម

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.