អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ចូលរួម​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន

អង្គការ​សង្គមស៊ីវិល​ជាង​១០០បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍រួម​កាល​ពី​ម្សិលមិញថា បណ្តាប្រទេសសមា​ជិក​​អាស៊ាន​​ត្រូវតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​​នូវ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​ ហើយអនុ​ញ្ញាត​ឲ្យ​អង្គ​ការ​​សិទ្ធិមនុស្ស​ផ្តល់​​យោបល់​អំពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះផង។

រយៈពេល​ជិតមួយឆ្នាំមកហើយ គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​បាន​និង​កំពុង​ព្រាង​សេចក្តី​ប្រកាស​នេះ ដែល​​ត្រូវ​​បាន​រិះគន់​ចំពោះ​កង្វះការ​ចូលរួម​ពីសំណាក់អង្គការ​​ក្រៅ​រដ្ឋាភិបាល។

អង្គការ​សង្គមស៊ីវិលមកពីប្រទេស​ជា​សមាជិកអាស៊ានតែបួនប៉ុណ្ណោះ​ ដូចជា​ឥណ្ឌូ​ណេ​ស៊ីម៉ាឡេស៊ីហ្វីលីពីននិង​ថៃ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួមពិគ្រោះ​យោបល់​​អំពី​សេចក្តី​ព្រាងនេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍នេះ អង្គ​ការ​​សង្គមស៊ីវិលក្នុង​តំបន់​ចំនួន​១២៨ រួម​ទាំង​អង្គការ​សិទ្ធិមនុស្សនៅ​​កម្ពុជាដូចជា លីកាដូអាដ​ហុក និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បាន​សម្តែង​ “ ការ​ព្រួយ​បារម្ភ និង​​ការ​ខកចិត្តយ៉ាងខ្លាំងអំពី​ភាព​សម្ងាត់​​ដែល​ចេះ

តែ​បន្តកើតមាន​នៅក្នុង​ដំណើរ​​ការ​ព្រាង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ានហៅ​កាត់​ថា AHRDនេះ”។

លោកស្រីពង្សឈីវហ្គិចនាយិកា​និង​​ជា​ស្ថាបនិក​អង្គការ​លីកាដូ បាន​មាន​ប្រសា​សន៍​ថា “ សេចក្តីប្រកាសស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​មាន​ប្រយោជន៍​​ខ្ពស់​ ​ប្រសិន​បើ​មាន​ការ​ចូលរួម​​ព្រាង​ត្រឹមត្រូវ​ពី​សំណាក់​​ប្រទេស​ជា​សមាជិកអាស៊ាន​ទាំងអស់​​ សង្គមស៊ីវិល​ និង​គ្រប់​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់ជាតិ។ ដោយ​សារ​​ប្រទេស​​សមាជិក​អាស៊ានទាំង១០មាន​ស្ថាន​​ភាព​នយោបាយ​ខុសៗគ្នា ដោយក្នុង​ប្រទេស​​មួយ​ចំនួន​ សេរីភាព​នៃការ​និយាយ​ស្តីឬ​ការ​ប្រឆាំង​ផ្នែក​នយោបាយ​ មិន​ត្រូវ​បាន​​​អនុញ្ញាត​នោះ… គេមិន​រំពឹងថាសេចក្តី​ប្រកាស​​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាននេះ​​មាន​​តុល្យភាព​និង​ប្រសិទ្ធ​ភាព​ឡើយ”។

លោកស្រីពង្សឈីវហ្គិចបាន​បន្ថែម​ថា​ គ្រោះថ្នាក់​ដែលអាច​កើតមាន​មួយ​ទៀត​​នៃ​ដំណើរការ​ព្រាង​បច្ចុប្បន្ននេះ​គឺថា ប្រទេស​នានា​អាច​ប្រើ​គំនិត​មិន​ច្បាស់​លាស់ ​ដូចជា​តម្លៃជាក់​លាក់​ណាមួយ​របស់​អាស៊ាន ដើម្បី​យក​មក​ធ្វើ​ជាហេតុ​ផល​ចំពោះ​ការ​បដិសេធ​សិទ្ធិមនុស្ស​ជា​មូល​ដ្ឋាន​។​

លោកស្រី​បាន​មាន​ប្រសាសន៍ថា “ តម្លៃ​របស់​អាស៊ាន​គឺជា​វិធីដ៏ពេញនិយម​មួយ​ ដើម្បី​​គេចវេះ​ពី​​តម្លាភាព ការ​បែងចែក​អំណាចនិង​​ភាព​ឯករាជ្យនៃ​ប្រព័ន្ធយុត្តិធម៌។ សិទ្ធិ​មនុស្ស​គឺ​ជា​ទស្សន​សាកល​ដ៏​សំខាន់​មួយហើយ​លក្ខណៈ​ពិសេសនៃ​វប្បធម៌មិន​អាច​ធ្វើឲ្យសិទ្ធិ​មនុស្ស​មាន​គុណវិបត្តិបាន​ឡើយ”។

អង្គការ​ទាំងនេះ​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​ផ្សព្វផ្សាយសេចក្តី​ព្រាងនេះ​ជា​សាធារណៈ​ជា​បន្ទាន់​ ហើយ​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិល​និង​អង្គការ​សិទ្ធិមនុស្ស​នានា​​ចូលរួម​ក្នុង​ដំណើរ​ការ​ព្រាង​នេះ។

សេចក្តីថ្លែងការ​ណ៍នេះ​លើក​ឡើងថា ​សេចក្តីព្រាង​ចុងក្រោយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​គ្រោង​នឹង​ដាក់​​ជូន​​នៅឯ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​អាស៊ាន​ក្នុង​រាជ​ធានី​ភ្នំពេញនៅ​ខែ​​កក្កដា ហើយ​ប្រសិន​​បើ​​អង្គការ​​សង្គមស៊ីវិលគ្មាន​ឱកាស​​ចូលរួម​ពិគ្រោះ​យោបល់​នៅពេលនោះទេការ​ដាក់​ជូន​សេចក្តី​​ព្រាង​នេះគួរ​តែ​ពន្យារ​ពេល។

លោកផៃស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បង្វែរ​សំណួរ​អំពី​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ទៅ​លោក ឱម យ៉ិនទៀង​ ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្សរបស់​រដ្ឋា​ភិបាល។ លោកឱមយ៉ិនទៀង​ មិន​អាច​ទាក់​ទង​​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

   ប្រែសម្រួល​ដោយ សោមសារុន​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.