អ្នកភូមិ​​​សហគមន៍​បុរីកីឡា​​​បាន​​​រុញ​​​ច្រាន​​​នគរបាល​​​ឲ្យ​​​ដក​​​ថយ

អ្នកភូមិ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​សហគមន៍​បុរី​កីឡា​​​ បាន​​​រុញ​​​ច្រាន​​​នគរបាលខណ្ឌ​​​ និង​​​នគរ​បាល​​​​រាជធានី​​​ភ្នំពេញ​​​ប្រមាណ​​​ជា​​​១០០​​​នាក់ ​​​ដែល​​​បាន​​​គំរាម​​​បំផ្លាញ​​​ចោលជម្រក​​​បណ្ដោះ​អាសន្ន​​​របស់​​​ពួកគាត់​​​ទាំង​​​១៦​​​គ្រួសារ ​​​ដែល​​​តវ៉ាមិន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្លួន។

អ្នកស្រី ឆាយ គឹមហន បាន​​​និយាយ​​​ថានគរបាល​​​ខណ្ឌ​​​ប្រាំពីរមករា បំពាក់​​​ដោយ​​​ខែល​​​ការពារ កង​​​រាជ​​​អា​​​វុធ​​​ហត្ថ និងតំណាង​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច ​​​ប្រដាប់ដោយពូថៅ​ និង​​​ញញួរ បាន​​​នាំគ្នា​​​ដើរសំដៅ​​​ទៅ​​​សហគមន៍​​បុរីកីឡា​​​​ និង​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​ភូមិ​​​រុះរើ​​​ខ្ទម​របស់ខ្លួន ​​​បើ​​​មិនដូច្នោះ​​​ទេ​​​ នឹង​​​ត្រូវ​​​នគរបាល​​​កម្ទេចចោលតែម្ដង។

អ្នក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ ពួកសន្តិសុខ​​​ និង​​​នគរ​បាល​​​ប្រដាប់ដោយ​​​ខែល​​​ ញញួរ និង​​​ពូ​​​ថៅបាន​​​ព្យាយាម​​​វាយ​​​កម្ទេចខ្ទមរបស់​​​ពួកយើង”។អ្នកស្រី​​​បាន​​​បន្ថែម​​​ថា បន្ទាប់ពី​​​មាន​​​ការ​​​រុញ​​​ច្រាន​​​គ្នា​​​នោះ​​​មក​​​ នគរបាល​​​ក៏​​​បាន​​​ដក​​​ថយ​ចេញ​​​ពី​​​សហគមន៍។ ​​​គ្មាន​​​នរណា​​​ម្នាក់​​​ បានរង​​​របួសទេ។អ្នកស្រីអះអាងថា “ នគរបាល​​​បាន​​​បរាជ័យ ហើយពួក​​​យើង​​​នឹង​​​នៅ​​​ទីនេះ​​​រហូត​​​ដល់​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​សមរម្យ​​​មួយ​​​សម្រាប់​​​ពួកយើង”។

អ្នកភូមិទាំង​​​នោះ គឺ​​​ស្ថិតក្នុងចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​១២០​​​គ្រួសារ​​​ ដែល​​​ត្រូវបាន​​​បណ្ដេញ​ឲ្យ​​​ចេញពីបុរីកីឡា ដោយហិង្សា​​​កាល​​​ពី​​​ថ្ងៃ​ទី៣ ខែ​​​មករា ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច។

ខណៈពេល​​​ដែល​​​គ្រួសារ​​​ជា​​​ច្រើន​​​ស្ទាក់​​​ស្ទើរ​​​មិន​​​ព្រម​​ទៅរស់​​​នៅ​​​ក្នុង​​​ទីតាំង​ថ្មីទាំង​​​ពីរ​​​នោះ ប្រជាពល​​​រដ្ឋ​​​១៦​​​គ្រួសារ​​នេះ ​បាន​​​ទាម​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច​​​សាងសង់​​អគារ​ទី១០​​​ សម្រាប់​​សងអ្នក ភូមិស្របតាម​កិច្ច​សន្យា។ ​តែមកដល់​​​ថ្ងៃ​​​នេះ មានប្រាំបី​​​អគារ​ប៉ុណ្ណោះបាន​​​សាងសង់​​​រួច​​​រាល់​​។

លោក លឹម សុភា អភិបាល​​​រង​​​ខណ្ឌ​​​ប្រាំពីរ​មករា ដែល​​​បាន​​​ដឹក​​​នាំ​​​នគរបាល​​​ទៅ​​​បំផ្លាញ​​​ខ្ទមទាំងនោះ បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា នគរបាល​​​គ្រាន់តែ​​​ធ្វើតាម​​​បញ្ជា​​​ពី​​​ថ្នាក់លើ​​​ប៉ុណ្ណោះ។ លោកបាន​​​ប្រាប់​​​អ្នកភូមិបន្ថែម​​​ថា “ យើង​​​ធ្វើតាម​​​បទ​​​បញ្ជា​​​តាម​​​ទូរស័ព្ទ​​​ពីរដ្ឋបាលទេ​​​ពី​​​ព្រោះខ្ទមទាំង​​​នេះ ធ្វើឲ្យ​​​បាត់​​​សណ្ដាប់ធ្នាប់​​​ និង​​​ប៉ះពាល់ដល់​​​បរិស្ថានសង្គម”។

លោក សៀ ភារម្យ នាយក​​​លេខា​​​ធិការ​ដ្ឋានក្រុម​​​ការ​​​ងារ​​​ពិសេស​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន បាន​​​​ថ្លែង​ថា​​​ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​អាជ្ញាធរ​​​និង​​​អ្នក​​​​ភូមិ

នេះ ​​​គឺ​​​ជាការ​​​ឆ្លុះ​​​បញ្ចាំង​​​អំពីការ​​​អស​មត្ថភាព​​​​របស់​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជម្លោះ​​​ដី​​​ធ្លី៕

ប្រែ​សម្រួល​ដោយ  ហម​ សុផាណ្ណា

                 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.