អ្នក​ផ្ញើ​កញ្ចប់​ថ្នាំ​ញៀន​ហេរ៉ូអីុ​ន​​​ ចេញ​ពី​កម្ពុជា ទៅអូស្ត្រាលី​ នៅ​​​ជា​រឿងអាថ៌កំបាំង​នៅ​ឡើយ

មាន​ភាព​អាថ៌កំបាំង​​​ជុំវិញ​​អត្ត​សញ្ញាណ​​​របស់​បុរសជនជាតិខ្មែរម្នាក់​ ដែល​បាន​​​​ផ្ញើ​កញ្ចប់​​​មួយ​ចំនួន​​​​​​មានទម្ងន់​​សរុបប្រហែល​៨៤​គីឡូក្រាម​ ចេញពី​រាជ​ធានី​ភ្នំ​ពេញ​ទៅ​កាន់​​ប្រទេសអូស្ត្រាលី ​​ហើយ​កញ្ចប់​​ទាំង​នោះ​​ត្រូវ​គេ​ជឿ​ថា ​ជា​​​ផ្នែកមួយ​នៃ​​ថ្នាំ​ញៀនហេរ៉ូ​អីុន​​​មួយ​ចំនួន​ធំ​ ​ដែល​ត្រូវ​បាន​នគរ​បាល​ ​និង​ភ្នាក់ងារគយ​អូស្ត្រាលីរក​ឃើញ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​​ទៅ​នេះ។

បុរសពីរ​នាក់​ឈ្មោះ សុខ សម្បត្តិ ​​អាយុ​​៣២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ  ​កែវ  ​ឆដាភា ​អាយុ​​៣៨​ឆ្នាំ ​ត្រូវ​​បាន​តុលាការចោទ​ប្រ​កាន់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​ម៉ែលប៊ើន​ ចំពោះ​ការ​ជា​ប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ទាក់​ទិន​​នឹង​ថ្នាំ​ញៀន​ហេរ៉ូអីុនផ្ញើ​តាម​យន្តហោះ ចេញ​​ពី​ប្រទេសកម្ពុជា​នេះ។ បុរស​ទាំង​ពីរ​នេះ​ត្រូ​វ​បាន​ចាប់​ខ្លួន​​ក្រោយ​ការ​ពិនិត្យ​កញ្ចប់ដ៏​គួរ​ឲ្យ​សង្ស័យ​​ចំនួន​ពីរ​ នៅ​ឯ​​ប៉ុស្តិ៍​ប្រៃ​សណីយ៍​មួយ​​ក្នុង​ប្រទេស​អូស្ត្រាលី ដែលបានផ្ញើ​ចេញពី​ប្រទេសកម្ពុជា ​រហូតបាន​ឈាន​ទៅ​ដល់​កា​រ​លប​ឆ្មក់​ចូល​​ផ្ទះ​ចំនួន​ពីរ​​កន្លែង ​ស្ថិតក្នុង​ក្រុង​ម៉ែលប៊ើន និង​ទីក្រុង​ស៊ីដនី។ ​សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​ដ៏គួរ​​ឲ្យ​សង្ស័យ​នេះ​មាន​ទម្ងន់សរុប​​ចំនួន​​៦៥គីឡូក្រាម។​​

វិក្កយបត្រ​របស់បុ៉ស្ដិ៍ប្រៃ​សណីយ៍​កម្ពុជា ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បង្ហាញ​ថា ​​កញ្ចប់​ចំនួន​ប្រាំ​ ដែល​ក្នុង​កញ្ចប់​នីមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​១៥គីឡូក្រាម​ ទៅ​១៨​គីឡូក្រាម​​នោះ ​ត្រូ​វ​បាន​ផ្ញើ​ចេញ កាល​ពីថ្ងៃ​ទី​២៩​ ខែ​មីនា ​ទៅ​កាន់​ផ្ទះ​ពីរ​កន្លែង ស្ថិតក្នុង​តំបន់​ស្ព្រីងវ៉េល(Springvale) និង​តំបន់​ឃីបូរ៉ូហ្វ ​​​(Keyborough) ដែល​ជា​តំបន់​ជាយ​ក្រុង​ម៉ែល​ប៊ើន ​​​ជា​ផ្ទះ​ដែល​នគរ​បាល​អូស្ត្រាលី​​បាន​លប​ឆ្មក់​ចូល។

ស្មៀន​ម្នាក់​នៅ​ប៉ុស្តិ៍ប្រៃសណីយ៍​កម្ពុជា​បាន​បញ្ជាក់​ កាល​ពី​ថ្ងៃ​អង្គារថា ​​ផ្អែកលើ​រូប​​ថតកញ្ចប់មានលាក់​សារធាតុ​ញៀន​ ដែល​ត្រូវ​បាន​ដក​ហូត ​​​ផ្តល់​ដោយ​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី កញ្ចប់​ដែល​​សមត្ថ​កិច្ច​បាន​​ដក​ហូត​ទាំង​នោះ ​បាន​​ផ្ញើ​ចេញ​ពី​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៩​ខែមីនា​ ​​។ យោង​តាម​ឯក​សារប្រៃសណីយ៍​​​បាន​ឲ្យ​ដឹងថា អ្នក​ផ្ញើ​កញ្ចប់​ទាំង​​នេះ​មាន​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​​មាន​អាសយដ្ឋាននៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ១​ ខណ្ឌទួលគោក​​ រាជ​​ធានី​ភ្នំពេញ។

ទោះ​ជា​យ៉ាង​ណា ការ​ស៊ើប​របស់អ្នក​យក​ព័ត៌​​មាន ​​​បាន​រក​ឃើញ​ថា ​​គ្មាន​​​មនុស្ស​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​រស់​នៅក្នុងអាសយដ្ឋាន​នេះ​​ទេ ​​ហើយ​លេខ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ញើ​នៅ​ក្នុង​វិក្កយបត្រ​ប្រៃ​សណីយ៍​ផង​នោះ ​មិន​អាច​ទាក់​​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ និង​កាល​ពី​ម្សិល​មិញ។

អាសយដ្ឋាន​​នៅ​លើ​វិក្កយបត្រ​នោះ​ គឺ​ធ្លាប់​ជា​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​ ដែល​​ម្ចាស់​​ផ្ទះ​​ បាន​និយាយ​ថា ​​ខ្លួន​​បាន​រស់​នៅ​​​ក្នុង​ផ្ទះ​នេះ​​តាំង​ពី​ការដួលរលំរបប​​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩មក។

ម្ចាស់​ផ្ទះ​​នេះ​ឈ្មោះ ​ឡាយ សុវណ្ណ​មុនីរាជ​​បាន​និយាយថា ​លោកមិន​ធ្លាប់​ឮឈ្មោះ លី ប៊ុណ្ណារិទ្ធ ​ពីមុន​មក​ទេ ហើយ​លោក​ក៏​មិន​​បាន​ផ្ញើ​របស់​អ្វី​ទៅ​ប្រទេស​អូស្ត្រាលី នោះ​ដែរ។​ លោកបាន​និយាយ​ថា “ អាសយដ្ឋាន​របស់ខ្ញុំ​​​មាន​​នៅ​ខាង​មុខ​ហាង​ស្រាប់ ដូច្នេះ​​នរ​ណា​មក​ក៏​​​​ឃើញ​អាសយដ្ឋាន​របស់​យើង​ដែរ​។ វា​ងាយស្រួល​សម្រាប់​ពួកគេ​ប្រើ​ណាស់”។

​ពេល​ទាក់​ទង​ កាល​ពី​ថ្ងៃអង្គារ ប្រធាន​ភូមិ​​ ដែល​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​តំបន់​នេះ ​បាន​​​បញ្ជាក់​​ថា ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​ពិ​ត​ជា​មាន​ផ្ទះនៅ​​ខាង​​ក្រោយ​អតីត​ហាង​លក់​​ទូរស័ព្ទ​នេះ​​មែន​​ មាន​ចម្ងាយ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មានទេ ។ ពេល​​សម្ភាស​កាល​ពីម្សិល​មិញ ​លោក លី ប៊ុណ្ណារិទ្ធ ​​បាន​និយាយថា លោក​ខ្លួន​ឯង​ក៏​មិន​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​ឈ្មោះ​របស់​លោក​មាន​ជាប់នៅ​លើ​វិក្កយបត្រ​កញ្ចប់ប្រៃសណីយ៍ដ៏គួរ​ឲ្យ​សង្ស័យ​​ទាំង​នោះ​ដែរ។

លោក លី ​ប៊ុណ្ណារិទ្ធ ​បាន​និយាយថា “ ខ្ញុំ​​មិន​ធ្លាប់​បាន​ផ្ញើ​អ្វី​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​ទេ។ ខ្ញុំ​មិន​មានស្គាល់​នរណា​ម្នាក់​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលីឡើយ”។​ លោក​និយាយ​ទៀតថា ​លោកធ្វើ​ជា​ភ្នាក់ងារលក់​ឲ្យ​ក្រុម​ហ៊ុន​មួយ​ ដែល​នាំ​ចូល​ឱ​សថ​ និង​ផលិត​ផល​សម្អាង​​ចូល​មក​ប្រទេស​កម្ពុជា។ក្រុម​ហ៊ុន​នេះ​​មាន​សា​ខា​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ​​វៀត​ណាម ស្រីលង្កា និង​ម៉ូរីស ប៉ុន្តែ​ពិត​ជា​​មិន​បាន​នាំ​ចេញ​អ្វី​ពី​ប្រទេស​កម្ពុជានោះទេ។

កាលពី​ថ្ងៃ​អង្គារ ​​មន្ត្រី​ប្រៃ​សណីយ៍​កម្ពុជា ​បាន​និយាយ​ថា ​រាល់អ្នកផ្ញើ​កញ្ចប់​តម្រូវ​ឲ្យ​បង្ហាញ​អត្ត​សញ្ញាណ។ កញ្ចប់រឹបអូស​បាន​ក្នុង​ប្រទេស​អូស្ត្រាលីទាំង​នោះ ​ពោរពេញ​ទៅ​ដោយ​ថ្នាំ​ញៀន​ហេរ៉ូអីុន។ ​កញ្ចប់​ទាំង​នោះ​មាន​ការតាក់តែងលម្អ​ ​មានទាំង​​​រូ​ប​មើម​យិន​ស៊ិន និងរូប​​សត្វ​ឥន្ទ្រី​ព្រមទាំងមាន​ទង់​ជាតិ​អាមេរិក នៅ​លើ​ស្លាប​របស់​វា​ផងដែរ​។

វិក្ក​យបត្រ​របស់​ប្រៃ​សណីយ៍​កម្ពុជា ​បាន​​​បញ្ជាក់​ថា កញ្ចប់​ផ្ញើ​ចេញ កាល​ពី​ថ្ងៃ​ទី​២៩​ខែមីនា​ ដោយ​ឈ្មោះ លី ប៊ុណ្ណារិទ្ធ ​ទាំង​នោះ​ថាជា​ “ តែ”  ប៉ុន្តែ​​នគរ​បាល និង​ភ្នាក់ងារ​គយ​​អូស្ត្រាលី ​បាន​លើក​ឡើង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា ​កញ្ចប់​ផ្ញើ​ពី​កម្ពុជាទាំង​នោះ​​ ត្រូវ​បាន​បិទស្លាក​ថា​ ជា​​ថ្នាំ​លាប​សក់។

លោក គៀត ច័ន្ទថា​រិទ្ធ ​អ្នក​នាំពាក្យ​នគរ​បាល​ជាតិ​កម្ពុជា ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ​នគរ​បាល​កំ​ពុង​​រង់​ចាំ​ព័ត៌​មាន​​​ផ្លូវ​ការ​ពី​ប្រទេសអូស្រ្តាលី ​ជុំវិញ​ករណី​នេះ មុន​ពេល​បើក​ការ​ស៊ើបអង្កេត៕​​​

ប្រែសម្រួល​ដោយ  តែម សុខុម

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.