អ្នក​ភូមិ​់​ត្រូវ​បាន​សាក​សួរ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​លោកលី​យ៉ុង​ផាត់

កាលពីម្សិលមិញ​ អ្នក​ភូមិ​ប្រមាណ​១៥០​គ្រួសារ​ដែល​ពាក់​ព័ន្ធនៅក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយ​ជាមួយ​សេដ្ឋី លី​ យ៉ុង​ ផាត់ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាននាំ​គា្នតវ៉ា​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ពេល​ដែល​អ្នក​ភូមិចំនួន​ប្រាំ​នាក់​កំពុង​ត្រូវ​បាន​សាកសួរ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត​់​បាន​កាន់កាប់ដី​របស់​សមាជិក​ព្រឹទ្ធសភារូបនេះ​ដោយខុស​ច្បាប់។

អ្នកភូមិ​មកពី​ ឃុំអម​លាំង​ស្រុក​ថ្ពងកំពុង​តែ​តវ៉ា​​ទាម​ទារ​សិទ្ធ​ិរស់​នៅ​លើដី​ទំហំ៩.០០០​ហិកតា​ ដែល​ត្រូវ​បាន​ផ្តល់​ជាដី​សម្បទានទៅ​ឲ្យ​ក្រុមហ៊ុនភ្នំ​ពេញ​ស្ក​រស​របស់​លោក ​លីយ៉ុង ផាត់ កាលពីខែកុម្ភៈឆ្នាំ២០១០។    លោក​ ផលវណ្ណៈអ្នក​តំណាង​ឲ្យ​អ្នក​ភូមិ​បាន​និយាយថា “​អ្នកភូមិ​របស់​យើង​បាន​រស់​នៅលើ​ដីនេះ​អស់​រយៈ​ពេល​១០ឆ្នាំ​មកហើយ​ហេតុ​អ្វី​បាន​ជា​គេ​ព្យាយាម​យក​ដី​អ្នកភូមិ​បែប​​នេះ​ទៅ​វិញ”?

លោកបានបន្តថា “ ក្រុមហ៊ុន​ជាច្រើន​ប្រើ​​ប្រព័ន្ធ​តុលាការ​ដើម្បីយក​ដី​អ្នកភូមិ។ខ្ញុំគិត​ថា​នេះ​ជាវិធី​គំរាម​កំហែង​អ្នកភូមិទោះ​បី​ជា​អ្នក​ភូមិមិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក៏ដោយ”។ លោករ័ត្នថាវីអ្នកឃ្លាំមើល​ប្រចំា​ខេត្ត​របស់​អង្គការ ​អាដហុក បាន​មាន​ប្រសាសន៍​ថា ការ​សាក​សួរ​នេះ​បណ្តាល​មកពី​ពាក្យ​បណ្តឹង​​របស់លោកសុខរេនប្រធាន​មណ្ឌល​សុខ​ភាព​​អន្លង់ជ្រៃនៅ​ក្នុង​ឃុំ​អមលាំង​​ ហើយលោកថាវីបាន​អះអាង​ថា​ ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​​ធ្វើជា​អ្នក​តំណាង​ឲ្យក្រុម​ហ៊ុន​របស់​លោក​ លី យ៉ុង ​ផាត់​។

លោកថាវីបានបន្តថា “ យើង​មិនដឹង​ថា​តើ​សាលា​ដំបូង​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​ឬ​ក៏​អត់ទេពីព្រោះ​ ព្រះរាជ​អាជ្ញា​រង​អមសា​លាដំបូងនេះ​មិន​បាន​ប្រាប់​​យើង​នោះទេ​”។ លោកចាន់សុវ៉េតអនុប្រធាន​ផ្នែក​​អង្កេត​​​របស់​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ អ្នកភូមិ​ទាំង​ប្រាំ​នាក់​នោះត្រូវបាន​ដោះ​លែងបន្ទាប់​ពី​ត្រូវ​បាន​សាក​សួររួច​ ប៉ុន្តែ “ ព្រះរាជ​អាជ្ញារូប​នេះ​បាន​ប្រាប់​ពួក​គាត់ថា ពួកគាត់គួរ​តែ​រុះរើ​ផ្ទះ​របស់​ពួកគាត់​​ចេញ​ពីដី​មាន​ជម្លោះ​នេះ”៕

ប្រែម្រួល​ដោយ  ស៊ា ស៊ុយ​ឈាង

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.