អ្នក​​សង្កេត​កា​រ​ណ៍​រិះគន់​​នីតិវិធី​​របស់ ​គ.ជ.ប​ ​រារាំង​លោក​ សម រង្ស៊ី

​យោង​តាម​អ្នក​សង្កេត​ការណ៍​នយោបាយ​​បាន​ឲ្យ​ដឹង​ថាគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​អនុម័ត​នីតិវិធី​មួយ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ដែល​​នឹង​រារាំង​ លោក សម រង្ស៊ីមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង អំឡុង​ពេលធ្វើ​​យុទ្ធនាការ។

លោក ទេព នីថា អគ្គ​លេខា​ធិការ​គណ​ៈ​កម្មា​​​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ស្ថា​ប័នបោះ​ឆ្នោត​នេះ មាន​ផែនការ​បង្កើត​នីតិវិធី​ថ្មី​មួយ ដែល​នឹង​រារាំង​​លោក សម​ រង្ស៊ី មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​។

លោក ទេព នីថា បាន​មាន​ប្រសាសន៍ថា“ជា​ទូទៅ​ ទណ្ឌិត​ដូចជាលោកសមរង្ស៊ីមិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ ឬឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ទេ​ ដូច្នេះ​យើង​កំពុង​តែ​ពិចារណា​ដើម្បី​ហាម​ប្រាម​ពួក​គេមិន​​ឲ្យ​ធ្វើ​យុទ្ធនាការ​។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា នីតិ​វិធី​នេះនឹង​ត្រូវ​បង្កើត​ឡើង​ត្រឹម​ឆ្នាំ​២០១៣​ ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណាង​​រាស្ត្រ​ក្នុង​ខែ​កក្កដា​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថាតាម​នីតិវិធី​ថ្មី​នេះ លោកសមរង្ស៊ីនឹង​មិនត្រូវ​​បាន​អនុញ្ញាតឲ្យ​ធ្វើ​វីដេអូ​ខន​ហ្វ្រេនពី​បរ​ទេស​ជាមួយ​នឹង​សមាជិក​គណបក្ស​របស់​លោក​នៅ​ទី​នេះ​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​​នេះ​ក្តី​ លោកទេពនីថាបាន​បដិសេធ​ថាការ​បង្កើត​នីតិវិធី​នេះ មិន​មាន​គោល​ដៅ​ចំពោះ​លោក​ សម​ រង្ស៊ីតែ​ម្នាក់​​នោះ​ទេ។

លោកសមរង្ស៊ីដែល​បាន​និង​កំពុង​តែ​រស់​នៅ​ក្នុង​ការ​និរទេស​ខ្លួន​នៅទី​ក្រុង​ប៉ារីសចាប់​តាំង​ពី​ចុង​ឆ្នាំ​២០០៩​មក​ ត្រូវ​បាន​សាលា​ដំបូង​ពីរ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​១២​ឆ្នាំ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សា​ធារណៈ​ដោយការ​ដក​បង្គោល​តម្រុយ​ព្រំដែន​​នៅ​តាម​​ព្រំដែន​ប្រទេស​វៀត​ណាម។

លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​ឯក​រាជ​្យបាន​មាន​ប្រសាសន៍​ថា  នីតិវិធី​នេះមាន​គោល​ដៅ​ចំពោះ​លោក សម រង្ស៊ី ពិត​ប្រាកដ​ ហើយ​ថា វា​ជា​ការ​រំលោភ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍ថា“នីតិវិធី​បែប​នេះ មិន​គួរ​ផ្តោត​លើ​បុគ្គល​ ឬ​គណបក្ស​ណាមួយ​នោះ​ទេ​។ វា​ជា​ការ​រើស​អើង​ផ្នែក​នយោ​បាយ​”។

លោក គល់ បញ្ញា ប្រធាន​ប្រតិបត្តិ​​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​យុត្តិធម៌នៅ​​កម្ពុជាបាន​មាន​ប្រសាសន៍​ថាវា​ច្បាស់​ណាស់​ថា  គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​ កំពុង​តែ​មាន​គោល​ដៅ​​លើ​ លោក សម​ រង្ស៊ី ហើយ​ថា នីតិវិធីនេះនឹង​ធ្វើ​ឲ្យ​​បាត់​បង់ជំនឿ​ទុក​ចិត្ត​លើ​​ស្ថាប័ន​បោះ​ឆ្នោត​នេះ​។

លោកបញ្ញាបាន​មាន​ប្រសាសន៍ថា“ការ​ធ្វើ​ដូច្នេះ​មិន​ជំរុញ​​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​ដោយ​សេរី ឬ​យុត្តិធម៌​ទេ។ វា​រារាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។ ពួកគេ​កំពុង​តែ​​រារាំងការ​បញ្ចេញ​មតិ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម​”។លោក​បាន​បន្ថែម​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ គួរ​តែ​ផ្តោត​លើការ​​កែ​​ទម្រង់​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​ ដូច​ជា​ការ​​មិន​ស្រប​​គ្នា​ក្នុង​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ឬ​ការ​បង្ហាញ​អំពី​ហិរញ្ញ​វត្ថុ​ពេល​ធ្វើ​យុទ្ធនាការ​។

ទោះ​ជា​យ៉ាង​ណាលោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​មានប្រសា​សន៍ថា លោក​គាំ​ទ្រ​នីតិវិធី​ថ្មី​របស់​គណៈ​​កម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​ ។

លោក​ ផៃ ស៊ី​ផាន បាន​មាន​ប្រសាសន៍ថា “វា​​អាស្រ័យ​លើ​ច្បាប់​។ ប្រសិន​បើ​អ្នក​មាន​ទោស​ជាប់​ពន្ធនាគារ​ អ្នក​នឹង​ត្រូវ​បាត់​បង់សិទ្ធិ​​បោះ​ឆ្នោតហើយ”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.