​ព្យួរ​ការ​ងារ​មន្ត្រី​នគរ​បាល​ទី​២ម្នាក់​ទៀត​ពាក់​ព័ន្ធ​អំពើ​​ពុក​រលួយ​ក្នុង​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី

នគរ​បាល​បាន​និយាយ​ កាល​ពី​ម្សិល​មិញ​ថាមន្ត្រី​នគរ​បាល​ទី​២​មួយ​រូប​ទៀតនៅក្នុង​ខេត្ត​រតនគិរី​ ត្រូវ​បាន​ព្យួរ​ការងារ​ ដោយ​សារ​ការ​សង្ស័យ​ថា គាត់​បា​នទារ​ប្រាក់​ពី​អ្នក​ភូមិ​ ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​អ្្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី នៅ​ក្នុង​​កម្ម​វិធី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន។

កាល​ពី​ថ្ងៃ​អាទិត្យលោកឡុងអីុមនាយ​រង​​​​ប៉ុស្តិ៍នគរ​បាល ​ឃំុសោម​ធំស្រុក​អូរ​យ៉ាដាវត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ​ បន្ទាប់​ពី​ជន​ជាតិ​ភាគ​តិច​​ចារ៉ាយ​ចំនួន​១៥៧​គ្រួសារ​ដែល​កំពុង​រស់​នៅ​​ក្នុង​ព្រៃ​របស់​រដ្ឋបាន​ចោទ​ប្រកាន់​គាត់​ថា បាន​ជំរិត​ទារ​ប្រាក់​ពួក​គាត់​មួយគ្រួសារ​៥.០០០​រៀល ដើម្បី​ឲ្យ​​ពួក​គាត់​មាន​​ឈ្មោះ​នៅ​​​​ក្នុង​កម្ម​វិធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ។

លោក​ ម៉ា វិចិត្រ​ អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍ថា លោក​អភិបាល​ខេត្ត​ ប៉ាវហមផានបាន​ប្រាប់​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​ខេត្ត​ កាល​ពី​ម្សិលមិញ ឲ្យ​ធ្វើ​ការ​​សាក​សួរ​ ព្រម​ទាំង​ព្យួរ​ការងារ​លោក​នាយ​ប៉ុស្ដិ៍ កង​ សុវុទ្ធាផងដែរ​។

លោក ម៉ា វិចិត្រ​ បាន​មាន​ប្រសាសន៍​ថា“​យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​ករណី​នៅ​ក្នុង​ឃុំ​នេះ​ និង​សាក​សួរ​អ្នក​ភូមិ​ ដើម្បី​ស្វែង​រក​ការ​​​ពិត​ថាតើ​មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​នេះ​ពិត​ជា​បាន​ទារ​ប្រាក់​ពី​អ្នក​ភូមិ​មែន​ ឬអត់​”។លោក​បាន​បន្ដ​ថាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​ស៊ើប​អង្កេត​បន្ត​ ប្រសិនបើ​រឿង​នេះ​ជា​ការ​ពិត​មែន​នោះ។ លោកប៉ែនប៊ុណ្ណារ៍មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរីបាន​មាន​ប្រសាសន៍​ថាអាជ្ញា​ធរ​តែង​តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ នៅក្នុង​ករណី​នេះ​។ខេត្ត​រតនគិរី

គឺ​ជាខេត្តមួយ​សម្បូ​រ​ទៅដោយ​ជម្លោះ​ដីធ្លីហើយ​ជម្លោះ​មួយ​ចំនួន​ធំ​​កើត​មាន​ឡើង​រវាង​សហ​​​គមន៍​ជន​ជាតិ​ភាគតិច​ និង​ក្រុម​ហ៊ុន​មាន​អំណាច​។

លោក​បាន​មាន​ប្រសាសន៍​ថា“​ខ្ញុំ​គិត​ថាវា​ជាកលល្បិច​របស់​អាជ្ញា​ធរ​ខេត្ត​ ពី​ព្រោះ​មន្ត្រី​នានា​បាន​ប្រព្រឹត្ត​​បទ​ល្មើស​ធ្ងន់ធ្ងរ​​ជាង​នេះ​ទៅ​ទៀត​ ប៉ុន្ដែមិន​ដែល​មាន​ការ​ចាត់​​វិធាន     ការ​​​​ចំពោះ​ពួក​គេ​ឡើយ​”។  កម្មវិធី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​លោកហ៊ុនសែនបាន​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​១.១០០​នាក់​ទៅ​ទូទាំង​ប្រទេសដើម្បី​​វាស់​វែង​ដីធ្លីឲ្យអ្នក​ភូមិ​ដែល​រស់​នៅក្នុង​តំបន់​សម្បទាន​សេដ្ឋកិច្ចឬ​ដី​ព្រៃ​របស់​រដ្ឋ​។

លោកចាន់សុវ៉េតអនុប្រធាន​ផ្នែក​សើុប​អង្កេត​របស់​អង្គការ​អាដហុកបាន​ថ្លែងថាលោក​​បាន​ទទួល​​ព័ត៌មាន​ ក្រោយ​ពី​មាន​​​ការ​ស៊ើប​​​​អង្កេត​បឋម​ថាអាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រចេះព្រះ​​​សីហនុនិង​ខេត្ត​កំពង់​ចាម​ បាន​សុំប្រាក់​ពី​អ្នក​ភូមិ​ ដើម្បី​​ត្រៀម​អាហារ​សម្រាប់​និស្សិត​ទាំង​នោះ។

លោក​ថ្លែងថា“​ ខ្ញុំ​គិត​ថាអាជ្ញាធរ​មូល​​​ដ្ឋាន​​​​ទំនង​ជា​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​​ចេញ​ថ្លៃ​ម្ហូប​អាហារ ​ខណៈ​ពេលមាន​​​​ជម្លោះ​ ដី​ធ្លីដើម្បី​ឲ្យ​ក្រុម​និស្សិត​ទាំង​នេះ​អាច​ជួយ​​វាស់​វែង​ដីដែល​ពួក​គាត់​ចង់​បាន​​​ហើយ​​​មើល​​​ទៅ​”។លោក​បាន​បន្ថែម​ថាការស៊ើប​អង្កេត​ពី​ករណី​ទាំង​នោះ​កំពុង​តែ​ដំណើរការ​៕

ប្រែសម្រួល​ដោយតែមសុខុម

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.